Ad Code

រក​ឃើញ​អ្នក​ខ្លាំង​ពីរ​រូប​ទៀត ក្នុងការ​ប្រកួត​ជម្រុះ​ជើងឯក​TV5 Knock Out Series ទម្ងន់​៦០​គ​.​ក្រ​



អ្នក​ប្រដាល់​សម ភក្តី ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ផង់ សា​ម៉ា​ឡេ ក្លិប​នាគរាជ​មានជ័យ​ដោយ​ពិន្ទុ ក្នុងការ​ប្រកួត​ជម្រុះ​សប្តាហ៍​ទី​៧ នៃ​ការប្រកួត​ដណ្តើម​កំពូល​ជើងឯក​TV5 Knock Out Series ទម្ងន់​៦០​គីឡូក្រាម កាលពី​យប់​ថ្ងៃ​សៅរ៍​ទី​២១ ​ខែ​កក្កដា ​ឆ្នាំ​២០១៨ នៅ​សង្វៀន TV5 ព្រែកកំពឹស។

ផង់ សា​ម៉ា​ឡេ គេ​ចាញ់​សម ភក្តី ដាច់​តែម្តង​ក្នុងការ​ប្រកួត​បី​ទឹក​នោះ ដោយសារតែ​គេ​វាយ​ចេញ​ខុស​គោលដៅ​ច្រើនពេក ហើយ​មួយទៀត​សា​ម៉ា​ឡេ​រាង​ចាញ់​កម្លាំង​កាយសម្បទា​ស​ម ភក្តី​ថែមទៀត ។ ដូច្នេះ ផង់ សា​ម៉ា​ឡេ គេ​ត្រូវ​ជ្រុះ​ធ្លាក់​ចេញពី​ការប្រកួត​ដណ្តើម​កំពូល​ជើងឯក TV5 Knock Out Series ទម្ងន់​៦០​គ​.​ក្រ​ត្រឹម​ដំណាក់កាល​ទី​១​នេះ ។​ឯ សម ភក្តី​គេ​ត្រូវ​នៅ​បន្ត​ការប្រកួត​ក្នុងដំណាក់កាល​ទី​២​ទៀត។​

ចំណែក ម៉ឺន មេ​ឃា អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា គេ​បាន​យកឈ្នះ​កុយ ចាន់តូ អ្នក​ប្រដាល់​ក្លិប​គី​សែ​មាន​រិ​ទ្ធ​ក្នុង​ទឹក​ទី​២ ក្នុងការ​ប្រកួត​ជម្រុះ​ដំណាក់កាល​ទី​១​នេះដែរ ។​ចាន់តូ ត្រូវ​ម៉ឺន មេ​ឃា ចាប់​អុក​ជង្គង់​ចូល​ចុងដង្ហើម បណ្តាល​ឲ្យ​សន្លប់​លើ​រេញ​។​ដូច្នេះ​ម៉ឺន​មេ​ឃា​គេ​នៅ​បន្ត​ការប្រកួត​នៅក្នុង​ដំណាក់កាល​ទី​២​បន្តទៀត ឯ​កុយ ចាន់តូ ត្រូវ​ជ្រុះ​ធ្លាក់​ត្រឹមនេះ។​

មកទល់ពេលនេះ​ក្នុងចំណោម​អ្នក​ប្រដាល់​៣២​រូប​ដែល​ចូល​ប្រកួត​វគ្គ​ជម្រុះ​ដំណាក់កាល​ទី​១ មាន​១៤​រូប​ហើយ ដែល​បាន​កក់​កៅអី​ដើម្បី​ប្រកួត​ជម្រុះ​នៅ​ជុំ​ទី​២ រួមមាន​គឺ ម៉ន ព្រហ្ម​ម៉ាញ ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក​, លាភ រដ្ឋា ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ​ខេត្តបន្ទាយមានជ័យ , សេក ចៅ​ជូត​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប​, កំពែង ខ្មៅ សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម , តាំង តាក់ ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ , វុត្ថា លាន់​លិញ ក្លិប​អង្គរ​ធំគុន​ខ្មែរ ,​ឈាន រស្មី ក្លិប​រាជសីហ៍​ខេត្តរតនគិរី , ឡុង រ៉ា​មី ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​,​ណា​ម ម៉ូ​រ៉ា​ក់ ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង , ពុទ្ធ សំបូរ ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ,​លិញ ភារ​ម្យ ក្លិប​ភារ​ម្យ​គុន​ខ្មែរ​, កូយ ឡាយ ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ,​សម ភក្តី ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក និង ម៉ឺន មេ​ឃា ក្លិប​អេ​ភូ​ថង​កីឡា ។ ហើយ​ជាមួយនេះ ក៏មាន​១៤​រូប​ដែរ ដែល​ខ្ទាត​ចេញពី​ការប្រកួត។

ចំពោះ​ការប្រកួត​ជា​មិត្តភាព​ជាមួយ​ថៃ អ្នក​ប្រដាល់​ពុ​យ វ​ណ្ណះ វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ Phich Ka ដោយ​ពិន្ទុ ។ ពុ​យ វ​ណ្ណះ គេ​ជា​ជើងឯក​TV5 Knosk Out Series by K.Cement ទម្ងន់​៦៥​គីឡូក្រាម។​
នេះ​ជា​លើក​ទី​៣​ហើយ ដែល​ពុ​យ វ​ណ្ណះ វាយ​ឈ្នះ​ថៃ​នោះ ។​អ្នក​ប្រដាល់​រូបនេះ គេ​ល្អ​ទាំង​កណ្តាប់ដៃ ជង្គង់ និង កែង ដែល​ធ្វើអោយ Phich Ka ដួល​ជា​ច្រើនដង​ថែមទៀត។​

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ សួរ ចាន់​រាជ អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ ប្រកួត​ចាញ់​អ្នក​ប្រដាល់​អ៊ុង កុសល ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ​ក្នុង​ទឹក​ទី​៣៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu