Ad Code

លទ្ធផល​បណ្តោះអាសន្ន​ចេញ​ហើយ ​៖ គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​រាជរដ្ឋាភិបាល នាំមុខគេ​គ្រប់​បណ្តា​មណ្ឌល​រាជធានី ខេត្ត ទូទាំងប្រទេស



ភ្នំពេញ ​៖ លទ្ធផល​បណ្តោះអាសន្ន នៃ​ការបោះឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​០៦ ឆ្នាំ​២០១៨ ត្រូវបាន​ប្រកាស​ហើយ​នា​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨​នេះ ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ក្នុងនោះ​គណបក្ស​ដែល​ទទួលបាន​សំឡេង​នាំមុខគេ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួលបាន​រហូត​ដល់​៤.៨៨៩.១១៣​សំឡេង​។

តាម​លទ្ធផល​នោះ គណបក្សនយោបាយ ដែល​បាន​ចូលរួម​ប្រកួត​ប្រជែង​ចំនួន​២០​នោះ គណបក្ស “​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​” លេខ​រៀង​ទី​១ ទទួលបាន​សំឡេងគាំទ្រ​៩៩.៣៧៧​សំឡេង , គណបក្ស “​គណបក្ស​មាតុភូមិ​យើង​” លេខ​រៀង​ទី​២​ទទួល​បាន​សំឡេងគាំទ្រ​៩.១៧៤​សំឡេង​, គណបក្ស “​គណបក្ស​ពន្លឺ​ថ្មី​” លេខ​រៀង​ទី​៣ ទទួល​បាន​សំឡេង​គាំទ្រ​១៣.៥០៩​សំឡេង​, គណបក្ស “​សញ្ជាតិ​កម្ពុជា​” លេខ​រៀង​ទី​៤ ទទួល​បាន​សំឡេង​គាំទ្រ​៤៥.៣៧០​សំឡេង​, គណបក្ស “​ខ្មែរ​ក្រោក​” លេខ​រៀង​ទី​៥ ទទួលបាន​សំឡេងគាំទ្រ​២២.០០២​សំឡេង​, គណបក្ស “​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​” លេខ​រៀង​ទី​៦ ទទួល​បាន​សំឡេង​គាំទ្រ​៥៦.០២៤​សំឡេង​, គណបក្ស “​ប្រជាធិបតេយ្យ​មូលដ្ឋាន​” លេខ​រៀង​ទី​៧ ទទួលបាន​សំឡេង​គាំទ្រ​៧០.៥៦៧​សំឡេង​, គណបក្ស “​ខ្មែរ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​” លេខ​រៀង​ទី​៨ ទទួល​បាន​សំឡេង​គាំទ្រ​៨.៥៩១​សំឡេង​, គណបក្ស “​រស្មី​ខេមរា​” លេខ​រៀង​ទី​៩ ទទួល​បាន​សំឡេង​គាំទ្រ​៤.២១២​សំឡេង​, គណបក្ស “​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​” លេខ​រៀង​ទី​១០ ទទួល​បាន​សំឡេង​គាំទ្រ​៣០៩.៣៦៤​សំឡេង​, គណបក្ស “​ខ្មែរ​សាធារណរដ្ឋ​” លេខ​រៀង​ទី​១១ ទទួលបាន​សំឡេងគាំទ្រ​៤១.៦៣១​សំឡេង​, គណបក្ស “​ខ្មែរ​ឈប់​ក្រ​” លេខ​រៀង​ទី​១២ ទទួល​បាន​សំឡេងគាំទ្រ​៥៥.២៩៨​សំឡេង​, គណបក្ស “​ហ៊្វុនស៊ិនប៉ិច​” លេខ​រៀង​ទី​១៣ ទទួលបាន​សំឡេងគាំទ្រ​៣៧៤.៥១០​សំឡេង​, គណបក្ស “​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​” លេខ​រៀង​ទី​១៤ ទទួលបាន​សំឡេងគាំទ្រ​២៣.២៥៥​សំឡេង​, គណបក្ស “​យុវជន​កម្ពុជា​” លេខ​រៀង​ទី​១៥ ទទួលបាន​សំឡេងគាំទ្រ​៣៩.៣៣៣​សំឡេង​, គណបក្ស “​ធម្មាធិបតេយ្យ​” លេខ​រៀង​ទី​១៦ ទទួលបាន​សំឡេងគាំទ្រ​២៩.០៦០​សំឡេង​, គណបក្ស “​ឆ​ន្ទះ​ខ្មែរ​” លេខ​រៀង​ទី​១៧ ទទួលបាន​សំឡេងគាំទ្រ​២១២.៨៦៩​សំឡេង​, គណបក្ស “​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា​” លេខ​រៀង​ទី​១៨ ទទួលបាន​សំឡេងគាំទ្រ​១០.១៩៧​សំឡេង​, គណបក្ស “​ខ្មែរ​តែមួយ​” លេខ​រៀង​ទី​១៩ ទទួលបាន​សំឡេងគាំទ្រ​៤៨.៧៨៥​សំឡេង និង​គណបក្ស “​ប្រជាជន​កម្ពុជា​” លេខ​រៀង​ទី​២០ ទទួលបាន​សំឡេងគាំទ្រ​៤៨៨៩១១៣ សំឡេង​។​

​តាម​តួលេខ ដែល​បង្ហាញ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានឱ្យដឹង​ដែរ​ថា សន្លឹកឆ្នោត​បានការ​មាន​ចំនួន​៦.៣៦២.២៤១ ហើយ​សន្លឹកឆ្នោត​មិនបានការ​មាន​ចំនួន​៥៩៤៦៥៩ ចំណែក​អ្នកចូលរួម​បោះឆ្នោត មាន​ចំនួន​៦.៩៥៦.៩០០​នាក់ ដែល​ស្មើនឹង​៨៣,០២​ភាគរយ នៃ​ចំនួន​ប្រជាពលរដ្ឋ ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​ទាំងអស់​។



ទោះជា​យ៉ាងណា តាម​លទ្ធផល​បណ្តោះ​អាសន្ន​នេះ មិនទាន់​ឃើញ​មានការ​បង្ហាញ​ចំនួន​អាសនៈ​នៅក្នុង​រដ្ឋសភា ដែល​គណបក្ស​នីមួយៗ​ទទួលបាន​នៅឡើយ​ទេ ប៉ុន្តែ​បើតាម​ការ​គណនា​ក្រៅផ្លូវការ​តាម​រូបមន្ត ដែល​កំណត់​ដោយ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា អាចនឹងទទួល​បាន​អាសនៈ​ទាំងអស់​តែម្តង​។ តែ​យ៉ាងណា​លទ្ធផល​បណ្តោះអាសន្ន​នេះ គ​.​ជ​.​ប អនុញ្ញាត​ឲ្យ​គណបក្ស​ផ្សេងៗ ដែល​ចូលរួម​ក្នុងការ​បោះឆ្នោត ដាក់ពាក្យ​ប្តឹងតវ៉ា​ផង​ដែរ ប្រសិនបើ​ជំទាស់​ទៅនឹង​ការប្រកាស​លទ្ធផល​នេះ ហើយ​បើសិន​មិន​មាន​ការប្តឹង​ជំទាស់​ទេ លទ្ធផល​ផ្លូវការ​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨។

ទាក់ទង​លទ្ធផល​បណ្តោះអាសន្ន​នេះ គណបក្ស​ឆន្ទៈ​ខ្មែរ​បាន​ប្រកាស​គាំទ្រ និង​បាន​អះអាង​ថា គណបក្ស​មាន​មោទនភាព និង​សេចក្តីត្រេកអ ចំពោះ​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការ​បោះឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដែល គ​.​ជ​.​ប បាន​ប្រកាស​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨ ហើយក៏​បាន​អគុណ​ចំពោះ​សមាជិក និង​អ្នកគាំទ្រ​ឆន្ទៈ​ខ្មែរ ដែល​បាន​បូជា​កម្លាំងកាយ​ចិត្ត និង​ធនធាន ក្នុង​បរិបទ​ថ្មី នៃ​ប្រទេស​កម្ពុជា​។​

ចំណែក​អ្នកស្រី ពោធិ​តី សាវត្ថី ប្រធាន​គណបក្ស​ធម្មាធិបតេយ្យ​បាន​ថ្លែង​ប្រាប​កម្ពុ​ជាថ្មី​ដែរ​ថា គណបក្ស​ធម្មាធិបតេយ្យ​មិនទាន់​ទទួលស្គាល់​លទ្ធផល​បណ្តោះអាសន្ន​នៃ​បោះឆ្នោត​នេះ​ទេ ដោយសារ​ថា មិន​មាន​តម្លាភាព ហើយ​សូម្បីតែ​ម្ចាស់​ជំនួយ គឺ​ជប៉ុន ក៏​នៅ​តែ​មាន​ភាព​ស្រពិចស្រពិល​នៅឡើយ ដូច្នេះ​លទ្ធផល​ផ្លូវការ នឹង​មាន​ភាព​សុ​ក្រឹត្យ​ជាង​នេះ​។

រីឯ​លោក គុជ លី អនុប្រធាន និង​ជា​អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​តែមួយ ដែល​មាន​លោក កែម រិ​ទ្ធិ​សិ​ដ្ឋ ប្អូនប្រុស​លោក កែម ឡី ជា​ប្រធាន​នោះ បាន​អះអាង​ថា ជា​លទ្ធផល​បឋម ខ្មែរ​តែមួយ ទទួល​បាន​៥២៤០៧ តែ​ការប្រកាស​បណ្តោះ​អាសន្នកាល​ពី​ព្រឹក​ថ្ងៃទី​១១ ខែសីហា បែរជា​ធ្លាក់​ចុះ​មក​នៅ​៤៨.៧៨៥ ដូច្នេះ​បាត់អស់​៣.៦២២ ។ លោក​បញ្ជាក់ថា គណបក្ស​រង់ចាំ​មើល​លទ្ធផល​ជា​ផ្លូវការ​បន្តទៀត ថា​តើ​ខុសគ្នា​យ៉ាងណា​ទៀត​។ ទោះជា​យ៉ាងណា លោក​អះអាងថា គណបក្ស​ខ្មែរ​តែមួយ មិនមាន​គំរោង​ប្តឹងផ្តល់​អី​ទេ​។

ដោយឡែក​ឡែក​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) ដែល​មាន​លោក ខឹម វាសនា ជា​ប្រធាន​អះអាង​ថា មិនទាន់​យ៉ាងម៉េច​ទេ ដោយ​រង់ចាំ​ប្រជុំ​សំរេច​សិន នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ចិន ថុ​ន អគ្គលេខាធិការ​គណបក្ស​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu