ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរលើកទី៥ ឆ្នាំ២០១៨ ដែលនឹងចាប់ផ្តើម នាថ្ងៃទី៥ខែសីហាស្អែកនេះ នឹងមានអ្នកចូលរួមរត់ចំនួនជាង៣.០០០នាក់។
លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា មកទល់ពេលនេះអ្នកចុះឈ្មោះចូលរួមរត់ម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរលើកទី៥ នាថ្ងៃទី៥សីហាស្អែកនេះ នឹងមានអ្នកចូលរួមរត់ចំនួនជាង៣.០០០នាក់។
រត់ម៉ារ៉ាតុងមានន័យថារត់ចម្ងាយផ្លូវ៤២,១៩៥គីឡូម៉ែត្រចម្ងាយផ្លូវដែលរត់គឺវាស់វែងដោយអង្គការម៉ារ៉ាតុងអន្តរជាតិ ហើយកាលពីឆ្នាំកន្លងមកមានអ្នកចូលរួមរត់ជាង២.០០០នាក់ ហើយឆ្នាំនេះបានកើនឡើងជាង៣០០០ នាក់ ក្នុងនោះមានជនបរទេសជាង១១៥៥នាក់មកពី៤៩ប្រទេស។
រដូវនេះ ជារដូវដែលប្រជាជនអាស៊ីវិស្សមកាល ហេតុនេះអ្នករត់ភាគច្រើនជាជនជាតិអាស៊ីដែលក្នុងនោះចិនមានចំនួនច្រើនជាងគេក្រៅពីនោះជប៉ុននៅលំដាប់លេខ២និងសិង្ហបូរីនៅចំណាត់ថ្នាក់លេខ៣ក្នុងចំណោមជនបរទេសជាង ១.០០០នាក់មានចិនប្រមាណ៥០០នាក់ហើយ ។ក្រៅពីរត់ចម្ងាយ៤២,១៩៥គីឡូម៉ែត្រនៅមានរត់១០គីឡូម៉ែត្រ រត់២១គីឡូម៉ែត្រ និងរត់កំសាន្ដជាលក្ខណៈគ្រួសារ៣គីឡូម៉ែត្រ។
សម្រាប់ព្រឹត្តិការណ៍នេះ គណៈកម្មការរៀបចំបានរៀបចំស្នាក់ការសង្គ្រោះ៣កន្លែងរថយន្ដសង្គ្រោះ៥ គ្រឿង ព្រមទាំងមធ្យោបាយសង្គ្រោះបឋមមួយចំនួនទៀត។ ជាមួយនេះសម្រាប់ស្ថានីយផឹកទឹកគឺរៀបចំរាល់២គីឡូម៉ែត្រមានមួយកន្លែង។
លោកអគ្គលេខាធិការបានអះអាងថា ព្រឹត្តិការណ៍កំពុងតែឈានទៅកាន់ភាពជោគជ័យហើយព្រោះពីមួយឆ្នាំទៅមួយឆ្នាំចំនួនអ្នកចូលរួមរត់មានការកើនឡើងរហូត គ្រាន់មិនកើនច្រើនប៉ុណ្ណោះ។ចំពោះថវិកាដែលប្រមូលបានគឺសម្រាប់ប្រើប្រាស់ក្នុងគោលដៅមនុស្សធម៌៕
Source: Kampuchea Thmey Daily
0 Comments