ភ្នំពេញ ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ NEAសហការជាមួយ ក្រុមហ៊ុនចំនួន១០ នឹងរៀបចំវេទិកាការងារ នៅតាមមជ្ឈមណ្ឌលការងារនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ ដោយផ្តល់ឱកាសការងារប្រមាណ៧៦២កន្លែង។
ក្រុមហ៊ុនធំៗចំនួន១០ដែលសហការជាមួយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមាន មីក្រូហិរញ្ញវត្ថុ មហានគរ, ក្រុមហ៊ុន Chip Mong, ក្រុមហ៊ុន ចំរើន, ធនាគារ AEON, ក្រុមហ៊ុន Smart, ក្រុមហ៊ុន Smile, ក្រុមហ៊ុន WorldBridge, ក្រុមហ៊ុន 103 ញូប្រូដាក់សិន, សហគ្រាសហ្គោដហៀល និងក្រុមហ៊ុន KTHដែលកិច្ចសម្ភាសន៍ការងារនេះនឹងធ្វើឡើងចាប់ពីម៉ោង៨និង០០នាទីព្រឹក ដល់ម៉ោង ៥ល្ងាច នៅទីភ្នាក់ងារជាតិមុខរបរ និងការងារ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ប្អូនស្រី ហែម ស្រីមុំ និស្សិតឆ្នាំទី៤ នៃវិទ្យាស្ថានវ៉ាន់ដា ធ្លាប់បានលើកឡើងថា វេទិកាការងារ ជាកន្លែងមួយ ដែលជួយឲ្យអ្នកស្វែងរកការងារធ្វើ ឆាប់ទទួលបានការងារ និងរួមចំណែកកាត់បន្ថយអត្រាអ្នកអត់កាងារធ្វើបានច្រើន។
ប្អូនស្រី វណ្ណ ម៉ូលីកា និស្សិតឆ្នាំ២ ផ្នែកគីមីវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ធ្លាប់បានចូលរួមវេទិកាការងារនេះកន្លងមក ក៏បានចាត់ទុកវេទិកាការងាររបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ថាបានរួមចំណែកជាច្រើនក្នុងការនាំយកឱកាសការងារ ដល់សិស្ស-និស្សិត ដែលមានបំណងចង់ស្វែងរកការងារ។
ប្អូនស្រីលើកឡើងថា «វេទិកានេះពិតជាល្អណាស់បង ព្រោះបានជូយដល់ខ្ញុំ ក៏ដូចជាអ្នកកំពុងស្វែងរកការងារធ្វើ ឆាប់ទទួលបានការងារធ្វើ ជាក់ស្តែងខ្ញុំចូលរួមក្នុងវេទិកានេះ ជាលើកទី១ទេ តែខ្ញុំសង្កេតឃើញថា ការរៀបចំវេទិកានេះពិតជាល្អណាស់ព្រោះបានជួយដល់សិស្សនិស្សិត ឲ្យបានជួបដោយផ្ទាល់ជាមួយនឹងក្រុមហ៊ុននានា»។
ម៉ូលីកា ដែលជាប់ការងារនៅផ្សារទំនើប Lucky ផ្នែករៀបចំបន្លែ ផ្លែឈើ បានបន្ថែមថា ខ្ញុំជឿជាក់ថា វេទិកានេះនឹងកាន់តែមានភាពពេញនិយមកាន់តែច្រើនឡើងបន្ថែមទៀត ពីសំណាក់ម្ចាស់ក្រុមហ៊ុន នឹងអ្នកស្វែងរកការងារធ្វើ ដោយសារតែជួយដល់ក្រុមហ៊ុនឲ្យឆាប់ទទួលបានបុគ្គលិកដែលពួកគេចង់បាននឹងជួយដល់អ្នកស្វែងរកការងារឲ្យទទួលបានការងារអ្វីដែលពួកគេស្រឡាញ់។
គួរបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០១៨ NEA បានជួយស្វែងរកការងារធ្វើដល់ប្រជាពលរដ្ឋខ្មែរបានប្រមា ណ៣២៥១នាក់ ចុះឈ្មោះអ្នកស្វែងរកការងារធ្វើបានប្រមាណ ៧៥៩០នាក់ នឹងរៀបចំវេទិកាការងារបានចំនួន៤២ដង។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨ ៦៦ ៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕
Source: Kampuchea Thmey Daily
0 Comments