Ad Code

ឆេះ​ផ្ទះ​ពលរដ្ឋ​២​ខ្នង គិត​ជា​ទឹកប្រាក់​សរុប​ប្រហែល​ជិត​២ម៉ឺន​ដុល្លារ



បាត់ដំបង ​៖​ លំនៅឋាន​ចំនួន​២​ខ្នង ដែល​បាន​សាងសង់​ឡើង​នៅ​ជាប់ៗ​គ្នា ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​ទាំង​កណ្តាល​ថ្ងៃ បើ​គិតពី​ទ្រព្យសម្បត្តិ​ដែល​អគ្គីភ័យ​បំផ្លាញ សរុប​ប្រមាណ​ជិត​២​ម៉ឺន​ ដុល្លារ ដោយសារតែ​ការ​ឆ្លង​ចរន្ត​អគ្គិសនី។

បើ​យោងតាម​របាយការណ៍របស់​ការិយាល័យ​បង្ការ ពន្លត់អគ្គីភ័យ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបាត់ដំបង បានអោយដឹងថា ហេតុការណ៍​ដែល​ធ្វើអោយមាន​ភាព​ចលាចល​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី ៣ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង ១២ថ្ងៃត្រង់ នៅ​ចំណុច​ក្រុមទី​១ ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង។​

​របាយការណ៍​បាន​បន្តថា ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម កំលាំង​ការិយាល័យ​ជំនាញ​បានចេញ​ប្រតិបត្តិការ ដោយបាន​ប្រើប្រាស់​រថយន្ត​ទឹក​ចំនួន​៣​គ្រឿង ដើម្បី​ឆ្ពោះទៅកាន់​ទីកន្លែង​កើតហេតុ ព្រមទាំង​បានធ្វើ​ការបាញ់​ទប់ស្កាត់​ដើម្បី​កុំអោយ​អណ្តាតភ្លើង រាលដាល​ទៅកាន់​ផ្ទះ​ប្រជាពលរដ្ឋ​ដទៃ ព្រោះ​នៅក្នុងពេល​នោះដែរ គឺ​ភ្លើង​កំពុង​ឆេះ​ទៅលើ​លំនៅដ្ឋាន​ចំនួន​២​ខ្នង រួចទៅហើយ។​

ជា​លទ្ធផល អណ្តាតភ្លើង​ត្រូវបាន​រលត់​អស់​នៅវេលា​ម៉ោង​១ និង ២០ នាទី រសៀល​ថ្ងៃ​ដដែល រីឯ​ផ្ទះ​ដែល​ត្រូវ​ចរន្ត​អគ្គិសនី​ឆ្លង និង​ឆេះ​មុនគេ​គឺ​ម្ចាស់ផ្ទះ​មានឈ្មោះ វ៉ា កូ​លាប​ ភេទ​ស្រី អាយុ​៦៣​ឆ្នាំ មាន​មុខរបរ​លក់ដូរ ដោយ​ផ្ទះ​នេះ​មាន​ទំហំ ៧ គុណ ១០ ម៉ែត្រ ធ្វើ​អំពី​ឈើ ជញ្ជាំង​ក្តារ ប្រក់​ស័ង្កសី និង​ទ្រព្យសម្បត្តិ​រួមមាន ប្រាក់​ដុល្លារ​ចំនួន ៤៦០ ដុល្លារ គ្រែ ៤ មាស​គ្រឿង ១,៣ តម្លឹង ប្លាទីន​គ្រឿង ៧ ជី កង់ ៣ ទូរទស្សន៍ ១ គ្រឿង និង​សម្ភារៈ​ក្នុងផ្ទះ​ជាច្រើន​ទៀត សរុប​ប្រហែល ៨ ០០០ ដុល្លារ។

ដោយឡែក​ផ្ទះ​១​ខ្នង​ទៀត ដែល​ត្រូវ​អណ្តាត​ភ្លើង​រាលដាល​ឆេះ​ទៅដល់​នោះ គឺ​ម្ចាស់​ឈ្មោះ ធូ ជឹ​ក ភេទ​ប្រុស អាយុ​៦១​ឆ្នាំ មាន​មុខរបរ​លក់ដូរ​ដូចគ្នា ដោយ​ផ្ទះ​មាន​ទំហំ​៨ គុណ ៩ ម៉ែត្រ ធ្វើ​អំពី​ឈើ ជញ្ជាំង​ក្តារ ប្រក់​ស័ង្កសី ដែល​ទ្រព្យសម្បត្តិ​ដែល​ខាតបង់​រួមមាន មាស​គ្រឿង ៦ ជី គ្រែ​១ ទូរទស្សន៍​១ ក្បាល វី ស៊ី ឌី ១ កង្ហារ ៥ លុយ​ខ្មែរ​១ លាន ៣ សែន រៀល និង​សម្ភារៈ​ផ្សេងៗ​ទៀត សរុប​ជា​ទឹកប្រាក់ អស់​ប្រហែល​៨ ០០០ ដុល្លារ ដូចគ្នា ដោយ​មូលហេតុ​គឺ​មកពី​ការ​ឆ្លង​ចរន្ត​អគ្គិសនី៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu