Ad Code

ករណី​ឃាតកម្ម​ទៅលើ​នគរបាល​ប៉ុស្តិ៍​គោកចក អាច​ជា​រឿង​ស្នេហា​ត្រីកោណ



សៀមរាប​ ៖​ យោង​តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការ ដែល​ផ្តល់​មក​ថា​ស្ត្រី​ជនសង្ស័យ​(​ប្រពន្ធ​)​បានសម្រេច​ចិត្ត​ចាក់​សម្លាប់​ប្តី​របស់​ខ្លួន​ដោយសារតែ​ខឹង​ប្តី​បាន​ចុះ​ចេញពីផ្ទះ​អស់​រយៈពេល​ជាច្រើន​ខែ​ទៅ​រស់នៅ​ជាមួយ​ស្រី​ថ្មី​។

ប្រភព​ខ្សឹប​ប្រាប់​ថា ស្ត្រី​ជនសង្ស័យ​ដែល​ចាក់​សម្លាប់ (​ប្តី​)​ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​គោកចក ចំនួន​១០​កាំបិត បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នោះ គឺ​បណ្តាល​មក​ពី​រឿង​ប្រច័ណ្ឌ ប្តី​មាន​ស្រី និង​ទំនាស់​ក្នុង​គ្រួសារ​ជា​យូរ​ខែ​មក​ហើយ ទើប​ឈាន​ដល់​បែបនេះ​។​ ទើប​រៀប​គំរោង​ការ​ហៅ​ប្តី​មក​ផ្ទះ ដោយ​យក​លេស​ថា​កូន​ឈឺ លឺ​ដូច្នេះ​ជនរងគ្រោះ​ជា​ប្តី​បាន​មក​ឌុប​កូន​ទៅ​ពេទ្យ​រួចរាល់​ក៏​ជិះ​ម៉ូតូ​មក​ផ្ទះ​វិញ គ្រានោះ​ជនសង្ស័យ​បាន​ព្យាយាម​លួងលោម​ប្តី​ឲ្យ​មក​រួមរស់​ជាមួយគ្នា​វិញ​តែ​ប្តី​មិន​ព្រម ទើប​កើតរឿង​នឹកឃើញ​យក​កាំបិត​មក​ចាក់​សម្លាប់​ប្តី​តែម្តង​។ ​ដោយ​គិត​ខ្លី​ថា បើ​ខ្លួន​មិនបាន​ចឹ​ង​នរណា​ក៏​មិនបាន​ដែរ​។​ ចំណែក​ស្ត្រី​កំណាន់​គឺជា​ស្ត្រី​មេម៉ាយ ប្តី​ជាប់គុក​។



បន្ទាប់ពី​ទទួល​សេចក្តី​រាយការណ៍​ពី​បងប្អូន​ប្រជាពលរដ្ឋ និង ដោយមាន​បទបញ្ជា​រយ៉ា​ង​ម៉ឺងម៉ាត់​ពី​លោក ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ក៏ដូចជា​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្តា​រ៉េត ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ នគរបាល​ក្រុង​សៀមរាប បានធ្វើ​ការ​រក្សា​និង​ពិនិត្យ​កន្លែង​កើតហេតុ ហើយ​បើក​ការស្រាវជ្រាវ ដោយមាន​ការចូលរួម​ពី​សមត្ថកិច្ច​ជំនាញ។

លទ្ធផល​ពិនិត្យ​កន្លែង​កើតហេតុ និង​នៅ​លើ​សាកសព​ជនរងគ្រោះ មាន​ស្នាម​ចាក់​ដោយ​កាំបិត​ចំនួន​១០​ចំណុច ដោយឡែក​សម្ភារៈ​ទ្រព្យសម្បត្តិ​របស់​ជនរ​ង​គ្រោះ​មិន​មាន​ការបាត់បង់​ឡើយ ហើយ​បាន​សន្និដ្ឋានថា​ ករណីនេះ ជា​ករណី​គំនុំ​។

លោក វរសេនីយ៍ត្រី នួន ស​ក្តិ័​ចំរើន​រិ​ទ្ធ អធិការរង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​រូបលោក បាន​ធ្វើ​ការ​ស្រាវជ្រាវ យ៉ាង​យកចិត្តទុកដាក់ អស់​រយៈពេល​៧​ម៉ោង នៅ​វេលា​ម៉ោង​១៣​និង​០០​នាទី​ថ្ងៃ​ដដែល មន្ត្រី​នគរបាល​យុត្តិធម៌​យើង បាន​ធ្វើ​ការកំណត់​អត្តសញ្ញាណ​ជនសង្ស័យ និង​នាំ​ខ្លួន​យកមក​ធ្វើការ​សាកសួរ​។

លោក​បន្ត​ថា ជនសង្ស័យ​មានឈ្មោះ សុខ លី​នី ភេទ​ស្រី អាយុ ២៦​ឆ្នាំ មាន​ទីកន្លែង​កំណើត នៅ​ភូមិ​ដើម​ចន្ទ សង្កាត់​ច្បារអំពៅ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ត្រូវជា​ភរិយា របស់​ជនរងគ្រោះ ទៅ​មន្ទីរពេទ្យ ព្រោះ​កូន​ឈឺ​ហើយ​ក្អួត​ចេញ​មក​ឈាម។



លោក​បន្ថែម​ថា ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា មុន​ពេល​កើតហេតុ កាលពី​យប់​វេលា​ម៉ោង​២៤​និង​២៥​នាទី ឆ្លង​ចូល​ថ្ងៃទី​១៥​ខែសីហា នៅ​ចំណុច​ផ្ទះ​របស់​ជនសង្ស័យ ស្ថិត​ក្នុង​ក្រុមទី​១១ ភូមិ​ឆ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ជនសង្ស័យ​បាន យក​ទូរស័ព្ទ ខ​ល​ទៅ​ជនរងគ្រោះ ឈ្មោះ​ហ៊ឹម វណ្ណា​រ៉ូ ដើម្បី​ឲ្យ​មក​ជួយ​យក​កូន តប​វិញ​ថា ចាំ​ស្អែក​ទៅ។ ​លុះដល់​វេលា​ម៉ោង​០១​និង​១៣​នាទី ជនសង្ស័យ​បាន​ធ្វើ​ការ​ខ​ល​ទៅ​ម្តងទៀត ដោយ​ប្រាប់​ជនរងគ្រោះ​ថា បង​ឆាប់​មកៗ​កូន​យើង​កាន់តែ​មិន​ស្រួល​មែនទែន​ហើយ ជនរងគ្រោះ​ក៏បាន​ធ្វើដំណើរ​ចេញពី​កន្លែងធ្វើការ ដើម្បី​ទៅយក​ជនសង្ស័យ​និង​កូន​ទៅ​មន្ទីរ​ពេទ្យ​។

ចំណែក​ប្រភព​មួយទៀត​បាន​និយាយ​ថា ចំពោះ​រឿង​ករណី​ឃាតកម្ម​ចាក់​សម្លាប់ ប៉ូលិស ដែល​ត្រូវជា​ប្តី​នោះ មិនមែន​ស្ត្រី ជនសង្ស័យ ធ្វើ​តែម្នាក់ឯង​ទៅរួច​ទេ បើ​មិន​មាន​អ្នក​ជួយ ក្រៅពី​សាច់ញាតិ ឬ​មិត្ត​ភ័​ក្កិ ចាប់​២​ទៅ​៣​នាក់​ទេ​នោះ​ ក៏​មិនអាច​ចាក់​សម្លាប់​រហូតដល់​ទៅ​១០​កាំបិត ក្នុង​នោះ​ត្រូវ​ចំ​ពីមុខ​ចំនួន​៩​កាំបិត និង ក្រោយខ្នង បោះដៃផុត ១​កាំបិត ទៀត បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​ផង​ដែរ ព្រោះ​ជនរងគ្រោះ ដែល ជា​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​សង្កាត់​គោកចក មាន​មាឌធំ​ល្មម​ដែរ រឿង​អី ចាញ់​ស្រី​ម្នាក់​នោះ វា​មិនអាច​ទៅ​កើត​ទេ ប្រហែល​ស្ត្រី​រូប​នោះ​យកទោស​កំហុស​ជាប់គុក​តែម្នាក់ឯង មិន​ឲ្យ​មានការ​ពាក់ព័ន្ធ​ដល់​អ្នកដទៃ​ឡើយ ឬ​សាច់ញាតិ​របស់ខ្លួន​ឡើយ។

លោក​យិន ស្រាង អ្នកនាំពាក្យ​នៃ​សាលាដំបូង​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១៧​នេះ​ថា បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូន​មកកាន់​តុលាការ​ហើយ​លោក​ចៅក្រម​បានសម្រេច​ចោទប្រកាន់​ជនសង្ស័យ​ពី​បទ​ឃាតកម្ម និង​នាំ​យក​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​នៅ​ល្ងាច​នេះ​ផង​ដែរ៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu