Ad Code

សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ បានសម្រេច​តែងតាំង​ ​ព្រះរាជបុត្រ​ច្បង​ជា​ប្រធាន​ស្តីទី​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច



ភ្នំពេញ​ ៖ សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៍​កាលពី​ថ្មីៗ​នេះ បានចេញ​សេចក្តីសម្រេច​មួយ តែងតាំង​ព្រះរាជបុត្រ​ច្បង​១​រូប ជា​ប្រធាន​ស្តី​ទី​របស់​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច នេះ​បើតាម​សេចក្តីសម្រេច ចុះ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៨​។​



តាម​សេចក្តីសម្រេច ចុះហត្ថលេខា​ដោយ​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ បាន​ឲ្យ​ដឹងថា ទី​១, សម្រេច​តែងតាំង​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ ជា​ប្រធាន​ស្តី​ទី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ទី​២, តែងតាំង​លោក ពេជ្រ សូ​ដេ​ថ្ថា ជា​អគ្គលេខាធិការ​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​។



សេចក្តីសម្រេច​នោះ​បញ្ជាក់​ថា ប្រធានស្តី​ទី​គណបក្ស និង​អគ្គលេខាធិការ​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិនប៉ិច មាន​ភារកិច្ច និង​សិទ្ធិ​ដូចជា ទី​១, ព្រះប្រធាន​ស្តីទី​គណបក្ស​ដឹកនាំ ចាត់ចែង សម្រេច រាល់​ការងារ​គណបក្ស​ហ្វ៊ុន​សិន​ប៉ិច ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់ នៅពេល​អវត្តមាន​ព្រះប្រធាន​គណបក្ស​ក្នុងពេល​សម្រាក​ព្យាបាល​ជំងឺ ទី​២, អគ្គលេខាធិការ​ប្រតិបត្តិ​ដឹកនាំ ចាត់ចែង សម្រេច​រាល់​ការងារ​របស់​អគ្គ​លេខា​ធិ​ការដ្ឋាន​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ទី​៣, ព្រះប្រធាន​ស្ដីទី​គណបក្ស​មាន​សិទ្ធិ​សម្រេច កែសម្រួល ផ្លាស់ប្ដូរ តែងតាំង​សមាសភាព​នានា តាម​ការចាំបាច់ និង​មាន​សិទ្ធិ​អនុវត្ត​រាល់​ការងារ​ផ្សេងៗ​ទៀត ដូច​មានចែង​នៅក្នុង​លក្ខន្តិកៈ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​។



សូម​បញ្ជាក់​ថា ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ គឺជា​ព្រះរាជបុត្រ​ច្បង​របស់​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ជាមួយ​ម្ចាស់​ក្សត្រិយ៍ ម៉ា​រី រណឫទ្ធិ​។

សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ បាន​រង​របួស​យ៉ាងដំណំ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ដែល​បណ្តាល​មក​ពី​រថ​យន្ត​តាក់ស៊ី ជែង​រថយន្ត​ផ្សេងទៀត ហើយ​ជ្រុល​មក​បុក​ក្បួន​រថយន្ត​របស់​ព្រះអង្គ នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​បណ្តាល​ឲ្យ​អ្នក​ម្នាង អ៊ុក ផល្លា រណឫទ្ធិ ទទួលមរណភាព រួម​ទាំង​អ្នក​រួម​ដំណើរ​មួយ​ចំនួន​ទៀត​រង​របួស​។ ចំណែក​សម្តេចក្រុមព្រះ ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​រហូត​មក​។ ទោះជា​យ៉ាងណា សុខភាព​ពិតប្រាកដ​របស់​សម្តេច​ក្រុមព្រះ ដែលមាន​ព្រះជន្ម​៧៤​ព្រះវស្សា នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ បើ​ទោះ​បី​មាន​មន្ត្រី​ខ្លះ​និយាយ​ថា ព្រះ​សុខភាព​របស់​ព្រះអង្គ មាន​ភាព​ប្រសើរ​ជាង​មុន​ហើយ ព្រះអង្គ​នឹង​យាង​ចូលរួម​បោះឆ្នោត​នៅ​កម្ពុជា ប៉ុន្តែ​ជាក់ស្តែង​ព្រះអង្គ​មិនបាន​យាង​មក​បោះឆ្នោត​នោះទេ​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu