ក្រុមបាល់ទាត់ណាហ្គាវើល អង្គរថាយហ្គឺរ និងក្រុមអាស៊ីអឺរ៉ុប សុទ្ធតែរកបានជ័យជម្នះដូចគ្នាប្រចាំសប្ដាហ៍ទី១៧ នៃពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2018 នៅល្ងាចថ្ងៃសៅរ៍ ទី១១ ខែសីហា ឆ្នាំ២០១៨។
ចំពោះក្រុមណាហ្គាវើល បានយកឈ្នះលើក្រុមម្ចាស់ផ្ទះវេស្ទើនភ្នំពេញ ៣ទល់០ លើទីលានកីឡដ្ឋានវេស្ទើន។ កីឡាករជប៉ុន Inui Tatsuro បានរកគ្រាប់បាល់នាំមុខមុននៅនាទី៣៩ ខណៈកីឡាករកូរ៉េខាងត្បូង Sung Chihoon បានរកគ្រាប់បាល់ទី២នៅនាទី៦០ និងកីឡាករ Bisan George បានរកគ្រាប់បាល់ទី៣នៅនាទី៩០ មុនចប់ការប្រកួត។
ចំណែកក្រុមអង្គរថាយហ្គឺរ វិញបានយកឈ្នះលើក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយលទ្ធផល៣ទល់១ លើទីលានកីឡដ្ឋានខេត្តសៀមរាប។ កីឡាករ តាំង សុភ័ក្ត្រ បានរកគ្រាប់បាល់ឲ្យអង្គរថាយហ្គឺរ នាំមុខមុននៅនាទី២៥ ហើយកីឡាករជប៉ុន Sugiyama Joichiro បានរកគ្រាប់បាល់ទី២នៅនាទី៥០ និងកីឡាករ ពៅ ភារិទ្ធិ បានរកគ្រាប់បាល់ទី៣នៅនាទី៦៣។ កីឡាករ នួន បូរី បានរកគ្រាប់បាល់វាយបកឱ្យក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ វិញនៅនាទី៧៨។
គូចុងក្រោយក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង បានប្រកួតចាញ់ក្រុមអាស៊ីអឺរ៉ុប ៦ទល់១ លើទីលានកីឡដ្ឋានខេត្តស្វាយរៀង។ កីឡាករ ម៉ាត់ ហូសាន់ បានរកគ្រាប់បាល់បើកឆាកឲ្យក្រុមភ្ញៀវអាស៊ីអឺរ៉ុប នៅនាទី៩និង៤៦ ខណៈកីឡាករនីហ្សរីយ៉ា Momoh Degule បានរកគ្រាប់បាល់បន្ថែមនៅនាទី៦៦ កីឡាករ ប៊ិន ឧត្តម រកបានគ្រាប់បាល់ទី៤នៅនាទី៧០ និងកីឡាករ Privat រកគ្រាប់បាល់បន្ត២គ្រាប់នៅនាទី៧៤និង៩០+៥។ ចំណែក១គ្រាប់វាយបករបស់ក្រុមព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករជប៉ុន Ishikawa Ryota។
ចំណែកប្រកួតផ្សេងទៀតប្រចាំសប្ដាហ៍ទី១៧ នេះត្រូវបន្តប្រកួតនៅថ្ងៃអាទិត្យ ទី១២ ខែសីហា ឆ្នាំ២០១៨ ទៀតដោយក្រុមសូលទីឡូអង្គរ ប៉ះក្រុមក្រសួងការពារជាតិ វេលាម៉ោង៣និង៣០នាទី លើទីលានកីឡដ្ឋានខេត្តសៀមរាប មានផ្សាយផ្ទាល់តាមប៉ុស្តិ៍ BTV Newsហើយក្រុមបឹងកេត ប៉ះក្រុមវិសាខា នៅម៉ោង៦ល្ងាចលើទីលានពហុកីឡដ្ឋានជាតិ មានផ្សាយផ្ទាល់តាមប៉ុស្តិ៍ BTV News ដែរនិងក្រុមអគ្គីសនីកម្ពុជា ទទួលក្រុមភ្នំពេញក្រោន នៅម៉ោង៣រសៀលលើទីលានកីឡដ្ឋានអគ្គីសនីកម្ពុជា មានផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុករបស់ CNCC៕
Source: Kampuchea Thmey Daily
0 Comments