មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បាននិយាយថា សាធារណរដ្ឋឥស្លាមមួយនេះគ្មានអ្វីត្រូវព្រួយបារម្ភនោះទេ ខណៈដែលមេដឹកនាំរបស់ប្រទេសមួយនេះ ត្រូវប្រឈមមុខនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។
ទណ្ឌកម្មដែលដាក់លើទីក្រុងតេរ៉ង់នៅសប្តាហ៍នេះបាននាំឲ្យធនាគារនិងក្រុមហ៊ុនជាច្រើននៅជុំវិញពិភពលោកកាត់បន្ថយការធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់។ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនទាំងឡាយណាដែលកំពុងធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់នឹងត្រូវហាមឃាត់ពីសហរដ្ឋអាមេរិក។
គេហទំព័រ Khamenei.ir របស់គាត់បានដកស្រង់សម្តីរបស់គាត់ដែលបាននិយាយនៅក្នុងសុន្ទរកថាមួយកាលពីសប្តាហ៍មុនថា “ទាក់ទងនឹងស្ថានភាពរបស់យើង មិនមានអ្វីត្រូវព្រួយបារម្ភទាល់តែសោះ។ គ្មាននរណាម្នាក់អាចធ្វើអ្វីបានទេ”។
លោក Trump បានបង្ហោះ Twitter កាលពីថ្ងៃអង្គារថា ទណ្ឌកម្មថ្មីដែលត្រូវបានលើកលែងក្រោម
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិឆ្នាំ២០១៥គឺជាទណ្ឌកម្មតិចបំផុតដែលមិនធ្លាប់មាន។
អ៊ីរ៉ង់បានប្រកាសថ្កោលទោសវាថាជា “លក្ខណៈឯកតោភាគីរបស់សហរដ្ឋអាមេរិក” ដែលដាក់ទណ្ឌកម្មឡើងវិញស្របតាមការសម្រេចចិត្តរបស់លោក Trump ក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។
ក្រុមមន្ត្រីអាមេរិកបាននិយាយក្នុងសប្តាហ៍ថ្មីៗនេះថា ពួកគេមានបំណងដាក់សម្ពាធលើប្រទេសនានាឲ្យបញ្ឈប់ការទិញប្រេងពីអ៊ីរ៉ង់ក្នុងគោលបំណងបង្ខំឲ្យរដ្ឋាភិបាលក្រុងតេរ៉ង់ផ្អាកកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលនិងការចូលរួមនៅក្នុងជម្លោះក្នុងតំបន់ដូចជានៅប្រទេសស៊ីរីនិងអ៊ីរ៉ាក់។
យោងតាមកាសែតរដ្ឋអ៊ីរ៉ង់បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បាននិយាយកាលពីថ្ងៃពុធថា ផែនការរបស់អាមេរិកដើម្បីកាត់បន្ថយការនាំចេញប្រេងរបស់អ៊ីរ៉ង់ដល់សូន្យគឺនឹងមិនទទួលបានជោគជ័យនោះទេ។
លោក Zarif បានប្រាប់កាសែតអ៊ីរ៉ង់ថា ប្រសិនបើអាមេរិកចង់រក្សាគំនិតសាមញ្ញនិងមិនអាចទៅរួចនៅក្នុងចិត្តរបស់ពួកគេនោះ ពួកគេក៏គួរតែដឹងពីផលវិបាករបស់វាផងដែរ។
លោកប្រធានាធិបតី Hassan Rouhani បានបង្ហើបឲ្យដឹងកាលពីខែមុនថា ប្រទេសអ៊ីរ៉ង់អាចបិទច្រក Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏ធំមួយប្រសិនបើសហរដ្ឋអាមេរិកព្យាយាមបញ្ឈប់ការនាំចេញប្រេងរបស់សាធារណរដ្ឋឥស្លាមមួយនេះ៕
Source: Kampuchea Thmey Daily
0 Comments