ការប្រកួតប្រដាល់នៅតាមសង្វៀនគ្រប់ប៉ុស្តិ៍ទូរទស្សន៍ ដែលតែងតែមាននៅរៀងរាល់ចុងសប្តាហ៍នោះ នឹងត្រូវផ្អាកប្រកួតដោយសារតែនៅចុងសប្តាហ៍នេះ គឺថ្ងៃទី២៨កក្កដានិងថ្ងៃ២៩កក្កដា គឺមុនមួយថ្ងៃ និងថ្ងៃបោះឆ្នោត។
កម្មវិធីប្រដាល់ក្នុងមួយសប្តាហ៍ មានមិនតិចជាង១១កម្មវិធីនោះទេ ។ដូចជានៅស្ថានីយទូរទស្សន៍បាយ័ន ដែលមានពីរសង្វៀននៅបឹងស្នោមួយកន្លងនិងនៅស្ទឹងមានជ័យមួយកន្លង មាន៣កម្មវិធីប្រកួត សង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍មាន៤កម្មវិធី សង្វៀនទូរទស្សន៍CTN-CNC មាន៣កម្មវិធី និងសង្វៀនTV5មាន១កម្មវិធី សរុបចំនួន១១កម្មវិធីប្រដាល់ ដែលទាក់ទាញទស្សនិកជនរាប់ពាន់នាក់ក្នុងមួយសប្តាហ៍ៗអោយទៅទស្សនា។
ប៉ុន្តែសម្រាប់ចុងសប្តាហ៍នេះ ដែលត្រូវនឹងថ្ងៃទី២៨-២៩កក្កដា នេះ គឺ ចំថ្ងៃត្រៀមបោះឆ្នោតថ្ងៃ ស ២៨ កក្កដាហើយថ្ងៃទី២៩កក្កដា គឺជាថ្ងៃបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ ជាថ្ងៃដែលប្រជាពលរដ្ឋគ្រប់ស្រទាប់ រួមទាំងមន្ត្រីរាជការគ្រប់ក្រសួងស្ថាប័នទូទាំងប្រទេស បំពេញកាតព្វកិច្ចទៅចូលរួមបោះឆ្នោតដោយមិនអាចអាក់ខានបាន នៅតាមភូមិ សង្កាត់ ឃុំ ស្រុក ក្រុងតាមបណ្តាខេត្ត រាជធានី។
រាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាសថា នៅក្នុងរយៈពេលពីរថ្ងៃ២៨និង២៩កក្កដាឆ្នាំ២០១៨នេះ មុនមួយថ្ងៃ និងថ្ងៃបោះឆ្នោតនោះ គឺហាមមិនអោយមានការលក់ដូរ និងផឹកគ្រឿងស្រវឹងនោះឡើយ ដើម្បីធ្វើយ៉ាងណាត្រៀមនិងទៅចូលរួមបោះឆ្នោត អោយបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសមេដឹកនាំប្រទេស ដើម្បីអភិវឌ្ឍនិងការរីកចម្រើនរបស់ប្រទេសជាតិ។ ដោយសារតែហេតុផលយ៉ាងនេះហើយ ទើបស្ថានីយទូរទស្សន៍និងម្ចាស់Sponsor ប្រចាំសង្វៀនប្រដាល់នីមួយៗត្រូវផ្អាកកម្មវិធីប្រកួតប្រដាល់នៅចុងសប្តាហ៍នេះ លើកលែងតែនៅសង្វៀនរបស់ទូរទស្សន៍បា័យន្ត គឺនៅរក្សាការប្រកួតពីរកម្មវិធី គឺនៅយប់ថ្ងៃសុក្រទី២៧កក្កដា និងរសៀលថ្ងៃសៅរ៍ទី២៨ ខែកក្កដា ហើយផ្អាកការប្រកួត១កម្មវិធី គឺនៅយប់ថ្ងៃអាទិត្យទី២៩កក្កដានោះ។
