បាត់ដំបង ៖ ពលករខ្មែរចំនួន៥នាក់ នៅក្នុងចំណោមពលកររាប់រយនាក់ ដែលបានឆ្លងដែនចូលទៅធ្វើការនៅក្នុងប្រទេសថៃ ( ចូលព្រឹក វិលល្ងាច ) ត្រូវបានក្រុមទាហានឈុតខ្មៅថៃ ដេញស្ទាក់និងចាប់ខ្លួនបាន ព្រមទាំងបានបញ្ជូនទៅកាន់ស្ថានីយតម្រួតខេត្តច័ន្ទបុរី ដើម្បីអនុវត្តតាមផ្លូវច្បាប់ បន្ទាប់ពីពួកគេទាំងអស់គ្នាបានចូលទៅបាញ់ថ្នាំលើព្រៃឈើក្នុងតំបន់ហាមឃាត់។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ មានពលករខ្មែរមិនតិចជាង៣០០នាក់ឡើយ បានចូលទៅទិញសំបុត្រឆ្លងដែន ដែលមានតម្លៃ ១០០០ រៀល នៅចំណុចច្រករបៀង បឹងឆ្នាំង ហៅច្រកព្រះពុទ្ធ ស្ថិតក្នុងទឹកដីស្រុកកំរៀង ខេត្តបាត់ដំបង ក្នុងគោលបំណងចូលទៅធ្វើការអោយជនជាតិថៃ ដោយសារតែមានថៅកែថៃមកចាំទទួល និងដឹកយកទៅធ្វើការផងដែរ។
នៅពេលនោះដែរ ថៅកែថៃបានយកពលករខ្មែរទាំងអស់នោះ ចូលទៅកាន់ខេត្តច័ន្ទបុរី ព្រមទាំងបាននាំឆ្លងកាត់ភ្នំ អោយទៅបាញ់ថ្នាំសម្លាប់ស្មៅនៅលើខ្សែបន្ទាប់ព្រំដែន ខេត្ត ច័ន្ទបុរី និង ខេត្តត្រាត ដោយថៅកែបានដកខ្លួនមកសំងំសុខនៅក្នុងខេត្ត ច័ន្ទបុរី ធ្វើព្រងើយ គឺនៅពេលនោះហើយ ដែលក្រុមទាហានឈុតខ្មៅថៃ បានដេញចាប់ពួកគេតែម្តង ដោយសារតែតំបន់នេះ គឺជាព្រៃក្នុងតំបន់ហាមឃាត់។
ក្រោយពីមានការភ្ញាក់ផ្អើលដោយសារតែការចាញ់បោកពួកថៅកែថៃ ទើបពួកគេនាំគ្នាវិលត្រឡប់មកកម្ពុជាវិញ ដោយឡែកពលករចំនួន ៥ នាក់ ត្រូវបានចាប់ខ្លួន ចូលទៅក្នុងទឹកដីថៃ ដើម្បីសាកសួរ ដែលបញ្ហានេះគឺសុទ្ធសឹងជាករណីខុសច្បាប់ទាំងអស់ ទាំងការឆ្លងដែន ក៏ដូចជាការទន្ទ្រានដីតំបន់ហាមឃាត់យ៉ាងដូច្នេះដែរ ដែលច្រករបៀងខាងលើនេះគឺស្ថិតក្រោមការគ្រប់គ្រងរបស់យោធា វរៈ ៥០៤ និង នគរបាល ការពារព្រំដែនគោកលេខ ៨១៩។
លោក ប៉ាន់ សុធា មេបញ្ជាការ វរៈ ៥០៤ បានលើកឡើងថា ករណីនេះ លោកបានទាក់ទងទៅក្រុមការងារទំនាក់ទំនងព្រំដែន កម្ពុជា ថៃ ហើយ ដោយលោកបានចាត់តាំងរងរបស់លោកអោយសហការជាមួយ នគរបាល វរៈការពារព្រំដែនគោកលេខ៨១៩ដើម្បីចុះទៅកាន់ទីតាំងកើតហេតុ ក្នុងការសាកសួរព័ត៌មាន និងស្នើសុំយកពលករទាំងនោះមកកម្ពុជា វិញ ដោយសារតែបញ្ហានេះ វាគឺជាកំហុសរបស់ថៅកែថៃតែប៉ុណ្ណោះ។
ដោយឡែកលោក មេបញ្ជាការ ៨១៩ បានអះអាងថា លោកបានដឹកនាំកម្លាំងចុះផ្ទាល់ដើម្បីធ្វើការចរចាជាមួយភាគីថៃ ដោយសារតែវាមិនមែនជាកំហុសរបស់ពលករខ្មែរ ដូច្នេះភាគីថៃក៏បានឯកភាព ដោយបានសន្យាថា នឹងបញ្ជូនមកកម្ពុជាវិញ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨៕
Source: Kampuchea Thmey Daily
0 Comments