Ad Code

ក្រុម​បឹងកេត ជួបប្រទះ​បញ្ហា​នៅ​តំបន់​ការពារ មុន​ប៉ះ​គូប្រជែង​វិសាខា នៅ​ល្ងាច​ថ្ងៃអាទិត្យ​នេះ



ក្រុមបាល់ទាត់​បឹងកេត​អែ​ហ្វ​ស៊ី ដែល​កំពុងតែ​ឈរ​កំពូល​តារាង​លី​គ​កំពូល​កម្ពុជា Metfone Cambodian League 2018 គិត​ត្រឹម​សប្ដាហ៍​ទី​១៦ បាន​ជួប​បញ្ហា​កីឡាករ​នៅ​តំបន់​ការពារ មុនពេល​ប្រកួត​ជាមួយ​ក្រុម​វិសាខា ដែលជា​គូប្រជែង​នៅ​តំបន់​កំពូល​តារាង​នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី​១២ ខែសីហា ឆ្នាំ​២០១៨​នេះ​។

​លោក ហៅ សុជាតិ ដែល​ជា​គ្រូបង្វឹក​ប្រចាំ​ក្លិប​បឹងកេត បាន​លើកឡើងថា «​យើង​អាច​នឹង​ជួប​បញ្ហា​ខ្លះ​នៅ​តំបន់​ការពារ​ព្រោះ ហុង ផេង ត្រូវ​ជាប់​ពិន័យ​(​កាត​លឿង​) ក្នុង​ការ​ប្រកួត​សំខាន់​បែបនេះ​។ តែ​ឥឡូវ​ជា​ពេលដែល​យើង​ត្រូវផ្ដោត​សំខាន់​លើ​ការប្រកួត​ជាមួយនឹង​កីឡាករ​ដែល​នៅ​សេសសល់។ ខ្ញុំ​សង្កេត​ឃើញ​ថា ​ពួកគេ​(​កីឡាករ​ទាំងអស់​)​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​សម្រាប់​ការ​ហ្វឹកហាត់​កន្លងមក ខ្ញុំ​ជឿជាក់​ថា​ ពួក​យើង​នឹង​ធ្វើបាន​លទ្ធផល​ប្រសើរ​មួយ​ដើម្បី​ក្លិប ដើម្បី​ក្រុម និង​ជាពិសេស​ដើម្បី​អ្នកគាំទ្រ​ទាំងអស់គ្នា ជាមួយ​ការប្រកួត​ដ៏​លំបាក​មួយ​នេះ​»​។



ក្រុមបាល់ទាត់​បឹងកេត ត្រូវ​ប៉ះ​ក្រុម​វិសាខា ក្នុង​សប្ដាហ៍​ទី​១៧ ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃអាទិត្យ នេះ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ ហើយ​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News​។ កាលពី​ជើង​ទី​១ ក្នុង​ខែមិថុនា កន្លងទៅ​ក្រុម​ទាំង​២​បាន​ប្រកួត​ស្មើគ្នា​១​ទល់​១​។ លោក ហៅ សុជាតិ មិនអាច​ដឹកនាំ​ក្រុម​លើ​ទីលាន​ក្នុង​ប្រកួត​នេះ​បាន​នោះទេ ដោយសារ​ជាប់​ពិន័យ​រយៈពេល​១​ខែ ខណៈ​លោក លី រ៉ាវី ដែលជា​ជំនួយការ​ត្រូវ​ដឹកនាំ​ក្រុម​ជំនួស​បណ្តោះអាសន្ន​សិន​។

​ក្រុម​បឹងកេត កំពុងតែ​ឈរ​កំពូល​តារាង ក្រោយ​ឆ្លងកាត់​១៦​ប្រកួត​មកនេះ​ឈ្នះ​រហូតដល់​១២​ប្រកួត ស្មើគ្នា​៣​ប្រកួត​និង​ចាញ់​១​ប្រកួត​មាន​៣៩​ពិន្ទុ ស្រប​ពេល​ក្រុម​វិសាខា វិញ​ប្រកួត​បាន​១៦​លើក​ដូចគ្នា តែ​ឈ្នះ​បាន​១២​លើក ស្មើគ្នា​បាន​២​លើក​និង​ចាញ់​២​លើក​មាន​៣៨​ពិន្ទុ​។ លទ្ធផល​ចាញ់​ឈ្នះ​នៅក្នុង​ប្រកួត​នេះ​ពិត​ជាមាន​សារៈសំខាន់​ព្រោះថា​នឹង​បញ្ជាក់ថា​ក្រុម​បឹងកេត ឬ វិសាខា នឹង​ឈរ​កៅអី​កំពូល​តារាង​។



​ក្លិប​បឹងកេត ឡើង​មកលេង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នៅ​ឆ្នាំ​២០១២ ហើយ​ធ្លាប់​ឈ្នះ​ជើងឯក​ចំនួន​៣​លើក​គឺ​នៅ​ឆ្នាំ​២០១២,២០១៦ និង​២០១៧ ខណៈ​នៅ​ឆ្នាំ​២០១៣ និង​២០១៤ ត្រឹម​ឈរជើង​ឯក​រង​។ នៅ​ឆ្នាំ​២០១៧ ក្រុម​នេះ​ឈ្នះ​ពានរង្វាន់ CNCC Cup 2017 ផងដែរ​។ ចំណែក​ពានរង្វាន់​នៅ​ក្រៅ​ស្រុក​វិញ​ក្រុម​ដែលមាន​ប្រភព​មកពី​ខេត្តកំពង់ចាម មួយ​នេះ​ធ្លាប់​ចេញទៅ​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​ពានរង្វាន់ AFC President's Cup នៅ​ឆ្នាំ​២០១៣ ធ្លាប់​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ Toyota Mekong Club Championship 2015 តែ​ចាញ់​ក្រុម Buriram United របស់​ថៃ និង​ប្រកួត​ក្នុង​ពានរង្វាន់​នៅ​ឆ្នាំ​២០១៦ និង​២០១៧ ផងដែរ​។ នៅ​ឆ្នាំ​២០១៨​និង​២០១៨ ក្រុម​នេះ​មានឈ្មោះ​ចេញទៅ​លេង​ពានរង្វាន់​លំដាប់​ទី២ប្រចាំទ្វីបអាស៊ី​ AF Cup ផងដែរ តែធ្លាក់​ត្រឹមវគ្គជម្រុះតាម​ពូល​ដូចគ្នា៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu