អ្នកប្រដាល់កម្ពុជាឡៅ ចន្ទ្រា ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ បានវាយឈ្នះ អ្នកប្រដាល់ថៃ ក្វាន់ណះខន(Kvannakkhorn) ខណៈដែលឯម ឡេងលី អ្នកប្រដាល់កម្ពុជាក្លិបថ្មគោលពោធិ៍សែនជ័យ វាយចាញ់អ្នកប្រដាល់ថៃ កាំឡៃផេត(Khamlaipetch Phakthungchai) ក្នុងការជួបប្រកួតគ្នានាយប់ថ្ងៃសុក្រទី០៣សីហា ២០១៨ នៅក្នុងកម្មវិធីប្រដាល់គូបូតា លើសង្វៀនបាយ័នស្ទឹងមានជ័យ។
ឡៅ ចន្ទ្រា ប្រកួតឈ្នះ ក្វាន់ណះខន ដោយពិន្ទុ បន្ទាប់ពីវាយគ្នា៥ទឹកពេញនោះ។ អ្នកទាំងពីរជួបគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម។
ក្នុងការប្រកួតគ្នាប្រាំទឹកនោះ ក្វាន់ណះខន គេត្រូវចន្ទ្រាវាយជង្គង់ កែង ត្រូវច្រើនណាស់ដែរ ប៉ុន្តែអ្នកប្រដាល់ថៃរូបនេះ ដែលមានប្រវត្តិប្រកួត៧៣លើក ឈ្នះ៦២លើក ចាញ់១១លើក មិនដែលស្មើ គេរឹងមាំនៅតែអាចតស៊ូជាមួយចន្ទ្រារហូតដល់ចប់ទឹក៥ និងចាញ់ត្រឹមពិន្ទុប៉ុណ្ណោះ។
ចំពោះ ឯម ឡេងលី អ្នកប្រដាល់ជើងខ្លាំងស្រករក្រោយនៃក្លិបថ្មគោលពោធិសែនជ័យវិញ បានប្រកួតចាញ់ អ្នកប្រដាល់ជើងខ្លាំងថៃ កាំឡៃផេត(Khamlaipetch Phakthung chai)ក្នុងទឹកទី១។ ពួកគេទាំងពីរ ជួបប្រកួតគ្នាក្នុងប្រភេទទម្ងន់៧០គីឡូក្រាម ។
ការចាប់ផ្តើមប្រកួត ឯម ឡេងលី បាននាំអាទិ៍ប្រើកែងវាយទៅលើកាំឡៃផេត ដែលធ្វើអោយឡៃផេត ត្រូវក្រហមមុខនិងអុជកំហឹងឡៃផេត អោយប្រើកែងវាយតបតវិញ ។ក្រោយពេលការប្រើកែងនេះ ឯម ឡេងលី ត្រូវកាំឡៃផេត វាយកែងឆ្វេងត្រូវចំក្រោមភ្នែកឆ្វេងមួយកែងពេញតែម្តង ធ្វើឲ្យឯម ឡេងលី ដួលសន្លប់លែងក្រោក បោះទោះជាអាជ្ញាកណ្តាលលោកធន់ សុភា រាប់ដល់ដប់ហើយក្តី ។
នេះជាជ័យជម្នះលើកទី២របស់កាំឡៃផេត នៅក្នុងឆ្នាំ២០១៨នេះ ដែលបានផ្តួលអ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជា ខណះដែលមកលើកមុនគេបានផ្តួល ពេជ្រ សីហា ក្នុងទឹកទី២នោះ ហើយលើកនេះគេប្រើពេលមិនដល់មួយទឹកផង ក៏ផ្តួលឯម ឡេងលីអោយសន្លប់ទៀត ។
សូមបញ្ជាក់ថា អ្នកប្រដាល់ថៃរូបនេះ ធ្លាប់មកវាយនៅស្រុកខ្មែរច្រើនលើកហើយកន្លងមក ។ កាំឡៃផេត ជាជើងខ្លាំងមួយរូបដែរនៅស្រុកថៃ ហើយមកវ៉ៃនៅស្រុកខ្មែរ ក៏កម្រមានអ្នកយកឈ្នះបានដែរ ។អ្នកប្រដាល់ថៃរូបនេះ គេធ្លាប់វាយឈ្នះរឿង សោភ័ណ្ឌពីរលើក ឈ្នះឡុង សុភីមួយលើក ឈ្នះឡុង សុវណ្ណឌឿនមួយលើក ឈ្នះផុន ផាន់ណាមួយលើក និងមកលើកចុងក្រោយនេះ ឈ្នះពេជ្រ សីហា ក្នុងទឹកទី២ តែគេក៏ធ្លាប់ចាញ់មឿន សុខហ៊ុចមួយលើក ចាញ់ព្រំ សំណាង ពីរលើកផងដែរ ។ ដូច្នេះ ឯម ឡេងលី មិនអាចធ្វេសប្រហែសបានឡើយ ។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ តូច ទូ អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ដែលជាជើងខ្លាំងស្រករក្រោយនោះ បានត្រូវជើងចាស់ ចៅ ផលឌឿអ្នកប្រដាល់ក្លិបសំរោងកោងមកពីខេត្តបាត់ដំបង វាយអោយសន្លប់ក្នុងទឹកទី៣ ។
តូច ទូ ក្នុងការប្រកួតពីរទឹកដំបូង គេមានប្រៀបទៅលើចៅ ផលឌឿទៅហើយ តែមកភ្លាត់ស្នៀតនៅដើមទឹកទី៣ នៅពេលដែលគេសម្រុកវាយទៅលើផលឌឿនោះ ត្រូវផលឌឿបុកកែងស្តាំសងមកវិញ បណ្តាលអោយត្រូវចំកណ្តាលមុខ ដួលសន្លប់លើរេញតែម្តង ។
រីឯ អេ រ៉ាវ៉ាន់ចាន់រាជ អ្នកប្រដាល់ក្លិបកុសលកីឡា បានវាយចាញ់ស៊ឹម ប៊ុនឆៃ អ្នកប្រដាល់ក្លិបព្រៃទទឹងខេត្តបាត់ដំបង ដោយពិន្ទុ ហើយសល់ សំណាង អ្នកប្រដាល់ក្លិបម៉ៃទីក្រាំងយ៉ូវ វាយឈ្នះអេលីត សុខនឿន អ្នកប្រដាល់ក្លិបឆ្មាសសែនសុខគុនខ្មែរដោយពិន្ទុ៕
Source: Kampuchea Thmey Daily
0 Comments