លទ្ធផលនៃការរាប់សន្លឹកឆ្នោតសាជាថ្មី បានបង្ហាញនៅថ្ងៃសុក្រថា បព្វជិតនិកាយស៊ីអ៊ីតដ៏ល្បីល្បាញលោក Moqtada al-Sadr បានរក្សាការដឹកនាំរបស់គាត់ក្នុងការបោះឆ្នោតសភារបស់ប្រទេសអ៊ីរ៉ាក់ដោយធ្វើឲ្យគាត់ត្រូវដើរតួនាទីកណ្តាលក្នុងការបង្កើតរដ្ឋាភិបាលថ្មីរបស់ប្រទេស។
មេដឹកនាំសកម្មប្រយុទ្ធ និកាយស៊ីអ៊ីត ដែលគាំទ្រដោយអ៊ីរ៉ង់មួយក្រុមនៅតែឈរលេខ២ពីក្រោយប្លុករបស់លោក Sadr ប៉ុន្តែទទួលបានអាសនៈបន្ថែមដោយធ្វើឲ្យពួកគេឡើងដល់៤៨អាសនៈខណៈប្លុករបស់នាយករដ្ឋមន្ត្រី Haider al-Abadi នៅតែឈរលេខ៣ដោយមាន៤២អាសនៈ។
លោក Abadi ដែលកំពុងស្វែងរកការកាន់តំណែងអាណត្តិទីពីរគឺកំពុងដឹកនាំរដ្ឋាភិបាលចាំផ្ទះដ៏ផុយស្រួយមួយរហូតដល់រដ្ឋាភិបាលថ្មីមួយត្រូវបានបង្កើតឡើង។
ភាពមិនច្បាស់លាស់ផ្នែកនយោបាយទៅលើការបង្កើតរដ្ឋាភិបាលថ្មីបានបង្កើនភាពតានតឹងចំពេលដែលភាពមិនចេះអត់ធ្មត់របស់សាធារណៈជនកំពុងកើនឡើងលើសេវាមូលដ្ឋានអន់ខ្សោយ ភាពអត់ការងារធ្វើនិងល្បឿនដ៏យឺតយ៉ាវនៃការស្ថាបនាឡើងវិញបន្ទាប់ពីសង្គ្រាមរយៈពេលបីឆ្នាំជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម។
គណៈកម្មការរៀបចំការបោះឆ្នោតឯករាជ្យ (IHEC) បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានបញ្ចប់ការរាប់សន្លឹកឆ្នោតប៉ុន្តែត្រូវបង្ខំចិត្តកាត់បន្ថយដំណើរការឲ្យខ្លីនៅក្នុងរដ្ឋធានីបាដាដដោយសារតែកំណត់ត្រាបោះឆ្នោតត្រូវបានបំផ្លាញដោយអគ្គិភ័យឆេះឃ្លាំងមួយកាលពីពីរខែមុន។
ប្រព័ន្ធឌីជីថលត្រូវបានគេប្រើក្នុងគោលបំណងជួយគ្រប់គ្រងនិងពន្លឿនការរាប់សន្លឹកឆ្នោត។ ទោះបីជាយ៉ាងណាក៏ដោយ អ្នករិះគន់បានអះអាងថា ប្រព័ន្ធកំណត់នៅក្នុងម៉ាស៊ីនបោះឆ្នោតអេឡិចត្រូនិកដែលត្រូវបានប្រើជាលើកដំបូងគឺមិនមានសុវត្ថិភាពគ្រប់គ្រាន់នោះទេ។
ឯកសារមួយដែលទីភ្នាក់ងារព័ត៌មាន Reuters មើលឃើញបានបង្ហាញថា IHEC មិនអើពើនឹងការព្រមានរបស់ស្ថាប័នប្រឆាំងអំពើពុករលួយអំពីភាពជឿជាក់នៃម៉ាស៊ីនអេឡិចត្រូនិកដែលត្រូវបានប្រើក្នុងការបោះឆ្នោតនោះទេ។
ឧបករណ៍ដែលត្រូវបានផ្តល់ឲ្យដោយក្រុមហ៊ុន Miru Systems របស់ប្រទេសកូរ៉េខាងត្បូងក្រោមកិច្ចព្រមព្រៀងជាមួយ IHEC គឺជាចំណុចកណ្តាលនៃការចោទប្រកាន់អំពីការក្លែងបន្លំដែលជាហេតុនាំឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញដោយដៃ៕
Source: Kampuchea Thmey Daily
0 Comments