កីឡាការិនីបាល់ទាត់ ហួត គឹមហុង សមាជិកក្នុងក្រុមបាល់ទាត់នារីរបស់ក្លិបភ្នំពេញក្រោន និងជាប្រធានក្រុមប្រចាំជម្រើសជាតិបាល់ទាត់នារីកម្ពុជា ត្រៀមចាកចេញពីមាតុភូមិទៅសិក្សានៅសហរដ្ឋអាមេរិករយៈពេល២ឆ្នាំ ខណៈរូបគេក៏នឹងក្លាយជាកីឡាការិនីប្រចាំសាលាថ្មីរបស់គេនេះផងដែរ។
សាមីខ្លួនបានបញ្ជាក់ថា រូបគេនឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក វេលាម៉ោង១០យប់ថ្ងៃអាទិត្យ ទី១៩ ខែសីហា ឆ្នាំ២០១៨ នេះដោយនឹងចំណាយពេលនៅទីនោះ ២ឆ្នាំប៉ុន្តែប្រសិនបើនាងទទួលបានលទ្ធផលល្អក្នុងការសិក្សាភាគីអាមេរិកនឹងផ្តល់ឱកាសអាហារូបករណ៍គ្រប់ ៤ឆ្នាំតែម្តង។សាលាដែលរូបបានទទួលអាហារូបករណ៍ឈ្មោះថាសាលា Bryant and Stratton College ដែលស្ថិតនៅទីក្រុងញូវយ៉ក។
ម្ចាស់គ្រាប់បាល់ច្រើនជាងឲ្យកម្ពុជា ពេលប៉ះទីម័រខាងកើត កាលពីពេលថ្មីៗរូបនេះបញ្ជាក់ថា មូលហេតុដែលខ្លួនទទួលបានឱកាសនៅក្រៅប្រទេសនេះ ដោយសារការជ្រោមជ្រែងពីជនបរទេសមួយរូបឈ្មោះ Rick Beal ព្រោះតែរូបនាងគឺជាគ្រូបង្វឹកកូនៗរបស់គ្រួសារអាមេរិគមួយនេះ។ គីមហុង បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា «ខ្ញុំមានក្តីរីករាយមែនទែននៅពេលដែលខាងសាលាទាក់ទងដោយប្រាប់ថា ខ្ញុំបានជាប់អាហារូបករណ៍ហើយក្រោយឆ្លងកាត់ការប្រលង និងសម្ភាសន៍រួចមក ហើយនៅទីនោះក្រៅពីការសិក្សាជំនាញគ្រប់គ្រង ខ្ញុំក៏នឹងក្លាយជាកីឡាការិនីបាល់ទាត់ប្រចាំសាលាផងដែរ»។
កីឡាការិនី ហួត គីមហុង ធ្លាប់បានទទួលការបណ្តុះបណ្តាលនៅអង្គការ Mighty Girls ក្នុងខេត្តបាត់ដំបងជាទីដែលរូបនាងបានផ្លាស់ប្តូរជីវិតរហូតមកដល់បច្ចុប្បន្នក្រោយពីបានចូលហ្វឹកហាត់កីឡាបាល់ទាត់រួចមក។ ដោយការខិតខំព្យាយាម គួបផ្សំជាមួយនឹងទេពកោសល្យពីធម្មជាតិផងនោះ គីមហុង បានវិវត្តន៍ខ្លួនរហូតក្លាយជាកីឡាការិនីអាជីពមួយរូបនៅក្នុងក្លឹបភ្នំពេញក្រោន ព្រមទាំងជាប់ជាកីឡាការិនីក្រុមនារីជម្រើសជាតិកម្ពុជាដោយមានតួនាទីជាប្រធានក្រុមក្នុងព្រឹត្តិការណ៍ AFF Women’s Championship 2018 និងរកបាន ៧គ្រាប់នៅក្នុងជំនួបជាមួយក្រុមទីម័រខាងកើត៕
Source: Kampuchea Thmey Daily
0 Comments