Ad Code

ដំណាំ​កញ្ឆា​ ដាំ​ដុះ​ខុសច្បាប់​ជិត​១​ពាន់​ដើម​នៅ​លើ​ជួរ​ភ្នំ​បា​យ៉ង់​កោ ​ត្រូវ​បាន​អាវុធហត្ថ​ខេត្តតាកែវ​ឆ្មក់​ចុះ​កាប់​បំផ្លាញ​ចោល



តាកែវ ​៖​ ដំណាំ​កញ្ឆា ​ដែល​ឈ្មួញ​លួច​លាក់​ដាំ​ដុះ​ដោយ​ខុសច្បាប់​នៅ​លើ​ជួរ​ភ្នំ​បា​យ៉ង​កោ​រាប់​រយ​ដើម​ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តតាកែវ​ធ្វើការ​ឆ្មក់​ចុះ​កាប់​បំផ្លាញ​ចោល​សាជាថ្មី។

ការ​ឆ្មក់​ចុះ​កាប់បំផ្លាញ​ដំណាំ​កញ្ឆា​នេះ ​បាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៨ ដែល​ដឹកនាំ​បញ្ជា​ដោយ​លោក​វរសេនីយ៍ឯក ង៉ែត ចាន់​ធី មេបញ្ជាការ​រង​កង​រាជ​អាវុធ​ខេត្តតាកែវ នៅ​ទីតាំង​ដំណាំ​កញ្ឆា​ខុសច្បាប់​ស្ថិតនៅ​ភូមិ​ពោធិ​រោង ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គីរីវង់ ខេត្តតាកែវ។ ក្នុង​ប្រតិបត្តិការ​នោះ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ បាន​ធ្វើការ​កាប់​បំផ្លាញ​ដើម​កញ្ឆា និង​ដុត​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង ចំនួន​ជិត​១​ពាន់​ដើម ស្មើ​នឹង​២៤​រង កាប់​ទម្លាយ​អាង​ស្តុក​ទឹក​ចំនួន​០២​អាង និង​ដុត​កម្ទេច​ទុយោ​បូមទឹក​០២​ខ្សែ ប្រហែល​២០០​​ម៉ែត្រ។

ជួប​ជាមួយ​អ្នកសារព័ត៌មាន​នាឱកាស​នោះដែរ​ លោក​វរសេនីយ៍ឯក ង៉ែត ចាន់​ធី ក៏បាន​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជួយ​ផ្សព្វផ្សាយ ​និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បញ្ឈប់​ការ​ដាំ​ដំណាំ​កញ្ឆា​នេះ​តទៅទៀត​ ព្រោះ​វា​ខុសច្បាប់ ដោយ​ឲ្យ​ងាក​មក​ដាំ​ដំណាំ​រួមផ្សំ​ផ្សេងៗ ដែល​ជា​ដំណាំ​ស្របច្បាប់​វិញ ដើម្បី​ទ្រទ្រង់​ជីវភាព​ក្រុម​គ្រួសារ។

ក្រោយ​ការ​កាប់​ដុត​បំផ្លាញ​ចោល​ដំណាំ​កញ្ឆា​ដែល​រកឃើញ​ទាំង​ប៉ុន្មាន​នោះ​ហើយ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​ធ្វើ​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​ទីតាំង​យក​មក​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់​ឲ្យ​ខាងតែបាន ព្រោះ​កន្លងមក​សមត្ថកិច្ច​ជំនាញ​ផ្សេងៗ​ធ្លាប់​បាន​ធ្វើការ​ហាមឃាត់​រាល់​ការ​ដាំដុះ​កញ្ឆា​នេះ​ជារឿយៗ​ហើយ​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu