កណ្តាល ៖ ផ្ទះឈើ១ខ្នង និងសម្ភារៈប្រើប្រាស់ បានក្លាយជាចំណីអគ្គីមួយប៉ប្រិចភ្នែកដោយសារតែភ្លើងប្រច័ណ្ឌ កើតចេញពីការទូលពិតរបស់អតីតប្តីម្ចាស់ផ្ទះទៅកាន់សង្ឃក្លែងក្លាយ១អង្គដែលគេដឹងថា បានលួចទំនាក់ទំនងស្នេហា ជាមួយស្ត្រីម្ចាស់ផ្ទះ។
អគ្គីភ័យបានកើតឡើងនៅ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង២១និង១៥នាទី នៅចំណុច ភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។
លំនៅឋានត្រូវអគ្គីភិយលេបត្របាក់នោះ ម្ចាស់ឈ្មោះ ផាត យ៉េង ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅសព្វថ្ងៃភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។
ជនសង្ស័យដែលធ្វើសកម្មភាពដុតលំនៅឋាននោះឈ្មោះឃុន ខេង ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅក្នុងវត្តភ្នំតូច ស្ថិតក្នុងភូមិរំលេច ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន)។
នគរបាលស្រុកពញាឮបានឲ្យដឹងថា សម្ភារៈ ខូចខាតរួមមាន ១-ផ្ទះ០១ខ្នង ធ្វើពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ទទឹងប្រវែង ០៥ម៉ែត្រ បណ្តោយ ០៧ ម៉ែត្រ កម្ពស់ ២,៥ ម៉ែត្រ។ ២-ធុងបាស ០៦គ្រាប់ ៣-អំភ្លី ០២គ្រឿង ៤-ខ្សែក ប្លាទីន ០១ខ្សែ តម្លៃ១២០ដុល្លារ ៥-ប្រាក់រៀល ២០ម៉ឺនរៀល ៦-ទូតាំង ០១ ៧-ទូរទស្សន៍០១គ្រឿង និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួន។
សមត្ថកិច្ចបញ្ជាក់ថា កន្លងមកជនសង្ស័យឈ្មោះឃុន ខេង ធ្លាប់បួសជា ព្រះសង្ឃតាំងឆ្នាំ២០០៤ គង់នៅវត្តស្បែង ស្ថិតក្នុងភូមិធ្យូង ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល បានរយៈពេល២ឆ្នាំ រហូតដល់ឆ្នាំ២០០៦ បានមកគង់នៅវត្តព្រះវិហារសំណរបានរយៈពេល២ឆ្នាំ ក្នុងឆ្នាំ២០០៨ ចាប់ផ្តើមស្គាល់ជនរងគ្រោះឈ្មោះ ផាត យេង នៅពេលជនរងគ្រោះទៅឲ្យជនសង្ស័យជួយស្តោះផ្លុំជំងឺដុះដុំគីស ហើយជនរងគ្រោះក៏បានធ្វើម្ហូប(ចង្ហាន់)សម្រាប់ជនសង្ស័យ ឆាន់រៀងរាល់ថ្ងៃ តាំងពីពេលនោះមកជនរងគ្រោះនិងជនសង្ស័យក៏បានលួចមានទំនាក់ទំនងស្នេហាជាមួយគ្នារហូតបានដេក រួមភេទជាមួយគ្នាជាច្រើនលើក។ នៅអំឡុងឆ្នាំ២០១៧ ព្រះចៅអធិការវត្តបានឃើញជនសង្ស័យផឹកស្រានិងមានស្រីធ្វើឲ្យ ខុសធម៌វិន័យក៏បានចាប់ជនសង្ស័យផ្សឹក។
ក្រោយមកជនសង្ស័យបានគ្រោងស្បង់ជីវរដោយខ្លួនឯងទៅគង់នៅវត្តភ្នំតូច ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នៅពេលនោះជនរងគ្រោះក៏មានការទំនាក់ទំនងជាមួយជនសង្ស័យរាប់អានគ្នាជាធម្មតា និង បានទៅលេងសួរសុខទុក្ខដោយរួមដំណើរ ជាមួយប្ដីនិងកូន៣លើកក្នុងខណៈនោះជនសង្ស័យបានទិញទូរស័ព្ទម៉ាកសាំងស៊ុង ០១គ្រឿងតម្លៃ៤០ដុល្លារ អាមេរិកឲ្យជនរងគ្រោះប្រើប្រាស់។
សមត្ថកិច្ចបន្តថា នៅថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១១ព្រឹក ប្ដីរបស់ជនរងគ្រោះ(ម្ចាស់ផ្ទះ)ឈ្មោះឡុង បូរ បានមកជួបជនរងគ្រោះនៅផ្ទះរួចហើយ ក៏បបួលជនរងគ្រោះមកសាលាឃុំវិហារលួងផ្ដិតមេដៃ លែងលះគ្នា ពេលផ្ដិតមេដៃរួច ឈ្មោះឡុង បូរ បានត្រឡប់ទៅផ្ទះប្រពន្ធចុងនៅតាខ្មៅវិញ។
លុះដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ឈ្មោះ ឡុង បូរ បានជិះម៉ូតូទៅជួបជនសង្ស័យនៅចំណុចវត្តខាងលើ ហើយជនសង្ស័យបានឲ្យលុយ ជាង២ម៉ឺនរៀល ទៅឲ្យឈ្មោះឡុង បូរ ទិញស្រាបៀផឹកទាំង២នាក់ដោយអង្គុយផឹកបណ្តើរ ឈ្មោះ ឡុង បូរ បាននិយាយពោលពាក្យថា ជនរងគ្រោះខាងលើ មានទាក់ទងប្រុសថ្មី បានយកទូរស័ព្ទទៅឲ្យប្រុស ដោយចោទប្រកាន់ថា ចោរលួចបាត់។
លុះដល់វេលាម៉ោង១៤នាថ្ងៃដដែល ឈ្មោះ ឡុង បូរ បានបបួលជនសង្ស័យថា អត់ទៅលេងស្រុកទេអី? បន្ទាប់មកឈ្មោះ ឡុង បូរ បានជិះម៉ូតូឌុបជនសង្ស័យ មកដល់ចំណុចវត្តវាំងចាស់ ជនសង្ស័យ បានឲ្យឈ្មោះ ឡុង បូរ ជិះម៉ូតូ ចូលលេងឈ្មោះ មួង សឿង ត្រូវជាព្រះចៅអធិការ គង់នៅក្នុងវត្តវាំងចាស់ រួចក៏បាននាំគ្នាជជែកគ្នាលេង រហូតវេលាម៉ោង១៧ ឈ្មោះឡុង បូរ ក៏បានជិះម៉ូតឌុបជនសង្ស័យទៅក្បែរផ្ទះឈ្មោះ កង កន្ថិថា ភេទស្រី នៅភូមិឃុំកើតហេតុខាងលើ ចំណែកឈ្មោះ ឡុង បូរ បានជិះម៉ូតូចេញទៅមុនបាត់ទៅ ក្រោយមកជនសង្ស័យ បានទៅផ្ទះឈ្មោះ ហ៊ូ ភារ៉ា ហៅ កុយភេទប្រុស អាយុ៤៩ឆ្នាំ ជនសង្ស័យ ក៏បានឲ្យលុយទៅឈ្មោះ ហ៊ូ ភារ៉ា ហៅកុយ ដើម្បីទៅទិញស្រាបៀ មកផឹកបន្តទៀត ជាមួយគ្នា ក្នុងពេលកំពុងផឹក ដល់វេលាម៉ោង២០ ថ្ងៃខែឆ្នាំដដែល ជនសង្ស័យបានដើរមករកជនរងគ្រោះ នៅផ្ទះរបស់ជនរងគ្រោះ នៅចំណុចភូមិឃុំកើតហេតុខាងលើ តែពុំឃើញ ក៏ដើរត្រឡប់ទៅផ្ទះឈ្មោះ ហ៊ូ ភារ៉ា ហៅកុយ វិញ រហូតដល់វេលាម៉ោង២១ ជនសង្ស័យបានដើរមករកជនរងគ្រោះម្តងទៀត ក្នុងស្ថានភាពស្រវឹងស្រា រួចជនសង្ស័យ បាននិយាយរករឿង សួររកទូរស័ព្ទដៃដែលខ្លួន បានទិញឲ្យជនរងគ្រោះប្រើប្រាស់កន្លងមក ក្នុងពេលនោះជនរងគ្រោះ បានប្រាប់ទៅជនសង្ស័យវិញថា ចោរលួចបាត់ហើយ ស្រាប់តែជនសង្ស័យខឹងដោយមានស្ថានភាពស្រវឹងស្រាផង បានធាក់ទៅលើខ្លួនជនរងគ្រោះ០២ជើង ចំមុខ និងខ្លួន ដែលជនរងគ្រោះកំពុងដេកនៅក្នុងផ្ទះ នៅពេលនោះជនរងគ្រោះពុំបានតបតជាមួយទេ ក៏បានតេទូរស័ព្ទហៅឈ្មោះឡង់ រដ្ឋា ភេទស្រី អាយុ២៧ឆ្នាំ(ត្រូវជាកូនស្រីបង្កើត)ឲ្យជិះម៉ូតូមកយកខ្លួនដោយខ្លាចជនសង្ស័យវាយធ្វើបាបទៀតបន្ទាប់មកជនរងគ្រោះបានដើរដល់ផ្លូវ ជាតិលេខ៥ដើម្បីរង់ចាំកូនមកឌុប ចំណែកឯជនសង្ស័យនៅអង្គុយក្រោមផ្ទះរបស់ជនរងគ្រោះតែម្នាក់ឯង។ ក្រោយមកកូនរបស់ជនរងគ្រោះបានជិះម៉ូតូមកឌុបជនរងគ្រោះទៅផ្ទះរបស់ខ្លួនតែម្តង។
លុះដល់វេលាម៉ោងកើតហេតុខាងលើ មានប្រជាពលរដ្ឋបានឃើញផ្ទះរបស់ជនរងគ្រោះ បានឆេះ ក្នុងខណៈនោះ ក៏ឃើញ ជនសង្ស័យរត់ចេញពីកន្លែងកើតហេតុដើម្បីគេចខ្លួន ក្នុងពេលកើតហេតុ មានប្រជាពលរដ្ឋ បានឃើញជនសង្ស័យ ព្រមទាំងបានឈរនៅកន្លែងកើតហេតុស្រែកថា ឆេះហើយៗ ភ្លាមនោះប្រជាពលរដ្ឋបានរាយការណ៍មក សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលវិហារលួង រួចហើយកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍បានចុះទៅកន្លែងកើតហេតុ នាំជនសង្ស័យ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ។ បានធ្វើតេស្ត រកសារធាតុស្រវឹង និងបានប្រគល់ជនសង្ស័យ ជូនទៅឲ្យការិយាល័យធម្មការ និង សាសនា បន្ទាប់មក សមត្ថកិច្ចជំនាញខាងធម្មការ បានធ្វើការផ្សឹក។ សឹក រួចហើយបានប្រគល់ជនសង្ស័យ មកផ្នែកជំនាញ ដើម្បីអនុវត្តចាត់ការបន្តតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments