ព្រៃវែង ៖ ស្រូវ សន្ទូង និង ពង្រោះ ចំនួន ១៥៩ ហិកតា នៃផ្ទៃដីសរុប ១.៦៥៤ ហិកតា នៅឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង បានកំពុងជួប តម្រូវការខ្វះទឹក ត្រូវការ អន្តរាគមន៍ បន្ទាន់ ខណៈតំបន់ មួយ ចំនួន ក្នុងប្រទេស បានជន់លិច ដោយជំនន់ទឹកទន្លេ រហូតដល់តំបន់ខ្លះ ហួស កម្រិតប្រកាសអាសន្ន។
ដើម្បី អន្តរាគមន៍ ជួយ សង្គ្រោះឲ្យបានទាន់ពេលវេលា កុំឲ្យខូចខាត ស្រូវ សន្ទូង និង ពង្រោះ របស់បងប្អូនប្រជាពលរដ្ឋ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យជាក់ស្តែងនូវទីតាំងឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង ដោយផ្ទាល់ និងបញ្ជាឲ្យ មន្ត្រីជំនាញ ធ្វើយ៉ាងណាទាញទឹក ពី ប្រឡាយវ៉ៃគោ នាំយកទៅ ស្រោចស្រពឲ្យបានទាន់ពេល។
ក្រសួងធនធានទឹកបានឲ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០១៨ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យជាក់ស្តែងនូវទីតាំងឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង ដែលមានតម្រូវការទឹកលើផ្ទៃដីស្រែចំនួន ១៥៩ ហិកតា នៃផ្ទៃដីសរុប ១.៦៥៤ ហិកតា។
ក្រសួងបានឲ្យដឹងថា ក្រោយពី ចុះពិនិត្យដោយផ្ទាល់រួច លោករដ្ឋមន្ត្រី បានបញ្ជាឲ្យយកសំណង់ ចែកចាយទឹក មួយដែល ស្ថិតលើប្រព័ន្ធប្រឡាយវ៉ៃគោ ចេញសិន រួចបន្តស្តារព្រែកចាស់ ដើម្បីពង្រីកប្រសិទ្ធភាពស្រោចស្រពទៅកាន់ស្រុកបាភ្នំបន្ថែមទៀត។ ក្នុងនោះ លោករដ្ឋមន្ត្រី ក៏បានណែនាំឲ្យអ្នកបច្ចេកទេស ពិនិត្យបង្កើតនូវស្ថានីយខ្យាច់ស ដែលអាចពង្រីកវិសាលភាពផលិតស្រូវរបស់បងប្អូនប្រជាកសិករបន្ថែមក្នុងរដូវប្រាំង៕
Source: Kampuchea Thmey Daily
0 Comments