Ad Code

រដ្ឋមន្ត្រីការបរទេស​ស្នើសុំ​ចក្រភព​អង់គ្លេស​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ដល់​កម្ពុជា និង​ជំនួយ​សម្រាប់​ការ​ដោះមីន



ភ្នំពេញ ​៖ សំណើ​នេះ ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​រវាង​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ជាមួយ​លោកស្រី ធី​ណា ស៊ូ​ស្សាន រីត​វ៉ា (Tina Susan Redshaw) ឯកអគ្គរដ្ឋទូត​នៃ​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៨​។

បន្ទាប់ពី​ជំនួប​ពិភាក្សា​នោះ លោក កេ​ត សោ​ផាន់ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា នៅក្នុង​ជំនួប​នោះ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែងអំណរគុណ ដែល​លោកស្រី Tina Susan Redshaw ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​នៃ​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា ហើយ​លោក​បាន​ជូនពរ​ឲ្យ​លោកស្រី​បំពេញការងារ​ប្រកបដោយ​ជោគជ័យ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​។

តាម​លោក កេ​ត សោ​ផាន់ នៅក្នុង​ជំនួប​នោះ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​លើ​បញ្ហា​ជាច្រើន ទាំង​ថ្នាក់​តំបន់ និង​អន្តរជាតិ ហើយ​ទាក់ទង​កិច្ច​សហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ គឺ​កម្ពុជា និង​ចក្រភព​អង់គ្លេស ភាគី​ទាំងពីរ​បាន​សន្យា​ថា នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ឲ្យ​រឹងមាំ​បន្ថែម​ទៀត ហើយ​លោក​ទេសរដ្ឋមន្ត្រី​បាន​អះអាង​ថា ផ្អែក​តាម​បទពិសោធន៍​របស់​លោក​ស្រី​នឹង​អាច​ធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី ជាពិសេស​អនុស្សរណៈ​នៃ​ការពិគ្រោះ​យោបល់​គ្នា​រវាង​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំងពីរ ដែល​អនុស្សរណៈ​នេះ មានបំណង​ផ្លាស់ប្ដូរ​មតិយោបល់ និង​កិច្ចការ​ផ្សេងៗ ដែល​បម្រើ​ឲ្យ​ប្រទេស​ទាំងពីរ ក៏ដូចជា​នៅក្នុង​តំបន់​។

លោក កេ​ត សោ​ផាន់ បាន​អះអាង​ថា វិស័យ​អប់រំ​ក៏​ត្រូវ​បាន​លើក​ឡើង​ផង​ដែរ នៅក្នុង​ជំនួប​ពិភាក្សា​នោះ ជាពិសេស​បញ្ហា​ទំនាក់ទំនង​រវាង​វិទ្យាស្ថាន​ការទូត​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​ការសិក្សា​តាម​អន​ឡាញ​។



ទាក់ទង​បញ្ហា​វិស័យ​ដោះ​មីន​នៅ​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ដល់​ចក្រភព​អង់គ្លេស ដែល​បាន​កន្លងមក​បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា តាមរយៈ​អង្គការ​ហេ​ឡូ​ត្រាស់ និង​បានស្នើ​ឲ្យ​អង់គ្លេស​ផ្ដល់​ជំនួយ​ការ​ដល់​វិទ្យាស្ថាន​ដោះ​មីន​របស់​អាស៊ាន ដែល​មាន​ទីតាំងនៅ​ភ្នំពេញ។

ទាក់ទង​បញ្ហា​ដោះមីន​នេះ​ដែរ លោកស្រី​ឯកអគ្គរដ្ឋទូត​បាន​លើក​ឡើង​ថា នៅ​សប្តាហ៍​ក្រោយនេះ​អនុរដ្ឋមន្ត្រី​ការបរទេស​នៃ​ចក្រភព​អង់គ្លេស នឹង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​លោក​នឹង​ជួប​ជាមួយ​អង្គការ​ហេ​ឡូ​ត្រាស់ នៅ​ខេត្តសៀមរាប មុន​បន្តដំណើរ​ទៅ​ទីក្រុង​វៀង​ច័ន្ទ​ប្រទេស​ឡាវ ហើយ​លោកស្រី​បាន​អះអាង​ថា នៅពេល​ឆាប់ៗ​នេះ​នឹង​មាន​សេចក្តី​ប្រកាស​មួយ​ទាក់ទង​នឹង​ជំនួយ​របស់​ចក្រភព​អង់គ្លេស​លើ​វិស័យ​ដោះ​មីន​នៅ​កម្ពុជា​រយៈពេល​បី​ឆ្នាំ​។ តាម លោកស្រី Tina Susan Redshaw ការផ្ដល់​ជំនួយ​លើ​វិស័យ​ដោះមីន​នេះ ដោយសារតែ​រាជរដ្ឋាភិបាល​កម្ពុជា មានការ​ប្ដេជ្ញាចិត្ត​ខ្ពស់​លើ​វិស័យ​ដោះមីន​។

ដោយឡែក​លើ​បញ្ហា​ពាណិជ្ជកម្ម សារ​តែ​កម្ពុជា និង​ចក្រភព​អង់គ្លេស មាន​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម ហើយ​មានការ​រីកចម្រើន​ផង​នោះ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ទស្សនៈ​កិច្ច របស់​ធុរៈ​ជនកម្ពុជា ទៅកាន់​ប្រទេស​អង់គ្លេស ហើយ​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ស្នើ​ឲ្យ​ចក្រភព​អង់គ្លេស​ផ្ដល់នូវ​ប្រព័ន្ធ​អនុគ្រោះ សម្រាប់​ប្រទេស ដែល​មាន​ការ​អភិវឌ្ឍ​ន៍​តិចតួច (LDC) ក្នុងនោះ​មាន​កម្ពុជា​ផងដែរ។

លើ​វិស័យ​អប់រំ លោកស្រី​ឯកអគ្គរដ្ឋទូត​បាន​បញ្ជាក់​ថា អង់គ្លេស​មាន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​នេះ​រយៈពេល​២ ឆ្នាំ គឺ​ផ្នែក​វិទ្យាសាស្ត្រ និង​គណិតវិទ្យា ហើយ​ពេលនេះ បាន​ឈាន​ដល់​វិស័យ​មួយទៀត គឺ​ការបណ្ដុះបណ្ដាល​ដល់​យុវជន ដែល​ផ្ដល់ឱកាស​ឲ្យ​ពួកគេ ស្វែងរក​ជំនាញ​ផ្សេងៗ​ក្នុងការ​ចិញ្ចឹមជីវិត​។

ចំពោះ​កិច្ច​សហ​ប្រប​ត្តិ​ការ​ជាមួយ​អាស៊ាន​ចក្រភព​អង់គ្លេស​កំពុង​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​របស់ខ្លួន ក្នុង​ការ​ចូលរួម​ជាមួយ​អាស៊ាន ដើម្បី​ក្លាយជា​ដៃគូ​សន្ទនា​តាម​វិស័យ​នីមួយៗ។

ដោយឡែក​ទាក់ទង​ទៅ​នឹង​ការបោះឆ្នោត​នៅ​ប្រទេស​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ជម្រាប​លោកស្រី​ឯកអគ្គរដ្ឋទូត​នៃ​ចក្រភព​អង់គ្លេស​ថា ការ​ចេញ​មក​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​ជាង​៨៣​ភាគរយ បញ្ជាក់​ថា ប្រជាពលរដ្ឋ​ពិតជា​បាន​ជ្រើសរើស និង​បង្ហាញ​នូវ​សិទ្ធិ​នយោបាយ​របស់​ខ្លួន ហើយ​បើ​ទោះបី​ជា​មាន​បណ្ដា​ប្រទេស​មួយចំនួន បាន​ធ្វើ​ការរិះគន់​ការបោះឆ្នោត​នៅ​កម្ពុជា​ក៏ដោយ ប៉ុន្តែ​ជា​សមត្ថភាព​ជាក់ស្តែង បាន​បង្ហាញថា ប្រជាពលរដ្ឋ​កម្ពុជា​បាន​ជ្រើសរើស​នៅ​ផ្លូវ​ដើរ ឬ​ការសម្រេចចិត្ត​របស់​ខ្លួន ហើយ​ដើម្បី​ឆ្លើយតប​ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​ចេញ​មក​បោះឆ្នោត​នេះ រាជរដ្ឋាភិបាល​ថ្មី នឹង​ខិតខំ​បន្ថែម​ទៀត ដើម្បី​បំពេញ​បំណងប្រាថ្នា​របស់​ប្រជាជន​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu