Ad Code

ក្រុម U16​កម្ពុជា ប្រកួត​មិត្តភាព​ស្មើគ្នា​ជាមួយ​ក្រុម UiTM-U19 របស់​ម៉ាឡេស៊ី មុន​បន្តទៅ​ប្រទេស​ឥណ្ឌូណេស៊ី



ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​ក្រោម​អាយុ​១៦​ឆ្នាំ​(U16) របស់​កម្ពុជា បាន​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​ចំនួន​២​ប្រកួត​ហើយ អំឡុងពេល​កំពុង​ហ្វឹកហាត់​នៅ​ប្រទេស​ម៉ាឡេស៊ី រយៈពេល​១០​ថ្ងៃមុន​ចេញដំណើរ​ទៅ​ប្រកួត​ក្នុង​ពានរង្វាន់​ជើងឯក​ប្រចាំ​តំបន់​អាស៊ាន 2018 AFF U16 Championship នៅ​ចុងខែ​កក្កដា ឆ្នាំ​២០១៨ នេះ​ដែល​គ្រោង​ធ្វើឡើង​នៅ​ទីក្រុង Solo ក្នុងប្រទេស​ឥណ្ឌូណេស៊ី​។​

​ក្រុម​U16​កម្ពុជា ដឹកនាំ​ដោយ​លោក​Lee Tae Hoon គ្រូបង្វឹក​របស់​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី បាន​ប្រកួត​មិត្តភាព​អន្តរជាតិ​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​ដោយ​លទ្ធផល​៤​ទល់​០ កាលពី​ល្ងាច​ថ្ងៃ​សុក្រ ទី​២០ ខែកក្កដា ឆ្នាំ​២០១៨ សប្ដាហ៍​មុន ខណៈ​នៅ​ល្ងាច​ថ្ងៃ​ចន្ទ ដើម​សប្ដាហ៍​នេះ​ក្រុម U16​កម្ពុជា បាន​ប្រកួត​ស្មើគ្នា​ជាមួយ​ក្រុម UiTM-U19 ០​ទល់​០ លើ​ទីលាន​កីឡដ្ឋាន Bukit Jalil​។

​បុរស​កូរ៉េខាងត្បូង​ខាងលើ​ដឹកនាំ​ក្រុម​ឈុត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ របស់​កម្ពុ​ជាមួយនេះ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ម៉ាឡេស៊ី គិត​ចាប់ពី​ថ្ងៃទី​១៧ ខែកក្កដា ហើយ​នៅ​ថ្ងៃទី​២៧ ខែកក្កដា នឹង​ចាក​ចេញពី​ប្រទេស​ម៉ាឡេស៊ី បន្ត​ទៅកាន់​ប្រទេស​ឥណ្ឌូណេស៊ី វិញ​ម្តង​។ និយាយ​ពី​ពានរង្វាន់ 2018 AFF U16 Championship វិញ​មាន​ក្រុម​ត្រៀម​ចូលរួម​ចំនួន​១១ ចាប់ដំណើរការ​ប្រកួត​ពីថ្ងៃ​ទី​២៩ ខែកក្កដា ដល់​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨ ដោយ​ប្រើប្រាស់​ទីលាន​ចំនួន​២​គឺ​កីឡដ្ឋាន Gelora Joko Samudro Stadium និង​កីឡដ្ឋាន​Gelora Delta Stadium​។

​យោងតាម​ការចាប់​ឆ្នោត​បែងចែក​ពូ​ល​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន (AFF) មាន​ពូ​ល A ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី​, វៀតណាម​, មី​យ៉ាន់​ម៉ា​, កម្ពុជា​, ទី​ម័​រ​ខាងកើត និង​ហ្វីលីពីន ខណៈ​ពូ​ល B មាន​ថៃ​, ម៉ាឡេស៊ី​, សិង្ហ​បុរី​, ឡាវ និង​ប្រ៊ុយណេ​។ សម្រាប់​កាលវិភាគ​ប្រកួត​ក្នុង​ពូ​ល​ឃើញថា​កម្ពុជា ត្រូវ​ប៉ះ​ក្រុម​វៀតណាម ក្នុងជំនួប​បើក​ពូ​ល​ក្នុង​ថ្ងៃទី​២៩ ខែកក្កដា ហើយ​នៅ​ថ្ងៃទី​៣១ កក្កដា បន្ត​ប៉ះ​ក្រុម​ហ្វីលីពីន ខណៈ​នៅ​ថ្ងៃទី​២ ខែសីហា កម្ពុជា ជួប​ក្រុមទី​ម័​រ​ខាងកើត នៅ​ថ្ងៃទី​៤ ខែសីហា កម្ពុជា​ត្រូវ​ប៉ះ​ក្រុម​មី​យ៉ាន់​ម៉ា និង​នៅ​ថ្ងៃទី​៦ ខែសីហា កម្ពុជា ប្រកួត​បិទ​ពូ​ល​ជាមួយ​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu