បន្ទាយមានជ័យ ៖ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែតបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ក្រោយពីបានទទួលពាក្យបណ្តឹងរបស់ឈ្មោះ ឈួន កំសាន្ត ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ថាខ្លួនបានបាត់ម៉ូតូ ZOOMER X ១គ្រឿងត្រូវចោរលួចយកទៅបាត់លោកបានដឹកនាំកម្លាំងអាវុធហត្ថ១ក្រុម ចុះប្រតិបត្តិការបង្ក្រាបជនសង្ស័យបានម្នាក់នៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនៅល្ងាច ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ហើយបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានសួរនាំជនសង្ស័យមានឈ្មោះ ម៉ន សុខសាន្ត ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅមិនពិតប្រាកដក្នុងក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ឲ្យដឹងទៀតថា នៅមុនពេលកើតហេតុនោះជនសង្ស័យបានសារភាពថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ខ្លួនមានបំណងចូលគាស់ផ្ទះអ្នកជិតខាង ដើម្បីលួចយកប្រាក់ទៅដើរលេង តែចៃដន្យបានឃើញម៉ូតូនៅនឹងផ្ទះជនរងគ្រោះខ្លួនក៏បានចូលលួចយកម៉ូតូជិះចេញទៅបាត់ហើយ បានយកម៉ូតូដែលលួចបានទៅបញ្ចាំ ក្នុងតម្លៃ ១០.០០០បាត និង បានយកលុយនោះទៅស៊ីចាយ នៅសល់តិចតួចក៏ទៅអង្គុយលេងហ្គេម ក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនតែម្តង។
ផ្អែកលើចម្លើយសារភាព របស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងតាមការបំភ្លឺរបស់ជនរងគ្រោះ ឃើញថា ជនសង្ស័យខាងលើ ពិតជាលួច យ៉ាងពិតប្រាកដ។ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments