បន្ទាយមានជ័យ ៖ នៅព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ នៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានធ្វើពិធីបំពាក់សម្ភារៈឧបករណ៍ប្រឆាំងបាតុកម្មនៅថ្ងៃបោះឆ្នោតជូនកម្លាំងនគរបាលខេត្តបន្ទាយមានជ័យជាង៧០០នាក់ ក្នុងការបំពាក់នោះ ដោយមានឧបករណ៍សម្ភារៈប្រឆាំងបាតុកម្ម ខែល ដំបង គ្រាប់បែកផ្សែងនិងកាំភ្លើងបាញ់គ្រាប់ផ្សែងបង្ហៀរទឹកភ្នែក បំពាក់អាវុធធុនស្រាល និងមធ្យោបាយបម្រើការងារចេញប្រតិបត្តិការដើម្បីទទួលផែនការគ្រោងចេញប្រតិបត្តិការ ទប់ស្កាត់បង្ក្រាបសកម្មភាពទាំងឡាយណា ដែលមានការប៉ុនប៉ងញុះញង់បំផ្លាញការបោះឆ្នោត និងចេញប្រតិបត្តិការការពារសន្តិសុខ សណ្តាប់ធ្នាប់ រក្សាសុវត្ថិភាព នាំមកនូវបរិយាកាសល្អ សម្រាប់ថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី៦ គ្រោងនិងចាប់ផ្តើមនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
ថែមទាំងមានការចូលរួមពីលោក លោកស្រីស្នងការរង លោកមេបញ្ជាការវរៈការពារព្រំដែនទាំង៤ លោកនាយការិយាល័យជំនាញ និងលោកអធិការ ស្រុកក្រុងទាំង៩។ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ការបង្ហាញនិងប្រមូលផ្តុំកម្លាំងនគរបាលខេត្តបន្ទាយមានជ័យក្នុងការប្រុងប្រយ័ត្នខ្ពស់យ៉ាងដូច្នេះ ដើម្បីការពារសន្តិសុខមុនថ្ងៃបោះឆ្នោតព្រោះមានក្រុមប្រឆាំងនៅក្រៅស្រុក ក៏ដូចជាក្នុងស្រុកមួយចំនួនកំពុងបង្កើនកំដៅនយោបាយប៉ុនប៉ងបំផ្លាញការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី៦នៅពេលខាងមុខនេះ ដោយពួកគេប្រើប្រាស់រូបភាពផ្សព្វផ្សាយព័ត៌មានបំភិតបំភ័យប្រជាពលរដ្ឋកុំចេញទៅបោះឆ្នោត ញុះញង់បំផុសបំផុលឲ្យប្រជាពលរដ្ឋតវ៉ាបង្កចលាចលសង្គម និងប្រើប្រាស់រូបភាពការបំផ្ទុះគ្រាប់ដើម្បីឲ្យជាពលរដ្ឋភ័យខ្លាចជាដើម។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលក្រោមបង្គាប់ទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន និងរឹតបន្តឹងសន្តិសុខឲ្យបានគ្រប់គោលដៅ ដើម្បីដោះស្រាយនិងធានាឲ្យបានសន្តិសុខល្អ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី៦ ដំណើរការទៅមានបរិយាកាសល្អ គ្មានការបំភិតបំភ័យ គ្មានអំពើហិង្សា បោះឆ្នោតដោយសេរីយុត្តិធម៌។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានជំរុញកម្លាំងនគរបាលក្រោមបង្គាប់ត្រូវបំពេញកិច្ចការងារនៅក្នុងដំណាក់កាលនេះ ឲ្យបានល្អត្រូវត្រៀមអនុវត្តបទបញ្ជាថ្នាក់លើឈរលើស្មារតីទទួលខុសត្រូវខ្ពស់ដើម្បី បង្ការទប់ស្កាត់និងបង្ក្រាបក្រុមបង្កចលាចលសង្គមដែលប៉ុនប៉ងរារាំងមិនឲ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោត៕
Source: Kampuchea Thmey Daily
0 Comments