Ad Code

រដ្ឋាភិបាល​ឥណ្ឌា ​ជួយ​បង្កើត​«​គម្រោង​ភូមិ​ឌីជីថល​»​ នៅ​តំបន់​ជនបទ​កម្ពុជា



ភ្នំពេញ ​៖ ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឥណ្ឌា​​ ​បាន​សម្រេច​ជ្រើសរើស​យក ស្រុក​ទ្រាំង ខេត្តតាកែវ ជា​កន្លែង​សាកល្បង​ដំបូង​ក្នុង​ការ​អនុវត្ត​គម្រោង​ភូមិ​ឌីជីថល (Digital Village)។

គម្រោង​នេះ​ ត្រូវ​បាន​លោកស្រី Manika Jain ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌា ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ​​លើក​ឡើង​នៅក្នុង​ជំនួប​ពិភាក្សា​មួយ​ជាមួយ​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ កាលពី​ពេល​ថ្មីៗ​នេះ​នៅ​ទីស្ដីការក្រសួង។

លោកស្រី Manika Jain បាន​មានប្រសាសន៍ថា ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឥណ្ឌា​បាន​ចាត់​ក្រុមហ៊ុន Telecommunications of Consultants India Limited (TCIL) ជា​តំណាង​ក្នុង​ការទទួល​រ៉ាប់រង​លើ​ការអនុវត្ត​គម្រោង​សាកល្បង​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​នេះ។

យោងតាម​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់លោក​ត្រាំ អ៊ីវតឹក​បាន​ឲ្យ​ដឹង​ថា​ ក្នុង​កិច្ចពិភាក្សា​ការងារ​នេះ​ លោក​រដ្ឋមន្ត្រី បានលើកឡើង​អំពី​កិច្ច​សហប្រតិបត្តិការ​គ្នា​រវាង​ប្រទេស​ទាំងពីរ ទៅលើ​វិស័យ​ប្រៃសណីយ៍ ទូរគមនាគមន៍ និង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន។

តាមរយៈ​ជំនួប​ពិភាក្សា​ការងារ​នេះ ប្រទេស​ទាំងពីរ​នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្នា​ឱ្យ​កាន់តែ​ល្អប្រសើរ ជាពិសេស​លើ​គម្រោង Digital Village ដែល​នឹង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​សម្រាប់​ជនបទ ដែល​ក្នុងនោះ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឥណ្ឌា​បាន​ចាត់​ក្រុមហ៊ុន​Telecomm uni ca tio ns of Consultants India Limited (TCIL) ជា​តំណាង​ក្នុង​ការទទួល​រ៉ាប់រង​លើ ការអនុវត្ត​គម្រោង​សាកល្បង​ខាងលើ​នៅ​កម្ពុជា​។​

គួរ​បញ្ជាក់ថា​ក្រុមហ៊ុន TCIL បាន​បញ្ជូន​ក្រុមការងារ​ដែលមាន​មន្ត្រីជាន់ខ្ពស់ និង​អ្នកជំនាញ​បច្ចេកទេស មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​រយៈពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២៤ និង​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៨​។​

ក្នុងអំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ ក្រុមការងារ​របស់​ក្រុមហ៊ុន TCIL ក៏បាន​ជួបពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​តំណាង​ក្រសួង ដែល​ដឹកនាំ​ដោយ លោក សុខ ពុទ្ធិ​វុ​ធ អនុរដ្ឋលេខាធិការ​កា​លពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ កន្លងទៅ​នៅ​ទីស្តីការក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu