Ad Code

ស៊ី​ឈ្នួល​ដឹក​ក្របី​អោយ​គេ​ ត្រូវ​បាន​ក្របី​វ័ធ​ស្លាប់



ស្ទឹងត្រែង ៖ ​បុរស​ម្នាក់​ជា​អ្នក​ស៊ី​ឈ្នួល​ដឹក​ក្របី​អោយ​គេ ខណៈ​ដែល​កំពុង​ដឹកៗ​ ស្រាប់តែ​ក្របី​ឡើងក​មួយ​ក្បាល​នេះ ហាក់បីដូច​ជា​មាន​ភាព​កាច​សាហាវ​ណាស់​ បាន​ស្ទុះ​មក​វ័ធ​ទាំង​កំរោល​ធ្វើអោយ​បុរស​នោះ​ស្លាប់​ភ្លាម​តែម្តង។

ហេតុការណ៍​ក្របី​វ័ធ​ខាង​លើ​នេះ ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១៥​និង​១០​នាទី​ថ្ងៃទី​២៣ ​ខែ​០៧​ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​សា​ម៉ ឃុំ​សេកុង ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង។

លោក​ជឹម អេ​ន​អធិការ​ស្រុក​សៀម​ប៉ាង​បាន​អោយ​ដឹង​ថា ជនរងគ្រោះ​ត្រូវ​ក្របី​វ័ធ​ស្លាប់​មានឈ្មោះ​ផាន់ ធុ​យ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ រស់នៅ​ភូមិ ផា​បាំង ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង។

លោក​អធិការ​បន្ត​ថា ​នៅ​ថ្ងៃ​កើតហេតុ ​បុរស​ជា​ជនរងគ្រោះ​ខាងលើ ជា​អ្នក​ស៊ី​ឈ្នួល​ដឹក​ក្របី​អោយ​គេ​គ្រាន់​បាន​ប្រាក់កម្រៃ​តិចតួច​សម្រាប់ ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ តែ​ជា​អកុសល​ ត្រូវ​បាន​ក្របី​មួយ​ក្បាល​នេះ វ័ធ​ចំ​គល់​ថ្គាម​ខាងឆ្វេង និង​លើ​ចិញ្ចើម​ខាងស្តាំ​បណ្តាល​អោយ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​តែម្តង។

ក្រោយ​កើតហេតុ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយការណ៍​ឲ្យ​សមត្ថកិច្ច​ចុះ​មក​កន្លែង​កើតហេតុ ពិនិត្យ​ និង​ធ្វើ​កោសល្យវិច័យ​រក​មូលហេតុ ឃើញថា​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ក្របី​វ័ធ​ពិតប្រាកដ​មែន។

បច្ចុប្បន្ន ​សព​ជនរងគ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu