កម្ពុជារំពឹងខ្ពស់ ក្នុងការទទួលបានលទ្ធផលល្អប្រសើរលើប្រភេទរថយន្តប្រើសាំង សម្រាប់ការប្រជែងក្នុង Asia Cross Country Rally2018។
លោក ហ៊ូ សិទ្ធិគុណ ប្រធានក្លឹបការ៉ា អះអាងថា ក្រុមរថយន្តកម្ពុជា ដែលទៅចូលរួមប្រជែងក្នុងព្រឹត្តិការណ៍ Asia Cross Country Rally2018 ដែលជាការរៀបចំរួមគ្នារវាង ក្រុមហ៊ុន ជប៉ុន ថៃ និងកម្ពុជា ចាប់ផ្តើមពីថ្ងៃ ទី១៣ ដល់ថ្ងៃ ១៨ ខែ សីហាឆ្នាំ ២០១៨ ក្រុមរថយន្តកម្ពុជាដាក់ក្តីរំពឹងខ្ពស់លើប្រភេទរថយន្តប្រើប្រាស់ថាមពលសាំងថានឹងអាចប្រជែងជាប់ចំណាត់ថ្នាក់មួយល្អប្រសើរពីព្រឹត្តិការណ៍ប្រណាំងរថយន្តកម្រឹតអាស៊ីមួយនេះ។
លោក ហ៊ូ សិទ្ធិគុណ បានថ្លែង បង្ហាញជំនឿចិត្តដូច្នេះ ក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាច ថ្ងៃទី៩ ខែ សីហា នៅភោជនីយដ្ឋានម៉ូតូកាហ្វេ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ លោក ថា ព្រឹត្តិការណ៍មួយនេះ ក្រុមរថយន្ត និងក្រុមម៉ូតូកម្ពុជាមានបទពិសោធន៍ចូលរួមពេញលេញបាន២លើករួចមកហើយ គឺនៅឆ្នាំ២០១៥ និងឆ្នាំ២០១៦ ហើយឆ្នាំ២០១៨ដែលជាលើកទី៣នេះ កម្ពុជាសង្ឃឹមជឿជាក់ថា នឹងទទួលបានលទ្ធផលល្អជាងឆ្នាំមុនៗ។
ប្រធានក្លឹបការ៉ារូបនេះ បញ្ជាក់ទៀតថា ព្រឹត្តិការណ៍ Asia Cross Country Rally2018 ដែលធ្វើនៅលើទឹកដីព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា មានប្រទេសចូលរួមប្រជែងចំនួន៩ប្រទេស ដូចជា ថៃ កម្ពុជា ជប៉ុន ឥណ្ឌូនេស៊ី កូរ៉េ ម៉ាឡេស៊ី ព្រុយណេ តៃវ៉ាន់ និងប្រទេសអូស្រា្តលី សរុបយានយន្តមានចូលរួមទាំងប្រតិភូចំនួន១២៧គ្រឿង ក្នុងនោះរថយន្តប្រណាំង២៥គ្រឿង និងម៉ូតូប្រណាំងចំនួន២៩គ្រឿង។ ការប្រកួតមានរយៈពេល៦ថ្ងៃ ដោយធ្វើការប្រកួតប្រណាំងឆ្លងកាត់ស្រុក ខេត្ត ក្រុងនៃប្រទេសទាំង២។
ព្រឹត្តិការណ៍ Asia Cross Country Rally2018 គឺជាកម្មវិធីប្រកួតលើកទី២៣សម្រាប់ការប្រកួតក្នុងតំបន់អាស៊ី ហើយការប្រកួតនេះ កម្ពុជាបានបញ្ជូនក្រុមរថយន្ត និងម៉ូតូចំនួន២ក្រុម ក្នុងក្រុមការ៉ារថយន្តប្រណាំង៣គ្រឿង ក្រុមដារ៉ាបាយស៊កបញ្ជូនម៉ូតូប្រណាំងចំនួន៤គ្រឿង។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Asia Cross Country Rally២០១៨មានចែករថយន្ត ជា៣ប្រភេទ មានដូចជា ប្រភេទរថយន្តកែច្នៃ រថយន្តប្រើសាំង និងប្រភេទរថយន្តប្រើប្រេងម៉ាស៊ូត៕
Source: Kampuchea Thmey Daily
0 Comments