អាជ្ញាធរបានចាប់ខ្លួនបុរសម្នាក់ដែលបង្កឲ្យមានអគ្គិភ័យ Holy Fire ដែលបានដុតបំផ្លាញផ្ទៃដីជាង៩,៦០០ហិកតាតាមរយៈជួរភ្នំនៃរដ្ឋកាលីហ្វ័រនីញ៉ាភាគខាងត្បូង។
លោក Forrest Gordon Clark អាយុ៥១ឆ្នាំបានផ្ញើអ៊ីម៉ែលទៅកាន់ប្រធានអគ្គិភ័យស្ម័គ្រចិត្តក្នុងតំបន់ដើម្បីគំរាមថា “កន្លែងនេះនឹងឆេះខ្ទេច”។
អ្នកពន្លត់អគ្គិភ័យជាង៦០០នាក់កំពុងតែប្រយុទ្ធជាមួយអគ្គិភ័យ Holy Fire ដែលជាភ្លើងឆេះព្រៃមួយក្នុងចំណោមភ្លើងឆេះព្រៃចំនួន១៨ដែលកំពុងកើតឡើងនៅទូទាំងរដ្ឋនេះ។
អគ្គិភ័យ Mendocino Complex ត្រូវបានគេប្រកាសថាជាអគ្គិភ័យធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋនេះ។
លោក Clark ត្រូវបានចាប់ខ្លួននៅខាងក្រៅខ្ទមរបស់គាត់កាលពីថ្ងៃអង្គារបន្ទាប់ពីមានការប្រឈមមុខដាក់គ្នាជាមួយមន្ត្រី។ គាត់ត្រូវបានគេចោទប្រកាន់ពីបទលួចដុតភ្លើង គំរាមប្រព្រឹត្តអំពើភេរវកម្មនិងប្រឆាំងនឹងការចាប់ខ្លួន។
គាត់ត្រូវបានឃុំឃាំងនៅក្នុងពន្ធនាគារជាមួយកិច្ចសន្យាទឹកប្រាក់១លានដុល្លារទាក់ទងនឹងអគ្គិភ័យដែលបន្តឆាបឆេះនៅតំបន់ភ្នំ Santa Ana ភាគខាងត្បូងទីក្រុង Los Angeles ។
អាជ្ញាធរបាននិយាយថា គាត់បានចាប់ផ្តើមបញ្ឆេះភ្លើងដោយចេតនាកាលពីថ្ងៃចន្ទបន្ទាប់ពីមានជម្លោះមួយទសវត្សរ៍ជាមួយប្រទេសជិតខាង។ អចលនទ្រព្យក្បែរៗនោះទាំង១២ត្រូវបានដុតឆេះដោយភ្លើងប៉ុន្តែមានតែផ្ទះរបស់លោក Clark ប៉ុណ្ណោះដែលមិនអី។
លោកស្រី Susan Schroeder អ្នកនាំពាក្យការិយាល័យមេធាវីតំបន់ Orange County បាននិយាយថា ការិយាល័យរបស់លោកស្រីនឹងនាំគាត់ទៅរកយុត្តិធម៌ចំពោះឧក្រិដ្ឋកម្មដ៏អាក្រក់ទាំងនេះ។
ផ្ទៃដីជាង៦០០,០០០ហិចតានៅទូទាំងរដ្ឋនេះត្រូវបានកម្ទេចដោយរដូវភ្លើងឆេះនៅឆ្នាំនេះខណៈដែលអ្នកជំនាញបានព្រមានថានឹងកើនឡើងជារៀងរាល់ឆ្នាំ។
អ្នកពន្លត់អគ្គិភ័យជាង១៤,០០០នាក់កំពុងតែធ្វើការនៅទូទាំងរដ្ឋខណៈក្រុមការងារមកពីប្រទេសអូស្ត្រាលីនិងនូវែលហ្សេឡង់ក៏បានជួយផងដែរ។
អ្នកពន្លត់អគ្គិភ័យពីរនាក់ត្រូវបានគេព្យាបាលសម្រាប់ការរងរបួសដែលទាក់ទងនឹងកំដៅនៅក្នុងភ្លើងឆេះព្រៃ Holy Fire។
ក្រុមមន្ត្រីបាននិយាយថា អគ្គិភ័យនេះទប់ស្កាត់បានត្រឹមតែ៥ភាគរយប៉ុណ្ណោះខណៈពេលដែលសីតុណ្ហភាពនៅតែបន្តស្ថិតនៅលើ៣២អង្សាសេ។ ប៉ុន្តែពួកគេសង្ឃឹមថា លក្ខខណ្ឌអាកាសធាតុនឹងប្រសើរឡើងនៅពេលសីតុណ្ហភាពធ្លាក់ចុះនៅចុងសប្តាហ៍នេះ៕
Source: Kampuchea Thmey Daily
0 Comments