ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានសំដែងការត្រេកអរយ៉ាងខ្លាំង ដោយសារអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ កំពុងស្ថាបនាជាផ្លូវបេតុង ជូនពួកគាត់ប្រើប្រាស់។
ពលរដ្ឋរស់នៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ប្រាប់ឲ្យដឹងថា អស់រយៈពេលរាប់ឆ្នាំមកហើយ ដោយសារផ្លូវ ១ខ្សែនេះ គឺជាផ្លូវដី ពិបាកធ្វើដំណើរណាស់ នៅពេលមានភ្លៀងធ្លាក់ម្តងៗ បែកភក់ រអិល និងមានជង្ហុក តូច ធំ ទៀតផង អ្នកភូមិចង់ធ្វើដំណើរទៅណា មកណា មិនកើតនោះទេ។ ប៉ុន្តែរហូតពេលនេះប្រហែលលែងលំបាកដូចមុនទៀតហើយ ដោយសារអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដែលដឹកនាំដោយលោក ហែម ដារិទ្ធ បាននឹងកំពុងស្ថាបនាជាផ្លូវបេតុង ជូនពួកគាត់ប្រើប្រាស់។
ជុំវិញព័ត៌មាននេះ លោក ម៉ាលី ពិសិដ្ឋ ចៅសង្កាត់កាកាបទី២ ក៏បានលើកឡើងឲ្យដឹងដែរថា ផ្លូវ ១ខ្សែ នៅចំណុចជាប់ផ្លូវរថភ្លើងនេះ កន្លងទៅអាជ្ញាធរក៏ធ្លាប់បានធ្វើការ ឈូសឆាយ ជួសជុលជាញឹកញាប់ផងដែរ ប៉ុន្តែក៏នៅតែមានការលំបាកដដែល ហេតុដូច្នេះអាជ្ញាធរសង្កាត់ ខណ្ឌ បានខិតខំកៀរគររកសប្បុរសជន ដើម្បីស្ថាបនាផ្លូវនេះ ជាផ្លូវបេតុង ។ ឥឡូវរហូតមកដល់ពេលនេះ ទទួលបានជោគជ័យហើយ គឺមានសប្បុរសជន បានជួយស្ថាបនាផ្លូវជាផ្លូវបេតុង សម្រាប់បំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។
លោកចៅសង្កាត់កាកាបទី២ប្រាប់បន្តឲ្យដឹងថា ចាប់ពីពេលនេះតទៅ លោកសង្ឃឹមថា ប្រជាពលរដ្ឋរបស់លោក ដែលរស់នៅដោយផ្ទាល់នៅសង្កាត់កាកាបទី២ ក៏ដូចជា ប្រជាពលរដ្ឋទូទៅ នឹងធ្វើដំណើរបានស្រួល លែងលំបាកដូចមុនទៀតហើយ។
សូមបញ្ជាក់ឲ្យដឹងថា ផ្លូវដី ១ខ្សែ ដែលត្រូវបានស្ថាបនាជាផ្លូវបេតុង ជូនប្រជាពលរដ្ឋរស់នៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ប្រើប្រាស់នេះ គឺមានប្រវែង ១៣៥២ម៉ែត្រ ទទឹង ៦,៥០ ម៉ែត្រ ក្រាលសរសៃដែក កំរាស់ ០,១៥ ម៉ែត្រ ( ១ តិកកន្លះ )៕
Source: Kampuchea Thmey Daily
0 Comments