Ad Code

ក្រសួង​អប់រំ ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត និង​មន្ត្រីរាជការ​កម្ពុជា​ទៅ​បន្ត​ការសិក្សា​កម្រិត​បរិញ្ញាបត្រ​រង​រហូតដល់​ថ្នាក់បណ្ឌិត​នៅ​បរទេស



ភ្នំពេញ​ ៖​ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ប្រកាស​ជូនដំណឹង​ដល់​និស្សិត និង​មន្ត្រីរាជការ ដែលមាន​ចំណាប់អារម្មណ៍​ចង់ទៅ​សិក្សា​ចាប់ពី​កម្រិត​បរិញ្ញាបត្រ​រងរ​ហូត​ដល់​ថ្នាក់បណ្ឌិត នៅ​បរទេស​សូម​មក​ដាក់ពាក្យ​ប្រកួតប្រជែង​ ដើម្បី​ទទួល​បាន​នូវ​អាហារូបករណ៍​សម្រាប់​ទៅ​សិក្សា​នៅ​ជប៉ុន ចិន​និង​វៀតណាម​ជាដើម​។

អាហារូបករណ៍​ដែល​ក្រសួង​ប្រកាស​ផ្តល់​ដល់​និស្សិត​និង​មន្ត្រីរាជការ​រួមមាន​អាហារូបករណ៍ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ក្រោម​គម្រោង​អាហារូបករណ៍​របស់​ប្រទេស​ជប៉ុន​សម្រាប់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា (JDS) ក្នុង​ឆ្នាំ​២០១៩ ដែល​គម្រោង​នេះ​ផ្ដល់​អាហារូបករណ៍​កម្រិត​អនុបណ្ឌិត​រយៈពេល​២​ឆ្នាំ ចំនួន ២៤​កន្លែង និង​ថ្នាក់បណ្ឌិត​រយៈពេល​៣​ឆ្នាំ ចំនួន​២​កន្លែង នៅ​ប្រទេស​ជប៉ុន​ដែល​កាល​បរិ​ច្ឆេ​កំណត់​ទ​ទទួល​ពាក្យសុំ​អាហារូបករណ៍​នេះ ត្រឹម​ថ្ងៃទី​៣​ខែតុលា​ឆ្នាំ២០១៨​ខាងមុខនេះ។

ចំណែក​មហាវិទ្យាល័យ Yangzhou Polytechnic College នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នឹង​ផ្ដល់​អាហារូបករណ៍​ថ្នាក់​បរិ​ញ្ញាប​ត្រ​រង ចំនួន ១០ ទៅ ២០​កន្លែង ដល់​និស្សិត​កម្ពុជា សម្រាប់​ការ​សិក្សា​មុខជំនាញ​ផ្សេងៗ​។ បេក្ខជន ត្រូវ​ផ្ញើ​ពាក្យសុំ​អាហារូបករណ៍​ទៅ Yangzhou Polytechnic College ឲ្យ​បាន​មុន​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំនេះ​។

រីឯ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​នឹង ជ្រើសរើស​និស្សិត​អាហារូបករណ៍​ចំនួន ១៨​នាក់ ឲ្យ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្ររង​នៅ​មហាវិទ្យាល័យ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថៃ​ង្វៀន​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។

តាមរយៈ​អាហារូបករណ៍​នេះ និស្សិត​ទទួលបាន​ការ​បញ្ចុះ​តម្លៃ​សិក្សា ៥០​ភាគរយ និង​ការ​ស្នាក់​នៅក្នុង​អន្តេវាសិកដ្ឋាន និង​ទទួល​ប្រាក់​អាហារូបករណ៍​ប្រចាំខែ ១៣៨​ដុល្លារ​។ បេក្ខជន​អាចទាក់ទង​រក​ពាក្យសុំ និង​ដាក់ពាក្យ នៅ​ការិយាល័យ​អាហារូបករណ៍ និង​កម្មសិក្សា​នៃ​នាយកដ្ឋាន​ទំនាក់ទំនង​វប្បធម៌ និង​អាហារូបករណ៍ ដែលមាន​អាសយដ្ឋាន​ក្នុង​ទីស្ដីការក្រសួង​អប់រំ រហូតដល់​ថ្ងៃទី​៣១ ​ខែសីហា​ ឆ្នាំ​២០១៨៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu