Ad Code

លោកស្រី Bachelet របស់​ប្រទេស​ឈី​លី​ ត្រូវបាន​ជ្រើសរើស​ជា​ប្រធាន​សិទ្ធិមនុស្ស​របស់ UN



អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres កាលពី​ថ្ងៃ​ពុធ​បានប្រកាស​តែងតាំង​លោកស្រី Michelle Bachelet ឲ្យ​ក្លាយជា​ប្រមុខ​សិទ្ធិមនុស្ស​បន្ទាប់​ របស់​ស្ថាប័ន​ពិភពលោក​មួយ​នេះ។ លោកស្រី​បាន​កាន់តំណែង​ជា​ប្រធានាធិបតី​ពីរដង​របស់​ប្រទេស​ឈី​លី​ដែល​ត្រូវ​ទទួលរង​នូវ​ការធ្វើ​ទារុណកម្ម​ក្រោម​របប​របស់លោក Pinochet។

លោកស្រី Bachelet អាយុ​៦៦​ឆ្នាំ​ នឹង​ត្រូវ​ជំនួស​លោក Zeid Ra'ad Al Hussein របស់​ប្រទេស​ហ្ស៊​កដា​នី​ដែលជា​អ្នក​រិះគន់​យ៉ាងខ្លាំង​អំពី​គោលនយោបាយ​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​កាន់តំណែង​ជា​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ចាប់តាំងពី​ខែកញ្ញា​ឆ្នាំ​២០១៤​មក​។​

ប្រធានាធិបតី​ពីរ​សម័យ​ដែល​ជាប់​ចំណាត់ថ្នាក់​ក្នុងចំណោម​ស្ត្រី​ដ៏​មាន​ឥទ្ធិពល​បំផុត​នៅក្នុង​ពិភព​នយោបាយ​រូបនេះ​ក៏បាន​បម្រើ​ការងារ​ជា​នាយិកា​ដំបូង​គេ​បំផុត​របស់​ភ្នាក់ងារ​លើកកម្ពស់​សម​ភាព​យេនឌ័រ​នៅ​ទូទាំង​ពិភពលោក​របស់​អង្គការសហប្រជាជាតិ​ផងដែរ​។​

សេចក្តី​ថ្លែង​របស់​អង្គការសហប្រជាជាតិ​បាន​និយាយថា លោក Guterres បាន​ជូនដំណឹង​ដល់​មហាសន្និបាត​អំពី​ការសម្រេចចិត្ត​របស់លោក​នៅក្នុង​លិខិត​មួយ​កាលពី​ថ្ងៃ​ពុធ​បន្ទាប់ពី​ការពិគ្រោះ​យោបល់​ជាមួយ​ប្រមុខ​ក្រុម​ប្រចាំ​តំបន់​នៅ​អង្គការសហប្រជាជាតិ​។​

ក្រុម​អ្នកការទូត​បាន​និយាយថា មហាសន្និបាត​១៩៣​ប្រទេស​នេះ​នឹង​ជួបប្រជុំគ្នា​នៅ​ថ្ងៃ​សុក្រ​ដើម្បី​បោះឆ្នោត​លើ​ការតែងតាំង​នេះ​ដែល​ត្រូវបាន​គេ​រំពឹងថា​នឹង​ទទួលបាន​ការអនុម័ត​។ លោក Zeid គ្រោង​នឹង​ចុះ​ចេញពី​តំណែង​នៅ​ថ្ងៃទី​៣១​ខែសីហា​។​

លោកស្រី Bachelet នឹង​ចូលទៅក្នុង​ទីតាំង​មួយ​ដែលមាន​ភាពចម្រូងចម្រាស​ជាច្រើន​នៅក្រោម​ការដឹកនាំ​របស់​លោក Zeid ដែល​បាន​សម្រេចចិត្ត​មិន​ស្វែងរក​អាណត្តិ​ទី​ពីរ​បន្ទាប់ពី​បាត់បង់​ការគាំទ្រ​ពី​បណ្តា​ប្រទេស​ដែលមាន​អំណាច​រួមទាំង​សហរដ្ឋអាមេរិក រុស្ស៊ី​និង​ចិន​ផងដែរ​។​

ដោយ​កើត​នៅ​ទីក្រុង Santiago, លោកស្រី Bachelet បាន​រៀន​ពេទ្យ​នៅពេល​លោកស្រី​ត្រូវបាន​ឃុំខ្លួន​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​។ បន្ទាប់ពី​ការដោះលែង លោកស្រី​ត្រូវបាន​គេ​និរទេស​ជាមួយ​ម្តាយ​របស់លោក​ស្រី​ទៅ​ប្រទេស​អូស្ត្រាលី​មុនពេល​ទៅ​រស់នៅ​ប្រទេស​អាល្លឺម៉ង់​ខាងកើត​។​
​លោកស្រី Bachelet បាន​វិល​ត្រឡប់មក​ប្រទេស​ឈី​លី​វិញ​នៅ​ឆ្នាំ​១៩៧៩​ប៉ុន្តែ​ត្រូវបាន​រារាំង​មិន​ឲ្យ​ធ្វើការ​ជា​វេជ្ជបណ្ឌិត​ដោយសារ​ហេតុផល​នយោបាយ​។​

បន្ទាប់ពី​លទ្ធិប្រជាធិបតេយ្យ​ត្រូវបាន​ស្តារឡើងវិញ​នៅ​ប្រទេស​ឈី​លី​ក្នុង​ឆ្នាំ​១៩៩០ លោកស្រី​បាន​បម្រើ​ការងារ​ឲ្យ​ក្រសួងសុខាភិបាល​ហើយ​នៅ​ឆ្នាំ​២០០០​ត្រូវបានតែងតាំង​ជា​រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​នៅ​បួន​ឆ្នាំ​បន្ទាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu