ការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ជើងឯកWurkz ទម្ងន់៦៣,៥០០ គីឡូក្រាម នៅសង្វៀនទូរទស្សន៍SEATV នៅរសៀលថ្ងៃអាទិត្យទី០៥ ខែសីហា ឆ្នាំ២០១៨នេះ ជាការប្រកួតសប្ដាហ៍ទី៦ ជុំទី៣ រវាងអ្នកប្រដាល់កម្ពុជា វេង សុភ័ក្រ ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ និងអ្នកប្រដាល់ថៃ Fa Nemith ហើយអ្នកប្រដាល់កម្ពុជាទេស ជីវ៉ា ក្លិបទីបញ្ជាការដ្ឋានកងពលតូចលេខ៧០ និងអ្នកប្រដាល់ថៃ Pek Theing។
សម្រាប់ជំនួបក្នុងជុំទី៣ រវាងវេង សុភ័ក្រ និង Fa Nemith នេះ ពួកគេទាំងពីរនាក់នេះ ធ្លាប់ជួបគ្នាពីរលើកហើយកន្លងមក ដោយប្រកួតឈ្នះចាញ់ដោយពិន្ទុគ្នាម្តងម្នាក់។
វេង សុភ័ក្រ និង Fa Nemith នេះ គេមានសមត្ថភាពប្រហាក់ប្រហែលគ្នាទេ ហើយមាឌ និងកម្ពស់ ក៏ប្រហែលគ្នាដែរ ដោយពួកគេទាំងពីរ មានកម្ពស់១,៦៨ម៉ែត្រ ដូចគ្នា។
Fa Nemith គេមានកំនត់ត្រាប្រកួតចំនួន៨០លើក ឈ្នះ៦៧លើក ចាញ់១២ លើក និងស្មើ០១លើក ។ចំណែក វេង សុភ័ក្រ គេមានកំនត់ត្រាប្រកួត៨២ លើក ឈ្នះ៦៩លើក ចាញ់១២ លើក និងស្មើ០១លើក។
ទោះជាយ៉ាងណាក្តី សម្រាប់ការជួបគ្នានេះ ពុំអាចសន្និដ្ឋានមុនថា អ្នកណាឈ្នះ អ្នកណាចាញ់នោះឡើយ ហើយពីរនាក់នេះ ក៏មិនអាចអ្នកណាមើលស្រាលអ្នកណាបានដែរ ។កាលពីប្រកួតជុំទី២ វេង សុភ័ក្រ ឈ្នះថៃ Loom Leng ដោយស្វ័យប្រវត្តិបាន៣ពិន្ទុ ឯ Fa Nemith គេក៏ចាញ់ ឌុមកែវដា ដោយស្វ័យប្រវត្តិដែរ ដោយសារអវត្ថមានមិនបានមកប្រកួតនោះ ។សរុប២ប្រកួតដូចគ្នា វេង សុភ័ក្រ ឈ្នះទាំងពីរប្រកួតបាន៦ពិន្ទុ ហើយ Fa Nemith ពីរប្រកួតចាញ់ទាំងពីរប្រកួត បាន១ពិន្ទុ(អវត្ថមានមួយប្រកួត ០ពិន្ទុ)។
ចំពោះការជួបគ្នារវាង ទេស ជីវ៉ា អ្នកប្រដាល់កម្ពុជាក្លិបទីបញ្ជាការដ្ឋានកងពលតូចលេខ៧០និង Pek Theing វិញ ក៏ប្រហែលពិបាកទស្សន៍ទាយអ្នកណាឈ្នះ អ្នកណាចាញ់ដែរ ។ ត្បិតថា អ្នកប្រដាល់ Pek Theing ល្អនិងខ្លាំងប្រហាក់ប្រហែលនឹងទេស ជីវ៉ា ដែរ ។ពីរនាក់នេះ ពីមុនមកពុំធ្លាប់ជួបគ្នាទេ ។
ទេស ជីវ៉ា មួយរយៈនេះគេហាក់ដូចជាស្រុតចុះបន្តិច ទោះបីរបៀបវាយរបស់គេនៅតែល្អ និងនៅរហ័សក៏ពិតមែន តែកម្លាំងនិង ទឹកចិត្តរបស់គេស្រុតចុះ។ ទេស ជីវ៉ា បានវាយចាញ់ពីរប្រកួតហើយក្តី ក៏មិនអាចសន្និដ្ឋានថាគេចាញ់នៅជុំទី៣នេះទៀតដែរ ។កាលពីជុំទី២ ជីវ៉ាវាយចាញ់ Pha Yaklek ដោយពិន្ទុ បាន១ពិន្ទុ ។ ទេស ជីវា់គេមានប្រវត្តិប្រកួតចំនួនចំនួន៧០លើក ឈ្នះ៥២ លើក ចាញ់១៦លើក និងស្មើ០២លើក។
ចំពោះ Pek Theing វិញ របៀបវាយរបស់គេ គឺវាយដោយមិនបង្ខំ គេវាយចេញមួយៗតែច្បាស់ហើយវាយចេញភាគច្រើនចំគោលដៅបានល្អ ។ Pek Theing គេមានកំនត់ត្រាប្រកួតចំនួន៦០លើក ឈ្នះ៥០លើក ចាញ់១០ លើក មិនដែលស្មើ ។ កាលពីជុំទី២ Pek Theing វាយចាញ់ឡុង សំណាង ក្នុងទឹកទី៤ បាន១ពិន្ទុ ។ចាំមើល ការប្រកួតក្នុងជុំទី៣នេះ រវាងទេស ជីវ៉ា និង Pek Theing តើនរណា រកបាន៣ពិន្ទុនោះ ?។
ចំពោះការប្រកួតក្រៅពីគូខ្សែក្រវាត់នេះ ធន់ អៀងឡៃ អ្នកប្រដាល់ជើងថ្មីនៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ត្រូវគេផ្គូអោយជួបប្រកួតជាមួយជើងចាស់ គួន សុវណ្ណ អ្នកប្រដាល់ក្លិបយុវវាលស្បូវខណ្ឌច្បារអំពៅ ដោយជួបគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម។
ជើងចាស់និងជើងថ្មីទាំងពីរនាក់នេះ មិនធ្លាប់ដែលប៉ះគ្នាទេកន្លងមក ដោយសារតែធន់ អៀងឡៃ គេទើបឡើងប្រកួតក្រោយសុវណ្ណ ។តែពេលនេះ ពួកគេមានទម្ងន់ដូចគ្នា ហើយធន់ អៀងឡៃ ក៏រាងឡើងកូដដែរហើយ។
ដូច្នេះសម្រាប់ការជួបគ្នានេះ គួន សុវណ្ណ ពុំដឹងថាអាចត្របាក់យកឈ្នះអៀងឡៃ បានឬអត់នោះទេ ? ។ ការប្រកួតចុងក្រោយរបស់អៀងឡៃ គឺវាយឈ្នះអាន ទាវ ក្លិបយុវវាលស្បូវខណ្ឌច្បារអំពៅដោយពិន្ទុ ឯ ការប្រកួតចុងក្រោយរបស់គួន សុវណ្ណវិញ គឺឈ្នះប្រាក់ស៊ីណាតក្លិបតាឯកដំបងដែកមានរិទ្ធខេត្តព្រៃវែងដោយពិន្ទុដែរ។ ចាំមើល តើគួ សុវណ្ណ អាចយកឈ្នះធន់ អៀងឡៃ បានឬអត់ ?សម្រាប់ជំនួបលើកដំបូងនេះ។
លីន វិរៈ អ្នកប្រដាល់ក្លិបបូរីរាជសីហ៍មានរិទ្ធ នឹងជួបសាកកណ្តាប់ដៃជាមួយឈាន រស្មី អ្នកប្រដាល់ក្លិបរាជសីហ៍ខេត្តរតនគិរី ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។ សម្រាប់ការជួបគ្នារវាងអ្នកប្រដាល់ទាំងពីរនាក់នេះ ពុំមាននរណាហ៊ានទាយមុនថា អ្នកណាឈ្នះ អ្នកណាចាញ់នោះឡើយ ?៕
Source: Kampuchea Thmey Daily
0 Comments