ភ្នំពេញ ៖ លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ឆ្នាំ២០១៨ ត្រូវបានប្រកាសហើយ កាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ជាមួយគ្នានោះ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានប្រកាសគាំទ្រ និងទទួលស្គាល់លទ្ធផលបណ្តោះអាសន្ន ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ផងដែរ ដែលការគាំទ្រនេះ ធ្វើឡើងដោយយោងលើមូលហេតុចំនួន៦ នេះបើយោងតាមសេចក្តីថ្លែងការណ៍។
សេចក្តីថ្លែងការណ៍របស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ បានលើកឡើងថា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ ២០១៨នេះ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលមានគ្រឹះស្ថានសិក្សាឯកជនចំនួន១០៣ ជាសមាជិក បានចាត់តាំងសមាជិករបស់ខ្លួនចំនួន២៥៩៨ នាក់ ដែលជានិស្សិត សាស្ត្រាចារ្យ បញ្ញវន្ត គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា គ្រប់ដណ្ដប់តាមការិយាល័យបោះឆ្នោតទាំង២៥ រាជធានី ខេត្ត ទូទាំងប្រទេស ជាលក្ខណៈចល័ត និងអចល័ត ដើម្បីធ្វើជាអ្នកសង្កេតការណ៍ជាតិសម្រាប់ការបោះឆ្នោត។
តាមការពិនិត្យ និងសង្កេតការណ៍យ៉ាងយកចិត្តទុកដាក់បំផុត ទៅលើការបោះឆ្នោតនេះ សមាគមបញ្ជាក់ថា ទី១, បានពិនិត្យឃើញសេចក្តីថ្លែងការទទួលស្គាល់ពីដំណើរការបោះឆ្នោតនៅកម្ពុជាជាបន្តបន្ទាប់ របស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដែលបានចុះបញ្ជីនៅ គ.ជ.ប។
ទី២, បានពិនិត្យឃើញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នូវលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ស្តីពីសំឡេងឆ្នោតដែលទទួលបានរបស់គណៈបក្សនយោបាយទាំង២០។
ទី៣, បានសាកសួរផ្ទាល់មាត់ជាមួយមន្ត្រីជាន់ខ្ពស់ គ.ជ.ប នានាជាបន្តបន្ទាប់ ដើម្បីស្វែងយល់ពីការគ្រប់គ្រង និងដឹកនាំរបស់ គ.ជ.ប ក្នុងបំណងដាក់ការជឿទុកចិត្ត។
ទី៤, បានពិនិត្យឃើញដំណើរការដោះស្រាយបណ្ដឹងតវ៉ាពីគណបក្សទាំង២០។
ទី៥, បានពិនិត្យឃើញដំណើរការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ដូចសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ ២០១៨។
ទី៦, បានពិនិត្យឃើញសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ស្តីពីលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៨។
ដោយយោងទៅលើសេចក្តីថ្លែងការណ៍លើកទី១ របស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងយោងទៅលើការសង្កេតឃើញជាបន្តបន្ទាប់ ដូចដែលបានរៀបរាប់ខាងលើ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ប្រកាសគាំទ្រ និងទទួលស្គាល់ នូវលទ្ធផលបណ្តោះអាសន្ន ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ។
ទាក់ទងការនោះឆ្នោតនេះ លោកបណ្ឌិត ហេង វណ្ណដា ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ធ្លាប់បានមានប្រសាសន៍ថា នៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នេះ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានសន្និដ្ឋានថា បានប្រព្រឹត្តិទៅដោយរលូន គោរពច្បាប់ គោរពសិទ្ធិមនុស្ស គ្មានការបង្ខិតបង្ខំ គ្មានហិង្សា គ្មានការភ័យខ្លាច គ្មានការលក់ដូរសន្លឹកឆ្នោត ស្ងប់ស្ងាត់ មានសណ្ដាប់ធ្នាប់ល្អ និងស្ថិតនៅក្នុងបរិយាកាសនយោបាយប្រជាធិបតេយ្យ សេរី និងពហុបក្ស៕
Source: Kampuchea Thmey Daily
0 Comments