Ad Code

កម្ពុជា ស្នើ​ប្រតិភូ​ធុរជន​ចិន​ខេត្ត​ហ៊ូ​ណាន វិនិយោគ​លើ​ការអភិវឌ្ឍ​ខ្សែសង្វាក់​តម្លៃ​ផលិតផល​កសិកម្ម​នៅ​កម្ពុជា



ភ្នំពេញ​ ៖ ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម កម្ពុជា បានស្នើ​ប្រតិភូ​ធុរជន​ខេត្ត​ហ៊ូ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ពិចារណា​វិនិយោគ​លើ​ការកែច្នៃ​ផលិតផល​កសិកម្ម នៅក្នុង​ខេត្តបាត់ដំបង ដែល​សម្បូរ​ទៅដោយ​ភោគផល​ដំណាំ​ដែល​មាន​សក្តានុពល សម្រាប់​បម្រើ​ទីផ្សារ​ក្នុងប្រទេស និង​នាំចេញ​ទៅកាន់​ប្រទេស​ចិន​។

ការ​ស្នើ​សុំ​របស់​លោក រដ្ឋមន្ត្រី បាន ធ្វើឡើង នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក យ៉ាង គ័​រពីង (Yang Guoping) ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Global Ecological Co., Ltd. របស់​ខេត្ត​ហ៊ូណាន ដែល​បាន​ដឹកនាំ​សហការី មក​សិក្សា​អំពី​លទ្ធភាព​ពង្រីក​រោងចក្រ​ម៉ាស៊ីនកិនស្រូវ នៅក្នុង​ខេត្តបាត់ដំបង និង​ស្វែងយល់​អំពី​សក្តានុពល​វិនិយោគ នៅក្នុង​ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ​។



នៅក្នុង​ឱកាស​នោះ លោក ប៉ាន សូរ​ស័ក្តិ បាន​ជម្រាបជូន លោក យ៉ាង គ័​រពីង អំពី​កត្តា​ប្រឈម​នៃ​វិស័យ​ស្រូវ​អង្ករ និង​ដំណាំ​សក្តានុពល​ផ្សេងៗ ដូចជា ស្វាយ មៀន ពោត និង​ដំឡូង​មី ព្រមទាំង​អត្ថប្រយោជន៍​នៃ​ការសាងសង់​ឡ​សម្ងួត​បន្ថែម ដើម្បី​រក្សាទុក​កសិផល​នៅក្នុង​រយៈពេល​យូរ សំដៅ​បម្រើការ​អភិវឌ្ឍ​ខ្សែ​សង្វាក់​តម្លៃ និង​ការផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​ក្រៅប្រទេស ដូចជា​ខេត្តសៀមរាប និង​ខេត្ត​ហ៊ូ​ណាន ប្រទេស​ចិន​ជាដើម​។

លើសពីនេះ លោក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​អំពី​សក្តានុពល​ខេត្ត​ព្រះសីហនុ ដែលជា​ច្រក​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម្ពុជា និង​ជា​ខេត្ត​ដែល​មាន​កំពង់ផែ​ទឹក​ជ្រៅ និង​កំពង់ផែ​ពហុ​បំណង ព្រមទាំង​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​ប្រមូល​ផ្តុំ​ទៅដោយ​រោងចក្រ​តូចធំ​ជាង ១០០​ក្រុមហ៊ុន សម្រាប់​បម្រើ​វិស័យ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​។ បន្ថែម​លើ​នេះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ ក៏បាន​ជម្រាបជូន លោក យ៉ាង គ័​រពីង និង​សហការី អំពី​វឌ្ឍនភាព​ថ្មីៗ​នៃ​វិស័យ​គមនាគមន៍ នៅក្នុង​ប្រទេស​កម្ពុជា ផងដែរ​។



ជា​ការ​ឆ្លើយតប លោក យ៉ាង គ័​រពីង បាន​ថ្លែងអំណរគុណ​ដល់ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ដែល​បាន​ចែករំលែក​នូវ​ព័ត៌មាន និង​ទស្សន​ល្អៗ ទាក់ទិន​វិស័យ​ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម និង​ទេសចរណ៍ នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​កត្តា​ប្រឈម និង​កាលានុវត្តភាព​វិនិយោគ លើ​ដំណាំ​សក្តានុពល​ផ្សេងៗ​របស់​កម្ពុជា​។

លោក យ៉ាង គ័​រពីង ក៏បាន​សន្យា​នឹង​នាំ​យក​ព័ត៌មាន​ទាំងអស់​នេះ ទៅ​ជម្រាប​ជូន លោក​អភិបាលខេត្ត​ហ៊ូ​ណាន ដែល​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា នៅក្នុង​ខែវិច្ឆិកា​ខាងមុខ ព្រមទាំង​ផ្សព្វផ្សាយ​បន្ត​ជូន​សមាគម​ធុរជន និង​វិនិយោគិន នៅក្នុង​ខេត្ត​ហ៊ូ​ណាន ដើម្បី​ចូលមក​បណ្តាក់​ទុន​កាន់​តែ​ច្រើន​នៅ​កម្ពុជា សំដៅ​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាជន និង​ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu