Ad Code

អ្នក​នាំពាក្យ​ថា ជប៉ុន​ចង់​ឃើញ​កម្ពុជា​មានការ​រីកចម្រើន និង​ជំរុញ​ឲ្យ​កម្ពុជា​អនុវត្ត​ការងារ​របស់ខ្លួន​បន្ត​ទៅទៀត​



ភ្នំពេញ ​៖ ឆ្លើយតប​ជាមួយ នឹង​ការលើកឡើង ក៏​ដូច​ជាការ​ផ្សព្វផ្សាយ​មួយចំនួន ដែលថា ជប៉ុន​បានបង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​ការបោះឆ្នោត​នៅ​កម្ពុជា​នោះ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក កេ​ត សោ​ផាន់ ដែល​បាន​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥១ នៅ​ប្រទេស​សិង្ហ​បុរី​ដែរនោះ បាន​អះអាងថា ជប៉ុន​ជា​ប្រទេសមួយ​ដែល​បាន​ជួយ​ជា​សម្ភារៈ (​ហឹប​ឆ្នោត​) នៅក្នុង​ការបោះឆ្នោត​នៅ​កម្ពុជា ហើយ​ជប៉ុន​ចង់ឃើញ​កម្ពុជា​មានការ​រីកចម្រើន និង​ជំរុញ​ឲ្យ​កម្ពុជា​អនុវត្ត​ការងារ​របស់ខ្លួន​បន្ត​ទៅទៀត។

លោក កេ​ត សោ​ផាន់ លើកឡើង​បែបនេះ កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៨ គឺ​បន្ទាប់ពី​ជំនួប​រវាង​លោកជំទាវ ល្វី​ស មុ​ស៊ី​គី​វ៉ា​បូ (Louise Mushikiwabo) រដ្ឋមន្ត្រីការបរទេស កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ និង​សហគមន៍​អាហ្វ្រិក​បូព៌ា នៃ​សាធារណរដ្ឋ​រ៉ូ​វ៉ាន់ដា (Rwanda) អម​ដោយ​លោក ម៉ា​ម៉ា​ឌី ទូ​រ៉េ (Mamadi Touré) រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ហ្គី​ណេ ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា។

លោក កេ​ត សោ​ផាន់ បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា នៅឯ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥១ នៅ​ប្រទេស​សិង្ហ​បុរី លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ជួប​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន ហើយ​ជប៉ុន​ជា​ប្រទេសមួយ​ដែល​បាន​ជួយ​ជា​សម្ភារៈ​នៅក្នុង​ការបោះឆ្នោត​នៅ​កម្ពុជា គឺ​ជប៉ុន​ចង់​បន្ត​ឃើញ​កម្ពុជា​មានការ​រីកចម្រើន និង​ត្រៀមខ្លួន ជំរុញ​ឲ្យ​កម្ពុជា​បន្ត​ការអនុវត្ត​ការងារ​របស់ខ្លួន​បន្ត​ទៅទៀត​។ លោក​បន្តថា នៅក្នុង​ជំនួប​នោះ ក៏បាន​ពិភាក្សា​ផងដែរ អំពី​សន្លឹកឆ្នោត ដែល​អសុពល​ភាព ហើយ​ជាការ​ឆ្លើយតប លោក​ទេស​រដ្ឋ​​​មន្ត្រី បាន​ប្រាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​ថា នេះ​គឺជា​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ប្រជាពលរដ្ឋ ជា​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ ដែល​បាន​ចេញទៅ​បោះឆ្នោត ហើយ​ពេលនេះ ប្រជាពលរដ្ឋ​បាន​សម្តែង​នូវ​បំណងប្រាថ្នា​របស់ខ្លួន​។ ទោះជា​យ៉ាងណា នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន នៅ​ប្រទេស​សិង្ហ​បុរី​នោះ មិនមាន​ការសម្តែង​នូវ​ការរិះគន់​ចំពោះ​ការបោះឆ្នោត​នៅ​កម្ពុជា​នោះទេ។

ចំពោះ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​កម្ពុជា កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ កន្លងមកនេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​បញ្ជាក់​ថា រហូតមកដល់​ពេលនេះ មាន​ប្រទេស​ជាច្រើន​បាន​អបអរសាទរ​មានដូចជា ប្រទេស​ចិន ឥណ្ឌា រុស្ស៊ី ទី​ម័​រ​ឡេស​ខាងកើត ស្រីលង្ការ វៀតណាម ឡាវ ហ្វីលីពីន ថៃ​...។

សូមបញ្ជាក់ថា ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដោយមាន​គណបក្ស​នយោបាយ​ចំនួន​២០ បាន​ចូលរួម ហើយ​ជា​លទ្ធផល មាន​ប្រជាពលរដ្ឋ​កម្ពុជា​បាន​អញ្ជើញ​ទៅ​បោះឆ្នោត​ចំនួន​៦.៩៤៦.១៦៤​នាក់ ដែល​ស្មើនឹង​៨២,៨៩ ភាគរយ នៃ​ចំនួន​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប​៨.៣៨០.២១៧​នាក់​។ ក្រោយ​ការបោះឆ្នោត​ភ្លាម អ្នកសង្កេតការណ៍​ជាតិ អន្តរជាតិ​បាន​វាយ​​តម្លៃ​ថា ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ បានបញ្ចប់​ក្រោម​បរិយាកាស​ល្អ រលូន ត្រឹមត្រូវ សេរី និង​យុត្តិធម៌ និង​មាន​ការគោរព​ច្បាប់ គោរព​សិទ្ធិមនុស្ស គ្មាន​ការបង្ខិតបង្ខំ គ្មាន​ហិង្សា គ្មាន​ការភ័យខ្លាច គ្មាន​ការលក់ដូរ​សន្លឹកឆ្នោត ស្ងប់ស្ងាត់ មាន​សណ្ដាប់ធ្នាប់​ល្អ។

ទន្ទឹម​និង​ការ​សាទរ​ចំពោះ​លទ្ធផល​នេះ ក៏​នៅមាន​បណ្តឹង​មួយចំនួន​ផងដែរ ដែល​ធ្វើឡើង​ដោយ​តំណាង​គណបក្សនយោបាយ ដែល​បាន​ចូលរួម​ប្រកួតប្រជែង ហើយ​បើតាម គ​.​ជ​.​ប ទទួលបាន​២៥២៥​បណ្តឹង​។ ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​ចំនួន​៣​បណ្តឹង គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ចំនួន​២៥២០​បណ្តឹង និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ចំនួន​២​បណ្តឹង៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu