Ad Code

ការ​បាក់​ច្រាំងទន្លេ ដាច់​ផ្លូវ នៅ​សង្កាត់​ព្រែក​តា​សេក អភិបាល​រាជធានី​ជំរុញ​ឱ្យ​មាន​ការស្ថាបនា​ឡើងវិញ​ជាបន្ទាន់ ដើម្បីអោយ​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ឡើងវិញ



ភ្នំពេញ ​៖ ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង បាន​បញ្ជា​ជាបន្ទាន់​ឱ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ធ្វើការ​ស្ថាបនា​ឡើងវិញ នៅ​កំណាត់​ផ្លូវ​មួយ​ខ្សែ ដែល​ទទួលរង​ការខូចខាត ដោយ​បាក់​ផ្តាច់​ដោយសារ​ទឹកជំនន់​ទន្លេសាប​នា​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ នៅ​ទីតាំង ក្រុមទី​២ ភូមិ​ព្រែក​តា​គង់ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។

ការ​ជំរុញ​បែបនេះ របស់​អភិបាល​រាជធានី​ភ្នំពេញ បានធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៨​នេះ ខណៈដែល​លោក​អភិបាល​ដឹកនាំ​អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ ចុះទៅ​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង នៃ​ការបាក់​ច្រាំងទន្លេ​នេះ​។​

លោក ឃួ​ង ស្រេង ក្នុងឱកាស​នោះ បាន​សម្តែង​ការសោកស្តាយ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ជុំវិញ​គ្រោះធម្មជាតិ ដែល​បណ្តាលឱ្យ​បាក់​ផ្តាច់​ផ្លូវ​ខាងលើនេះ​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក្តី​ជាការ​ឆ្លើយតប លោក​អភិបាល​រាជធានី បាន​សន្យាថា នឹង​ស្ថាបនា​ផ្លូវ​ដែល​បាក់​នេះ​ឱ្យបាន​ឆាប់ ដើម្បី​ប្រើប្រាស់​ជា​បណ្តោះអាសន្ន។ ជុំវិញ​ការងារ​នេះ លោក​អភិបាល​បាន​ជំរុញ​ឱ្យ​មន្ទីរ​ពាក់ព័ន្ធ​ពិសេស​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ នឹង​មន្ទីរ​ធនធានទឹក ពិនិត្យ​និង​សិក្សា​ឱ្យបាន​ហ្មត់ចត់ មុននឹង​ចាក់​ថ្ម​ធ្វើ​គ្រឹះ​ចាក់ដី​បំពេញ​ច្រាំង​បាក់​នេះ​ឡើងវិញ​។​

លោក​បាន​បញ្ជាក់ថា ការស្ថាបនា​លប់​ច្រាំងទន្លេ​ ដែល​បាក់​នេះ ធ្វើ​ឡើងជា​បណ្តោះអាសន្ន សំខាន់​ទប់​កុំឱ្យ​បាក់​បន្ត និង​មួយវិញទៀត​គឺ​អាចឱ្យ​ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​បានជា​បណ្តោះ​អាសន្ន ព្រោះ​ប្រជាពលរដ្ឋនៅក្នុង​តំបន់​នេះ ប្រាស្រ័យ​តែ​ផ្លូវ​មួយ​នេះ​ទេ​។

លោក​អភិបាល​បន្តថា នៅ​រដូវ​ទឹក​ស្រក​ខាងមុខនេះ លោក​នឹង​ឱ្យ​មន្ត្រី​ជំនាញ ចុះ​មក​សិក្សា​បច្ចេកទេស​ឱ្យបាន​ហ្មត់ចត់ ហើយ​យើង​នឹង​អាច​បុក​ស៊ីវ​ផាយ ដើម្បី​ធ្វើឱ្យ​ផ្លូវ​នេះ​រឹងមាំ​ជាប់លាប់​តែម្តង​។​

បើតាម​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន បានលើកឡើង​ឱ្យដឹងថា ផ្លូវ​នេះ​តែង​បាក់​ជា​រៀងរាល់ឆ្នាំ តែ​បាក់​តិចតួច អាជ្ញាធរ​មូលដ្ឋាន​តែងតែ​ធ្វើការ​ជួសជុល​ជា​បន្តបន្ទាប់ ប៉ុន្តែ​ឆ្នាំនេះ​បាក់​ខ្លាំង អាជ្ញាធរ​មូលដ្ឋាន​មិនមាន​លទ្ធភាព​ជួសជុល ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ ធ្វើការ​ជួសជុល​ឱ្យ​ទាំងស្រុង​តែម្តង​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu