លោកវេង សាខុន ថ្លែងអំណរគុណជូន ចំពោះប្រជាជន ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា
កំពង់ចាម ៖ លោកវេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំពង់សៀមនាព្រឹកថ្ងៃសៅរ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយសមាជិក សមាជិកាបក្សចំនួន៧៨០នាក់ ក្នុងបំណងថ្លែងអំណរគុណជូន ចំពោះប្រជាជន ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។
លោកប្រធានក្រុមប្រឹក្សា ឃុំស្រក បានរាយការណ៍ជូនអង្គពិធីជ្រាបថា ឃុំស្រក ប្រជាជនមានឈ្មោះបោះឆ្នោតចំនួន ៤០១១នាក់ ក្នុងនោះសមាជិកបក្សចំនួន ២ ៤០៣នាក់ ហើយបានបោះឆ្នោតជូនគណបក្សប្រជាជន ចំនួន ២៤៩០នាក់ ស្មើ ១០៣,៦២%។
ជាមួយនឹង លទ្ធផល ដ៏ល្អនេះ លោកវេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំពង់ សៀម បានសម្តែង ក្តី សប្បាយរីករាយ នៅពេល ប្រជាពលរដ្ឋ បោះឆ្នោត គាំទ្រ គណបក្សប្រជាជន លើសលប់ ស្មើ ១០៣,៦២%។ ជាមួយគ្នានេះ លោក ប្រធាន ក្នុងនាមសម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងក្នុងនាមក្រុមការងារថ្នាក់ជាតិ ថ្នាក់មូលដ្ឋានចុះជួយឃុំស្រក សូមថ្លែងអំណរគុណជាអនេកនិងវាយតម្លៃខ្ពស់ជូនចំពោះម្ចាស់សំឡេងទាំងអស់ដែលបានជឿទុកចិត្ត គាំទ្របោះឆ្នោតជូនគណបក្សប្រជាជនដើម្បីថែរក្សាសុខសន្តិភាព និងបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍថ្មីៗបន្ថែមទៀតឆ្លើយតបទៅតាមនិន្នាការវិវឌ្ឍ សេដ្ឋកិច្ចជាតិ និងកំណើនតម្រូវការរបស់ប្រជាពលរដ្ឋ និងសូមថ្លែងអំណរគុណផងដែរជូនចំពោះសមាជិកក្រុមការងារគ្រប់លំដាប់ថ្នាក់ សកម្មជន និងពិសេសសមាជិកបក្សដែល បានយកអស់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ពេលវេលាក្នុងយុទ្ធនាការឃោសនាកន្លងមក រហូតសម្រេចបានជ័យជំនះនាថ្ងៃនេះ។
ទន្ទឹមនឹងសមិទ្ធផលយ៉ាង ត្រចះត្រចង់នេះ លោកបានផ្តាំផ្ញើដល់សមាជិកគ្រប់ជាន់ ថ្នាក់ទាំងអស់មេត្តាបន្តចុះជួបប្រជាពលរដ្ឋ និងសមាជិកនៅ មូលដ្ឋានដើម្បីតាមដានបញ្ហាប្រឈម តម្រូវការជាក់ស្តែង និងចាំបាប់ទាំងការងារបច្ចេកទេស និងកាងារសង្គមរួចដាក់ចេញ នូវវិធានការដោះស្រាយជាបន្តបន្ទាប់តាមអាទិភាពជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលាក្នុងន័យជួយលើកស្ទួយកម្រិតជីវភាពឲ្យកាន់តែល្អប្រសើរ ពិសេសកែ លម្អ ឬជួសជុលផ្លូវលំតាមសំណើរបស់បងប្អូន ហើយ សកម្មភាពនេះសមស្របតាមប្រសាសន៍ណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោសែនគឺថាមន្ត្រីត្រូវចុះជួយប្រជាជននៅមូលដ្ឋានឲ្យសកម្ម ទូលំទូលាយជាងមុន និងមានប្រសិទ្ធភាពជាងមុន៕
Source: Kampuchea Thmey Daily
0 Comments