កីឡាករ ច្រឹង ពលរដ្ឋ ខ្សែបម្រើកណ្ដាលប្រចាំក្រុមក្រសួងការពារជាតិ ដែលជាម្ចាស់ពានរង្វាន់កីឡាករឆ្នើមប្រចាំពានរង្វាន់លីគកំពូលកម្ពុជាឆ្នាំ២០១៧ បានសម្រេចចិត្តចូលរួមជាមួយក្លិប Buriram United របស់ប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល២ឆ្នាំ ពោលគឺចាប់ពីរដូវកាលឆ្នាំ២០១៩តទៅ។
កីឡាករ ច្រឹង ពលរដ្ឋ បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនក្រោយចេញទៅប្រកួតអាជីពនៅក្រៅប្រទេសលើកនេះថា «ខ្ញុំធ្លាប់មកទីនេះ២លើកហើយ ដោយកាលពីមុនខ្ញុំធ្លាប់លេងឲ្យក្រសួងការពារជាតិ ដែលមកប្រកួតមិត្តភាពនៅទីនេះ ហើយលើកទី២ខ្ញុំមកក្នុងនាមជាកីឡាករតែម្តង។ ខ្ញុំរីករាយដែលបានធ្វើដំណើរមកដល់ទីនេះ ហើយក៏រីករាយដែលក្លិប Buriram United សម្លឹងមើលឃើញពីសមត្ថភាពរបស់ខ្ញុំ។ នៅពេលនេះខ្ញុំមកហ្វឹកហាត់និងមកបណ្តុះបណ្តាលសមត្ថភាពជាមួយ Buriram United ដើម្បីត្រៀមឱកាសប្រជែងនៅឆ្នាំក្រោយ ហើយសង្ឃឹមថាគ្រប់គ្នាជួយលើកទឹកចិត្ត»។
កីឡាករវ័យ២១ឆ្នាំរូបនេះបានលើកឡើងទៀតថា «ខ្ញុំសង្ឃឹមថានឹងកើនសមត្ថភាពថែមទៀត ទាំងបច្ចេកទេសនិងកម្លាំង ដើម្បីប្រកួតប្រជែងយកកៅអីជម្រើស១១នាក់ដំបូងប្រចាំក្រុម Buriram United ដើម្បីចូលរួមប្រកួតឲ្យក្រុម។ សូមបងប្អូនងាកមកគាំទ្រ Buriram United ឲ្យបានច្រើនផងណា មិនថា ការប្រកួតតាមរយៈការផ្សាយផ្ទាល់លើអនឡាញ ឬតាមទូរទស្សន៍និងមកទស្សនាផ្ទាល់»។
ក្លិប Buriram United បានប្រកាសថា ការចុះកិច្ចសន្យាជាមួយ ច្រឹង ពលរដ្ឋ គឺដើម្បីបំពេញកៅអីកូតាអាស៊ាននៅក្នុងលីគកំពូលប្រទេសខ្លួន ពោលគឺក្លិបនីមួយៗអាចចុះបញ្ជីកីឡាករបរទេសបាន៥នាក់ ដោយក្នុងនោះមានកីឡាករតំបន់អាស៊ានម្នាក់ តំបន់អាស៊ីម្នាក់និង៣នាក់ផ្សេងទៀតមិនកំណត់ជាតិសាសន៍។ ច្រឹង ពលរដ្ឋ ទទួលបានប្រាក់កម្រៃប្រមាណជាង៥ពាន់ដុល្លារ ក្នុងមួយខែ បូកទាំងរថយន្ដមួយគ្រឿង និងខុនដូ១ទៀត សម្រាប់រស់នៅប្រកបអាជីពនៅនោះ។
កីឡាករ ច្រឹង ពលរដ្ឋ ធ្លាប់ជាសមាជិកក្នុងក្រុមយុវជនថ្នាលប្រចាំក្លិបព្រះខ័នរាជ (ព្រះខ័នរាជស្វាយរៀង បច្ចុប្បន្ន) ហើយរូបគេត្រូវបានលោក សំ វ៉ាន់ដេត ដាក់ឈ្មោះក្នុងក្រុមឈុតធំចាប់ពីឆ្នាំ២០១០ ដល់២០១៣ ហើយចន្លោះពីឆ្នាំ២០១៣ ដល់២០១៥ រូបគេចូលរួមជាមួយក្រុមត្រាយអាស៊ី (ខេមបូឌានថាយហ្គឺរ បច្ចុប្បន្ន) រហូតចាប់ពីឆ្នាំ២០១៥ដល់បច្ចុប្បន្នរូបគេចូលរួមជាមួយក្រុមក្រសួងការពារជាតិ។ កីឡាកររូបនេះធ្លាប់ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជា តាំងពី U16,U19,U22 និងជម្រើសជាតិផងដែរ៕
Source: Kampuchea Thmey Daily
0 Comments