លោកឧត្តមសេនីយ៍ និន ភីរម្យ អគ្គលេខាធិការសហព័ន្ធកីឡាគុនខ្មែរ និងជាអ្នកទទួលខុសត្រូវបច្ចេកទេសប្រចាំនៅសង្វៀនបាយ័ន បាននិយាយប្រាប់អោយដឹងថា កម្មវិធីប្រដាល់នៅសង្វៀនបាយ័ននៅបន្តការប្រកួតពីរកម្មវិធី គឺក្នុងថ្ងៃសុក្រ១កម្មវិធី និងថ្ងៃសៅរិ៍១កម្មវិធី តែនៅថ្ងៃអាទិត្យ គឺផ្អាកការប្រកួត១កម្មវិធី។
លោក ពាណ សុធី អ្នកចាត់ចែងនៅសង្វៀនSEA-TV បានបញ្ជាក់ប្រាប់ឲ្យដឹងដែរថា ទូរទស្សន៍របស់លោក គឺផ្អាកកម្មវិធីប្រដាល់ដែលមាន៤កម្មវិធីនោះ ព្រោះចំថ្ងៃសៅរិ៍ជាថ្ងៃសនិងអាទិត្យជាថ្ងៃបោះឆ្នោតនោះ ដូច្នេះមិនអាចដំណើរការប្រកួតបានទេ គឺផ្អាកពេញមួយសប្តាហ៍តែម្តង ។
ចំណែកលោក សេង កដិកា អ្នកចាត់ការកម្មវិធីប្រដាល់នៅសង្វៀន TV5 លោកក៏បានប្រាប់កម្ពុជាថ្មីឲ្យដឹងដែរថា TV5ក៏ផ្អាកការប្រកួតប្រដាល់ដូចគេដែរគឺយប់ថ្ងៃសៅរិ៍ទី២៨កក្កដានោះ ។ ហើយបើតាមអ្នកដឹកនាំកម្មវិធីប្រដាល់ប្រចាំនៅសង្វៀនCTNនិងCNC វិញនោះ ក៏បានប្រកាសតាមកញ្ចក់ទូរទស្សន៍ក្នុងកម្មវិធីប្រដាល់ចុងសប្តាហ៍កន្លងមកថា នឹងផ្អាកការប្រកួតប្រដាល់នេះដែរ ។
ប្រភេទកីឡាប្រដាល់គុនខ្មែរ ដែលយើងនិយមហៅថា ប្រដាល់ក្បាច់បុរាណខ្មែរ ឬប្រដាល់សេរីៗនោះ បានធ្វើសកម្មភាពច្រើននិងជាប់លាប់រៀងរាល់ចុងសប្តាហ៍ ដែលធ្វើអោយមន្ត្រីបច្ចេកទេសក្នុងសហព័ន្ធប្រដាល់មួយនេះ មានការងារធ្វើនិងមានប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ មួយទៀត បានធ្វើអោយកីឡាករប្រដាល់រកចំណូលបានច្រើនតាមរយៈតម្លៃខ្លួននៃការឡើងប្រកួតម្តងៗ ទៅតាមកម្រិតសមត្ថភាពនិងកេរឈ្មោះរបស់គេ។
លោក ឧត្តមសេនីយតែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ធ្លាប់បានមានប្រសាសន៍ញឹកញាប់កន្លងមកថា តាមរយៈសកម្មភាពប្រដាល់នេះ បានកាត់បន្ថយច្រើនចំពោះយុវជនអោយងាកចេញពីការប្រព្រឹត្តអំពើអបាយមុខនានា ដែលសង្គមស្អប់ខ្ពើម មកចូលរួមហ្វឹកហាត់ប្រដាល់និងឡើងប្រកួត ដើម្បីទទួលបានប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាព៕
Source: Kampuchea Thmey Daily
0 Comments