ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានដាក់ចេញជាផែនការ ពង្រឹងបន្ថែម លើការងារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍គ្រប់គណបក្ស ដើម្បីធានាអោយបានក្នុងការបិទយុទ្ធនាការឃោសនាបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកក្កដា ២០១៨ខាងមុខនេះ។
នេះបើតាមការបញ្ជាក់អោយដឹងរបស់អាជ្ញាធររាជធានីក្នុងកិច្ចប្រជុំ ពិភាក្សាមួយជាមួយកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយលោកយូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោកនាយឧត្តមសេនីយ៍ហ៊ុយ ពិសិដ្ឋ តំណាងក្រសួងការពារជាតិ តំណាងបញ្ជាការដ្ឋានកងអង្គរក្សអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនេះបើតាមលោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មានបានដឹង ក្រោយកិច្ចប្រជុំនេះថា លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងម៉េច គិតគូរពង្រឹងបន្ថែម លើការងារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព និងបញ្ហាចរាចរណ៍សំដៅ ធានាបាននូវយុទ្ធនាការ នៃការបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ប្រព្រឹត្តដោយរលូន និងមានសុវត្ថិភាព ជូនគ្រប់ភាគីគណបក្សនយោបាយទាំងអស់ ។
ក្នុងនោះដែរលោកអភិបាលបានផ្តាំផ្ញើទាំងដល់កងកម្លាំងទាំងពីរប្រភេទ គឺស្នងការនគរបាលរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពខណ្ឌ រដ្ឋបាលខណ្ឌទាំង១២ ត្រូវបង្កើនការយកចិត្តទុកដាក់ធ្វើយ៉ាងណា ត្រូវគិតគូរត្រូវធ្វើឲ្យបានម៉ត់ចត់ទៅលើបញ្ហានេះ។ ចំណែកការងារផ្សេងៗទៀត ដូចជា ការងារចេញល្បាត ការត្រួតពិនិត្យអាវុធជាតិផ្ទុះ រួមនឹងការងារផ្សេងៗដែលត្រូវធ្វើប្រចាំថ្ងៃ ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋទូទៅ ផង និងក៏ដូចជាការត្រៀមលក្ខណៈក្នុងការការពារ និងសម្រួលការងារ ក្នុងការបិទយុទ្ធនាការហែក្បួនឃោសនាបោះឆ្នោត "៕
Source: Kampuchea Thmey Daily
0 Comments