Ad Code

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​សហភាព​អឺរ៉ុប​ប្រចាំ កម្ពុជា អញ្ជើញ ប្រគល់​រង្វាន់​ដល់​អ្នកទទួល​ជ័យលាភី​ជា​អ្នក​ចិញ្ចឹមសត្វ​ឆ្នើម



ភ្នំពេញ ​៖​ លោក រដ្ឋមន្ត្រី វេ​ង សាខុន រួម​នឹង​លោក ច​ច អី​ដ​កា អគ្គរាជទូត​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​រសៀល​ថ្ងៃ​សុក្រ ៧​រោច ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៨​ បាន​អញ្ជើញ ប្រគល់​រង្វាន់​ដល់​អ្នកទទួល​ជ័យលាភី​ជា​អ្នក​ចិញ្ចឹមសត្វ​ឆ្នើម ក្រោម​គម្រោង​កម្មវិធី​ជំរុញ​កំណើន​វិស័យ​កសិកម្ម​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន អនុវិស័យ​ជលផល និង​អនុវិស័យ​ផលិតកម្ម​សត្វ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា គម្រោង​កម្មវិធី​ជំរុញ​កំណើន​វិស័យ​កសិកម្ម​ប្រកបដោយ​ចីរភាព និង​បរិយាប័ន្ន អនុវិស័យ​ជលផល និង​អនុ​វិស័យ​ផលិតកម្ម​សត្វ​គឺជា​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​សហភាព​អឺរ៉ុប​ដែល​មាន​ទឹកប្រាក់​សរុប ២៦​លាន​អឺរ៉ូ ដើម្បី​អនុវត្ត​ពី​ឆ្នាំ​២០១៣ ដល់​២០១៨ ក្នុង​គោលបំណង​ជំរុញ​កំណើន​សេដ្ឋកិច្ច​សង្គម​ប្រកបដោយ​ចីរភាព តាមរយៈ​ការអភិវឌ្ឍន៍​អនុវិស័យ​ជលផល និង​អនុវិស័យ​ផលិតកម្ម​សត្វ ដែល​មាន​ការ​គាំទ្រ​យ៉ាង​ពេញលេញ​ពី​រាជរដ្ឋាភិបាល​កម្ពុជា សង្គម​ស៊ីវិល និង​ដៃគូ​​អភិវឌ្ឍន៍​នានា ដោយ​ឈរ​លើ​មូលដ្ឋាន​គោលការណ៍​កម្មវិធី​យុទ្ធសាស្ត្រ (Programme-Based Approach-PBA)។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​នោះ​អនុវិស័យ​ផលិតកម្ម​សត្វ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ទទួល​បាន​ជាង ៧ លាន​អឺរ៉ូ​ដើម្បី​អភិវឌ្ឍ​និង​ធ្វើ​ឲ្យ​ប្រសើរ​ទ្បើង​នូវ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដោយ​ផ្តោតលើ​លទ្ធផល​រំពឹង​ទុក​ចំនួន​៣ ជា​សំខាន់​ ដែល​បាន​និង​កំពុង​អនុវត្ត​ទូទាំង​២៥ រាជធានី​ខេត្ត​គឺ​ ៖ ការ​ពង្រឹង​ប្រព័ន្ធ​ផលិតកម្ម​សត្វ និង​គ្រប់គ្រង​ស្ថាប័ន ការ​ពង្រឹង​បណ្តាញ​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ និង​ការ​គាំទ្រ​ដល់​អ្នក​ចិញ្ចឹមសត្វ​ខ្នាត​តូច​។ កម្មវិធី ប្រគល់​រង្វាន់​ដល់​អ្នកទទួល​ជ័យលាភី​គឺជា​អ្នក​ចិញ្ចឹមសត្វ​ឆ្នើម​ជា​ផ្នែក​មួយ​នៃ​គម្រោង​កម្មវិធី ដែល​បាន​ប្រឡង​ជ្រើសរើស និង​លើក​ទឹក​ចិត្ត​ដល់​អ្នកមាន​ស្នាដៃ​ឆ្នើម​ក្នុងការ​ចិញ្ចឹមសត្វ និង​ដាំ​ដំណាំ​ចំណី​សត្វ​ក្នុង​គោលបំណង​ប្រែក្លាយ​គាត់​ឲ្យ​ទៅជា​អ្នក​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​ពាណិជ្ជកម្ម និង​ជា​គំរូ​ដល់​កសិករ​ដទៃ​បន្តទៀត​។​

មានមតិ​ស្វាគមន៍ លោក ច​ច អី​ដ​កា អគ្គរាជទូត​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​គូសបញ្ជាក់​ថា ​ក្នុង​វិស័យ​កសិកម្ម អនុវិស័យ​ចិញ្ចឹមសត្វ​គឺជា​អនុវិស័យ​ដ៏​មាន​សារៈសំខាន់​បន្ទាប់ពី​វិស័យ​ដំណាំ​ស្រូវ​នៅ​កម្ពុជា និង​ជា​ចលនា​សំខាន់​ក្នុងការ​បង្កើន​ការងារ ប្រាក់ចំណូល និង​កាត់បន្ថយ​ភាពក្រីក្រ​។ ហើយ​លោក​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សម្មភាព និង​ភាព​គាំទ្រ​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដែល​បាន​ចូលរួម​យ៉ាងសកម្ម និង​មាន​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​គម្រោង​ឲ្យ​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​។​

​នា​ក្នុងឱ​កាស​ដ៏​ប្រពៃ​នេះ លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សហភាព​អឺរ៉ុប​ដែល​បាន និង​កំពុង​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​កសិកម្ម ហើយ​លោក​រដ្ឋមន្ត្រី​សង្ឃឹម​និង​ជឿជាក់ថា​សហភាព​អឺរ៉ុប​នឹងចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​បន្តទៀត ដើម្បី​សម្រេច​ចក្ខុវិស័យ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កំរិត​ខ្ពស់​នា​ឆ្នាំ ២០៣០​។ លោក​រដ្ឋមន្ត្រី​ក៏បាន​ធ្វើការ​កោតសរសើរ​រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គម្រោង និង​សមិទ្ធផល​សំខាន់ៗ​ដែល​សម្រេចបាន​ដូច​ការរំពឹងទុក​រប​ស់​កម្ម​វិធី​។​

សូម​បញ្ជាក់​ថា​ ៖​ នៅក្នុង​គម្រោង​កម្មវិធី​នេះ​បាន​បង្កើត​ការ​ចិញ្ចឹម​មាន់​បង្ហាញ​បាន​ចំនួន ១១១​កន្លែង ដែល​បាន​សាយភាយ​ដល់​ជាង ១ ៣០០​គ្រួសារ​បន្ថែម​ស្មើនឹង​មាន់ ៥២ ២១៧​ក្បាល​។ បង្កើត​ការ​ចិញ្ចឹម​ជ្រូក​បង្ហាញ​បាន ១០០​កន្លែង និង​បាន​សាយភាយ​ដល់​ជាង ៤០០​គ្រួសារ​បន្ថែម​ស្មើនឹង​ជ្រូក ៣៦០​ក្បាល​។ កម្មវិធី​ក៏បាន​ផ្តោត​លើ​ការ​ដាំ​ស្មៅ​បង្ហាញ​សម្រាប់​ចំណី​សត្វ​ផង​ដែរ ដោយ​បាន​បង្កើត​បាន​ចំនួន ២០០​កន្លែង​ដល់​ជាង ៤២០​គ្រួសារ​ស្មើនឹង ៩ ៣៥២​ហ​ត។ ធ្វើការ​កែ​លម្អ​អនាម័យ​សត្តឃាតដ្ឋាន​បាន ១៥៥​កន្លែង ការចាក់​ថ្នាំ​វ៉ាក់សាំង​បង្ការ​សត្វ ធ្វើ​ជីវៈ​សុវត្ថិភាព ត្រួតពិនិត្យ​សុវត្ថិភាព​សត្វ និង​សាច់ ការ​បង្កាត់​ពូជ​គោ និង​ជ្រូក​សិប្បនិម្មិត​ក៏បាន​អនុវត្ត​យ៉ាង​មាន​ប្រសិទ្ធភាព​ផងដែរ​។ កម្មវិធី​ក៏បាន​ពង្រឹងសមត្ថភាព​មន្ត្រី​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល និង​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​ទូទាំង​២៥ រាជធានី ខេត្ត និង​កសិករ​រាប់ម៉ឺន​នាក់ តាមរយៈ​ការផ្តល់​វគ្គ​បណ្តុះបណ្តាល និង​វគ្គ​សិក្ខាសាលា​ស្តីពី​បច្ចេកទេស​ចិញ្ចឹមសត្វ ការគ្រប់គ្រង​និង​ភាពជា​អ្នកដឹកនាំ ហិរញ្ញវត្ថុ​និង​គណនេយ្យ ការបញ្ជ្រៀប​យេនឌ័រ​និង​ការអភិវឌ្ឍ ដាំ​ដំណាំ​ចំណី​សត្វ ការធ្វើ​ចំណី​សត្វ ការគ្រប់គ្រង​ជំងឺ​សត្វ ការអង្កេត​និង​តាមដាន​ជំងឺ​សត្វ ការអនុវត្ត​ការចិញ្ចឹម​សត្វ​ល្អ​របស់​អាស៊ាន (ASEAN Good Animal Practice) ទស្សនៈកិច្ច​សិក្សា​ទៅ​ប្រទេស​អាស៊ាន រួមជាមួយ​ការបង្កើត និង​ផ្សព្វផ្សាយ​ក្របខ័ណ្ឌ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​បសុសត្វ ២០១៦-២០២៥ និង​ច្បាប់​ស្តីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ អនុក្រឹត្យ និង​ប្រកាស​នានា​របស់​អគ្គនាយក​ដ្ឋា​ន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​គួរ​ជាទី​មោទនៈ​។​

​ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី​បានធ្វើ​ការណែនាំ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ឲ្យ​ផ្តោតជាសំខាន់​នូវ​សុខទុក្ខ បញ្ហា​ប្រឈម និង​ជីវភាព​របស់​ប្រជាកសិករ តាមរយៈ​រៀបចំ​ផែនការ​ពង្រឹងសមត្ថភាព និង​បង្កើន​ប្រាក់ចំណូល​របស់​កសិក​រ​ឲ្យ​ស្រប​ទៅ​និង​កំណើន​សេដ្ឋកិច្ចជាតិ និង​ជាពិសេស​សម្រាប់​ឆ្នាំ ២០៣០ ដែល​ប្រទេស​កម្ពុជា​រំពឹងថា​នឹង​ក្លាយទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កំរិត​ខ្ពស់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu