ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញឲ្យមន្ទីរពេទ្យនៅទូទាំងប្រទេស ត្រូវបន្តយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀត ក្នុងការផ្តល់សេវាសុខភាព ជូនដល់ប្រជាពលរដ្ឋក្នុងរដូវវស្សានេះពិសេសនៅតំបន់ដែលកំពុងរងគ្រោះ ដោយសារទឹកជំនន់។
លោករដ្ឋមន្ត្រីថ្លែងបែបនេះ ក្នុងឱកាសចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅមណ្ឌលសុខភាព តំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីពេលថ្មីៗកន្លងទៅនេះ។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេងបានបន្តថា រដូវវស្សា ជារដូវមួយដែរប្រជាពលរដ្ឋយើង ងាយឆ្លងនឹងជំងឺតម្កាត់ផ្សេងៗ ដូចជាជំងឺគ្រុនឈាម គ្រុនចាញ់ ជំងឺរមាស់ ភ្នែកក្រហម រលាកផ្លូវដង្ហើម រងរបួសដោយសារការប៉ះទង្គិចនឹងវត្ថុផ្សេងៗ ពស់ចឹក លង់ទឹក និងវិបត្តិផ្លូវចិត្តពិសេសនៅតំបន់ដែលមានទឹកជំនន់។ ដូចនេះសូមគ្រូពេទ្យត្រូវបន្តចុះអប់រំ និងបន្តយកចិត្តទុក្ខដាក់ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ ឲ្យកាន់តែម៉ត់ចត់បន្ថែម ទៀត។
ក្នុងឱកាសនោះ លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានណែនាំដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ត្រូវប្រកាន់ខ្ជាប់នូវហូបស្អាត រស់នៅស្អាតនិងផឹកស្អាតដើម្បីការពារកុំឲ្យឆ្លងនូវជំងឺផ្សេងៗដែលបណ្តាល មកពីទឹកខ្វក់និងមានមេរោគជាច្រើននៅពេលទឹកស្រក។
លោករដ្ឋមន្ត្រីបានណែនាំឲ្យប្រជាពលរដ្ឋត្រូវសម្រាន្តនៅក្នុងមុងគ្រប់ពេលដើម្បីការពារជំងឺគ្រុនឈាម គ្រុន ចាញ់និងជំងឺផ្សេងៗ ត្រូវប្រុងប្រយ័ត្នចំពោះសត្វពស់ឬសត្វអាសិរពិសផ្សេងៗ ត្រូវធ្វើអនាម័យបរិស្ថានជុំវិញនិងក្នុងផ្ទះ ត្រូវស្តារ និងលាងសំអាតអណ្តូងទឹកឡើងវិញមុននឹងប្រើប្រាស់និងជួសជុលនិងសាងសង់ឡើងវិញនិងត្រូវបន្ទោរបង់ក្នុងបង្គន់គ្រប់ពេល។
ជាមួយគ្នានេះដែរលោករដ្ឋមន្ត្រីក្រសួងសុខាភិបាលក៏បានណែនាំដល់ប្រជាពលរដ្ឋត្រូវចេះតាមដានពីស្ថានភាពទឹកជំនន់ដើម្បីត្រៀមរកទីទួលសុវត្តិភាពនិងស្បៀងអាហារឲ្យបានគ្រប់គ្រាន់នៅពេលមានទឹកជំនន់។
ចំពោះស្ត្រីមានផ្ទៃពោះត្រូវតាមដាននិងពិនិត្យផ្ទៃពោះទៅតាមការកំណត់របស់មណ្ឌលសុខភាពឬមន្ទីរពេទ្យបើស្ត្រីជិតគ្រប់ខែដល់ពេលសម្រាលត្រូវស្វែងរកកន្លែងស្នាក់នៅក្បែរមណ្ឌលសុខភាពមន្ទីរពេទ្យដែលនៅជិតបំផុត។ ត្រូវនាំកូនៗទៅទទួលថ្នាំបង្ការទៅតាមការកំណត់របស់គ្រូពេទ្យនិងផ្តល់ចំណីអាហារដល់កុមារឲ្យបានត្រឹមត្រូវ និងត្រូវការពារកុមារកុំឲ្យលេងទឹក និងត្រូវចេះជួយដល់ស្ត្រី មានផ្ទៃពោះ កុមារ មនុស្សចាស់ និងជនពិការ នៅក្នុងកំឡុងពេលទឹកជំនន់។
លោកសាស្ត្រាចារ្យម៉មប៊ុនហេងបានបញ្ជាក់ថា ជានិច្ចកាលក្រសួងសុខាភិបាល តែងតែប្រតិបតិ្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ខាងវិស័យសុខាភិបាលដោយបានត្រៀមលក្ខណៈជានិច្ច ដើម្បីឆ្លើយតបនូវគ្រោះមហន្តរាយ ក៏ដូចជាការសំណូមពររបស់ប្រជាពលរដ្ឋដូចជារៀបចំរួចជាសម្រេច នូវឱសថបរិក្ខារពេទ្យ សម្រាប់ពេលមានទឹកជំនន់នេះ នឹងបណ្តុះបណ្តាលធនធានមនុស្ស បន្ថែមពីលើនេះ ក្រសួងបានទទួលនូវគ្លីនិកចល័ត និងបន្តបញ្ជូនទៅតាមបណ្តារាជធានី-ខេត្ត សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ។
លោកសាស្ត្រាចារ្យ បន្តថា ជាក់ស្តែងក្រុមការងារ កំពុងតែធ្វើដំណើរ ចុះទៅទីតាំងរបស់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ដើម្បីចុះពិនិត្យសុខភាព និងផ្តល់ជាឱសថ និងសម្ភារៈមួយចំនួន ជូនដល់ពួកគាត់ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments