សៀមរាប ៖ ត្រសក់ផ្អែមជាផលិតផលដែលដាំដុះក្នុងស្រុក របស់សមាគមត្រសក់ផ្អែមសៀមរាបមានជ័យ ដែលមានទីតាំងស្ថិតនៅខេត្តសៀមរាប ហើយផ្លែត្រសក់ផ្អែមមានការកើនឡើងជារៀងរាល់ឆ្នាំទន្ទឹមទៅនឹងតម្រូវការច្រើនក្នុងទីផ្សារ។
ប្រធានសមាគមត្រសក់ផ្អែមសៀមរាបមានជ័យលោក វ៉ាន់ អៀន បានមានប្រសាសន៍ឲ្យដឹងតាមរយៈទូរស័ព្ទថា មកដល់បច្ចុប្បន្នផ្លែត្រសក់ផ្អែម ដែលជាផលិតផលដាំក្នុងស្រុកមានបរិមាណ កើនឡើងជាលំដាប់ដោយក្នុងមួយខែចាប់ពី៨តោនទៅ១១តោន។ មូលហេតុដែលធ្វើឲ្យមានការកើនឡើងក៏ដោយសារតែផលិតផលនេះមានLogo ជាសមាគមទទួលស្គាល់ពីក្រសួងពាណិជ្ជកម្មនិងគុណភាពខ្ពស់ដែលមានអ្នកទទួលទានគាំទ្រច្រើន។ ម្យ៉ាងទៀតពិសេសដាក់លក់តាមទីផ្សារទំនើបៗដែលបានទទួលស្គាល់ផលិតផលមួយនេះ។
លោកវ៉ាន់ អៀន បន្តថា ពីមុនមកសមាគមនេះមានតែសមាជិក២៧នាក់ប៉ុណ្ណោះរហូតមកដល់បច្ចុប្បន្នមានសមាជិកដល់ទៅ១៤០នាក់ នៅក្នុង៣ខេត្ត មានខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តសៀមរាប។
លោកប្រធានបន្តថា មានខេត្តផ្សេងទៀតក៏ចង់ចូលជាសមាជិកសមាគមនេះដែរ តែលទ្ធភាពបណ្តាខេត្តផ្សេងទៀតឆ្ងាយក្នុងការដឹកជញ្ជូនផលិតផលម្ល៉ោះហើយ សមាគមមិនទាន់ទទួលជាសមាជិកនៅឡើយទេតែ អនាគតទៅអាចនឹងពង្រីកសមាជិកភាពទៅដល់ខេត្តឆ្ងាយៗទាំងនោះបាន។ ផ្លែត្រសក់ផ្អែមមាន៣ប្រភេទគឺពណ៌ស ពណ៌លឿង និងសំណាញ់ខៀវ ដោយមានតម្លៃក្នុង១គីឡូថ្លៃចាប់ពី៣៨០០រៀល ទៅ ៤៥០០រៀល។ តាមរយៈការពង្រឹកសមត្ថភាពផលិតកម្មត្រសក់ផ្អែម និងបន្លែឲ្យមានគុណភាពមានបរិមាណគ្រប់គ្រាន់ មានគ្រប់រដូវតាមតម្រូវទីផ្សារ និងពង្រឹងសមត្ថភាពប្រកួតប្រជែង៕
Source: Kampuchea Thmey Daily
0 Comments