Ad Code

បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​មួយ​ខ្សែ ប្រវែង​ជិត​២​គីឡូម៉ែត្រ នៅ​ឃុំ​ព្រែក​តា​នុង ស្រុក​កោះសូទិន



កំពង់ចាម​ ៖​ អភិបាលខេត្ត​កំពង់ចាម លោក គួច ចំរើន កាលពី​រសៀល​ថ្ងៃ​ចន្ទ ១១​កើត ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ បាន​អញ្ជើញ​បើក​ការដ្ឋាន​ធ្វើ​ផ្លូវ​បេតុង​មួយ​ខ្សែ មាន​ប្រវែង​១៦៦០​ម៉ែត្រ និង​ទទឹង​៧​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ទី​៩ ឃុំ​ព្រែ​កតា​នុង ស្រុក​កោះសូទិន ខេត្តកំពង់ចាម ដោយ​ក្នុងឱកាស​នោះ​លោក​អភិបាលខេត្ត​សូម​អោយ​ប្រជាពលរដ្ឋ​មេត្តា​យោគយល់ ខណៈ​ការដ្ឋាន​កំពុង​ដំណើរការ ដែល​ធ្វើអោយ​រំខាន​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន។

លោក គួច ចំរើន បាន​លើកឡើងថា ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ បានការ​ឧបត្ថម្ភ​ថវិកា​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កសាង​ស្ថាបនា​ធ្វើ​ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ចាម ផ្ដល់ជូន​បងប្អូន​ប្រជាជន​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ឃុំ​ព្រែក​តាន​ង់ ស្រុក​កោះសូទិន។

លោក​បន្តថា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី សម្តេច​បាន​ខិតខំ​ប្រឹងប្រែង​កសាង​នូវ​រាល់​ការ​លំបាក​របស់​ប្រជាពលរដ្ឋ តាម​មូលដ្ឋាន​ឲ្យ​កាន់តែ​រីកចម្រើន និង​ការអភិវឌ្ឍ​ទៅមុខទៀត​។ ផ្លូវថ្នល់ គឺជា​សរសៃឈាម​នៃ​សេដ្ឋកិច្ចជាតិ និង​សេដ្ឋកិច្ច​គ្រួសារ មាន​ផ្លូវ មាន​ក្តីសង្ឃឹម ហើយ​មាន​សារៈសំខាន់​ណាស់​សម្រាប់ បងប្អូន​ប្រជាពលរដ្ឋ​ភូមិ​ព្រែ​កតា​នុង បង្កលក្ខណៈ​ងាយស្រួល ក្នុងការ​ទំនាក់ទំនង​គ្នា ងាយស្រួល​ដឹក​កសិផល​ទៅកាន់​ទៅ​ផ្សារ ក៏ដូចជា​ជួយ​សម្រួល​ក្នុងការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ទៅកាន់​សាលារៀន​ផងដែរ។​

ជាមួយគ្នា នោះដែរ​លោក​អភិបាល បាន​សូម​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​អធ្យាស្រ័យ និង​យោគយល់ នូវ​ផល​ប៉ះពាល់​ទាំងឡាយ​ដែល​អាច​នឹង​កើតមាន​ជាយថាហេតុ​ក្នុងអំឡុងពេល​ស្ថាបនា ដូចជា ដើមឈើ ដំណាំ​ដាំ​ដុះ របង​ផ្ទះ រួមទាំង​ការ​លំបាក​ធ្វើដំណើរ និង​ដឹក​កសិផល​នានា​ឆ្លងកាត់​ការដ្ឋាន​នេះ និង​សូម​អោយ​អ្នកទទួលការ សហការ​អោយ​បាន​ល្អ ប្រកបដោយ​សីលធម៌ ជាមួយ​ប្រជាពលរដ្ឋ នៅ​ពេលដែល​ការស្ថាបនា ប៉ះពាល់​ទ្រព្យសម្បត្តិ​ឯកជន​របស់​ពួកគាត់ និង​ជួយ​សម្របសម្រួល​នៅពេលដែល​ពួកគាត់​មាន​រវល់​ប្រារព្ធ​ពិធី​ផ្សេងៗ នៅ​គេហដ្ឋាន​របស់គាត់​។

បន្ថែម​ពីលើ​នេះ​ទៅទៀត​លោក​អភិបាលខេត្ត​ក៏បាន​សុំអោយ​ប្រជាពលរដ្ឋ ចូលរួម​ត្រួតពិនិត្យ មើល​ការស្ថាបនា​ថា​ ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ឬ​ខុស​បច្ចេកទេស ហើយ​ការស្ថាបនា​នេះ​មាន​គុណភាព ដែល​យើង​អាច​ទទួលយក​បានដែរ​ឬទេ​? ប្រសិនបើ​មាន​ភាព​អសកម្ម​យ៉ាងណា សូម​រាយការណ៍​ទៅកាន់​អាជ្ញាធរ​ដែនដី ឬ​មកកាន់​លោក​ផ្ទាល់​តែម្តង សំដៅ​ធ្វើយ៉ាងណា​អោយ​កំណាត់​ផ្លូវ​មួយ​ខ្សែ​នេះ មានគុណ​ភាពល្អ ប្រើប្រាស់​បានយូរ​អង្វែង​។​

លោក​អភិបាលខេត្ត បាន​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ថា ដើម្បី​រក្សា​ភាពសុខសាន្ត រុងរឿង​របស់​យើង ដូចនេះ​យើង​ត្រូវ​រួមគ្នា​រក្សា ឲ្យ​បាន​នូវ​សន្តិភាព ដើម្បី​បន្ត​អភិវឌ្ឍន៍​ប្រទេស​របស់​យើង​បន្តទៀត កុំ​ឲ្យ​ជឿ​នូវ​ពាក្យ​ញុះញង់​របស់​ក្រុម​មនុស្ស​មួយចំនួន ដែល​មាន​គោលបំណង​បំផ្លាញ​នូវ​លទ្ធិប្រជាធិបតេយ្យ និង​សន្តិភាព​នៅ​កម្ពុជា តាមរយៈ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នា​ថ្ងៃ​ខាងមុខ លោក បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត នា​ថ្ងៃទី​២៩ កក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ជ្រើសរើស​មេដឹកនាំ​ដែល​មាន​សមត្ថភាព ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu