ក្លិប​បាល់ទាត់​ធំៗ​ចំនួន​២ ​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប គឺ​អង្គ​រថា​យ​ហ្គឺ​រ និង​ក្រុម​សូល​ទី​ឡូ​អង្គរ បាន​ណាត់គ្នា​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្បតិ៍ ទី​២៦ ខែកក្កដា ឆ្នាំ២០១៨ នេះ​លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​សៀម​រាម អំឡុង​ពេល​ដែល​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា សម្រាក​មួយ​សប្ដាហ៍​ទុក​ឱកាស​ឲ្យ​កីឡាករ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​។



ជា​លទ្ធផល​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ បាន​យកឈ្នះ​លើ​ក្រុម​សូល​ទី​ឡូ​អង្គរ ២​ទល់​០​។ កីឡាករ អ៊ុំ កុម្ភៈ និង​កីឡាករ​វ័យក្មេង សុវណ្ណ ដូ​ណា បាន​ស៊ុត​ម្នាក់​១​គ្រាប់​ក្នុង​ប្រកួត​នេះ​។ កីឡាករ សុវណ្ណ ដូ​ណា ទើបតែ​បង្ហាញខ្លួន​លើកដំបូង​ជាមួយ និង​ក្រុម​ឈុត​ធំ ក្រោម​ការគ្រប់គ្រង​រប​ស់​គ្រូ​បង្គោល​ជនជាតិ​អេ​ស្ប៉ា​ញ Oriol Mohedano Segura បន្ទាប់ពី​បាន​ចុះ​កុងត្រា​រយះពេល ៣ ឆ្នាំ កាលពី​ខែមេសា។



ក្រុម​ទាំង​២​ធ្លាប់​ប៉ះ​គ្នា​ប៉ុន្មាន​ប្រកួត​មក​ហើយ​នៅ​ឆ្នាំនេះ​សម្រាប់​ប្រកួត​ផ្លូវការ​ទាំង​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​។ ប្រកួត​ចុងក្រោយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ បាន​ទម្លាក់​ក្រុម​សូល​ទី​ឡូ​អង្គរ ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​ប្រចាំ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​លទ្ធផល​ទាំង​២​ជើង​៣​ទល់​២​។

ក្រុម​អង្គ​រថា​យ​ហ្គឺ​រ នៅសល់​ឱកាស​ប្រកួត​ក្នុង​ពានរង្វាន់​២​គឺ​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ និង​ក្នុង​លី​គ ខណៈ​ប្រកួត​បន្ត​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ គឺ​ត្រូវ​ប៉ះ​ក្រុម​ភ្នំពេញ​ក្រោ​ន ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​។ ចំណែក​ក្នុង​លី​គ​កំពូល​កម្ពុជា វិញ​ក្រុម​ដែល​មាន​ក្បាលម៉ាស៊ីន​ជា​ជនជាតិ​ជប៉ុន​មួយ​នេះ​ប្រកួត​បាន​១៥​លើក​ឈ្នះ​បាន​៣​លើក​ស្មើគ្នា​៤​លើក​និង​ចាញ់​៨​លើក​មាន​១៣​ពិន្ទុ​។



ងាក​មក​ក្រុម​សូល​ទី​ឡូ​អង្គរ វិញ​អស់​សិទ្ធ​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហើយ តែ​នៅសល់​ពេល​កែខៃ​ឱកាស​ដើម្បី​រក្សា​កៅអី​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ក្រោយ​ប្រកួត​១៥​លើក​មកនេះ​នៅ​ឈរ​លេខ​រៀង​ទី​៩ បន្ទាប់ពី​ឈ្នះ​បាន​៤​លើក ស្មើគ្នា​២​លើក​និង​ចាញ់​៩​លើក​មាន​១៤​ពិន្ទុ​ក្នុង​ដៃ​៕



Source: Kampuchea Thmey Daily