Ad Code

កូរ៉េខាងជើង ​រិះគន់​អ្នកការទូត​អាមេរិក​ ជុំវិញ​ការ​ដាក់ទណ្ឌកម្ម



ប្រទេស​កូរ៉េខាងជើង​ បាន​រិះគន់​សហរដ្ឋអាមេរិក​ចំពោះ​ការ​បន្ត​ជំរុញ​ឲ្យ​មានការ​អនុវត្ត​ច្បាប់​ដាក់ទណ្ឌកម្ម​។​

ក្រុង​ព្យុងយ៉ាង​បាន​និយាយថា នឹង​គ្មាន​វឌ្ឍនភាព​ឆ្ពោះទៅរក​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ទេ​ប្រសិនបើ​សហរដ្ឋអាមេរិក​អនុវត្ត “​រឿង​ហួស​សម័យ​”​។​

កូរ៉េខាងជើង​បាន​ចោទប្រកាន់​អ្នកចរចា​អាមេរិក​ថា​កំពុង​ប្រឆាំងនឹង​គោលបំណង​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​ស្មារតី​នៃ​កិច្ចប្រជុំ​កំពូល​នៅក្នុង​ប្រទេស​សិង្ហ​បុរី​។​

លោក ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បាន​យល់ស្រប​ជាមួយគ្នា​នៅក្នុង​កិច្ចប្រជុំ​ខែមិថុនា​ដើម្បី​ធ្វើការ​ឆ្ពោះទៅរក​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​។​

ប៉ុន្តែ​សេចក្តីលម្អិត​នៃ​ដំណើរការ​នោះ​នៅតែ​មិន​ច្បាស់លាស់​។ ប្រទេស​កូរ៉េខាងជើង​មិនបាន​ប្តេជ្ញា​លុបចោល​នូវ​អាវុធ​នុយក្លេអ៊ែរ​ដោយ​ឯកតោភាគី​នោះទេ​ហើយ​អង្គការសហប្រជាជាតិ​និយាយថា​កម្មវិធី​នុយក្លេអ៊ែរ​របស់​វា​កំពុង​បន្ត​។​

សហរដ្ឋអាមេរិក​បាន​ទទូចថា វា​មាន​សារៈសំខាន់​ណាស់​ក្នុងការ​រក្សា​សម្ពាធ​ការទូត​និង​សេដ្ឋកិច្ច​លើ​ប្រទេស​កូរ៉េខាងជើង​។​

កាលពី​ខែ​មុន​ប្រទេស​កូរ៉េខាងជើង​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា បាន​ប្រើ​យុទ្ធសាស្ត្រ​ដូច “​ជន​អន្ធពាល​” ក្នុង​ការចរចា​។​

សេចក្តីថ្លែងការណ៍​ចុងក្រោយ​ដោយ​ក្រសួងការបរទេស​រប​ស់​កូរ៉េខាងជើង​ក៏បាន​ចោទប្រកាន់​មន្ត្រី​អាមេរិក​ផងដែរ​ថា​កំពុង​ធ្វើ​ផ្ទុយ​នឹង​ចេតនា​របស់លោក​ប្រធានាធិបតី ត្រាំ ដោយ​ការធ្វើការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​លើ​កូរ៉េខាងជើង​និង​ការប៉ុនប៉ង​អស់សង្ឃឹម​ក្នុងការ​បង្កើន​ការដាក់ទណ្ឌកម្ម​និង​សម្ពាធ​អន្តរជាតិ​។​

កំហឹង​ថ្មី​ចេញពី​ទីក្រុង​ព្យុង​យ៉ាងនេះ​បានកើត​ឡើងខណៈ​អ្នកការទូត​កំពូល​មកពី​សហរដ្ឋអាមេរិក​បាន​រិះគន់​យ៉ាងខ្លាំង​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​កូរ៉េខាងជើង​សម្រាប់​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​។​

ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក John Bolton កាលពីដើម​សប្តាហ៍​នេះ​បាន​និយាយថា កូរ៉េខាងជើង​មិនបាន​ចាប់ផ្តើម​ដំណើរការ​នៅឡើយ​ទេ​ខណៈពេលដែល​ប្រេសិត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​លោកស្រី Nikki Haley បាន​និយាយថា ក្រុង​វ៉ាស៊ីនតោន​មិន​ចង់​រង់ចាំ​យូរពេក​ទេ​សម្រាប់​កូរ៉េខាងជើង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu