Ad Code

គោលដៅ​សំខាន់​ដែល​កីឡាករ Keisuke Honda នឹង​ធ្វើ​ក្រោយពេល​ទទួល​តំណែង​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា



សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​តែង​តាំង​កីឡាករ Keisuke Honda អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​ជប៉ុន ឲ្យ​ធ្វើ​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១២ ខែសីហា ឆ្នាំ​២០១៨ ថ្មីៗ​នេះ ដើម្បី​ត្រៀម​ដឹកនាំ​ក្រុម​ក្នុង​យុទ្ធនា​ការសំខាន់​នៅ​ចុងឆ្នាំ​២០១៨ ខាងមុខ​ជាពិសេស​គឺ​ប្រកួត​ក្នុង​ពានរង្វាន់​បាល់ទាត់​ជើងឯក​ប្រចាំ​តំបន់​អាស៊ាន AFF Suzuki Cup 2018​។​



ម្ចាស់​ក្លិប​សូល​ទី​ឡូ​អង្គរ នឹង​ចូលកាន់​តំណែង​ជា​គ្រូ​បង្គោល​ផង និង ជា​អ្នកចាត់ការ​ទូទៅ​ផង លើ​កិច្ចសន្យា​២​ឆ្នាំ ដោយ​មិន​យក​ប្រាក់​ឈ្នួល​ឡើយ​។ អ្នកចាត់ការ​ទូទៅ​ថ្មី​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា រូបនេះ​បាន​លើក​ឡើង​ថា «​អ្វី​ដែល​ជា​គោលបំណង​របស់ខ្ញុំ គឺ​ចង់​បង្កើត​របៀប​លេង​ឲ្យ​បាន​ច្បាស់លាស់​ដល់​កម្ពុជា​។ ខ្ញុំ​ទទួលស្គាល់​ថា នៅ​ជប៉ុន​ក៏​លំបាក​នៅឡើយ​ទេ តែ​យើង​ត្រូវធ្វើ​ឲ្យ​មាន​គោលបំណង​តែមួយ​។ បេសកកម្ម​ទី​២ គឺ គោលដៅ​មិនមែន​ដើម្បី​តែ​បាល់ទាត់ គឺ​ចង់​ផ្សព្វផ្សាយ​អ្វី​ល្អៗ​របស់​កម្ពុជា ដែរ​។ ខ្ញុំ​ចង់​ផ្សព្វផ្សាយ​អ្វីដែល​ខ្ញុំ​ចាប់អារម្មណ៍ អ្វីៗ​ល្អ​ច្រើន ដូចជា​វប្បធម៌ បេតិកភណ្ឌ​ពិភពលោក និង កសិកម្ម​ទៅកាន់​ពិភពលោក​»​។



កីឡាករ Keisuke Honda ចូលកាន់​តួនាទី​នេះ ​ដែល​ទំនេរ​ចាប់តាំងពី​គ្រូ​បង្គោល​ជនជាតិ​ប្រេ​ស៊ី​ល Leonardo Vitorino ចាក​ចេញពី​តំណែង​អំឡុង​ខែតុលា​ឆ្នាំ​២០១៧ និង បាន​កាន់​ការងារ​បណ្ដោះ​អាសន្ន​ដោយ​លោក ប្រាក់ សុវណ្ណារ៉ា នា​ពេល​កន្លងមក​។ ឯកឧត្តម សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ស្វាគមន៍​ការ​មក​ដល់​របស់​កីឡាករ Keisuke Honda ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា​។ ឯកឧត្តម​រំពឹង​ថា ​កីឡាករ​និង​ក្លិប​ពាក់ព័ន្ធ​ទាំងអស់​នឹង​សហការគ្នា​ដើម្បី​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​រីកចម្រើន​ថែមទៀត​។

ក្រុម​ជម្រើសជាតិ​កម្ពុជា ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ចំនួន​៤​លើក​នៅ​ចុង​ឆ្នាំនេះ​មុន​ប្រកួត​ក្នុង​ពានរង្វាន់ AFF Suzuki Cup​។ ពានរង្វាន់​នេះ​ពូ​ល A មាន​វៀតណាម ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា កម្ពុជា និង​ឡាវ ខណៈ​ពូ​ល B មាន​ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ក្រុម​ឈ្នះ​នៅ​វគ្គ​ជម្រុះ​អាច​ជា​ប្រ៊ុយណេ ឬ​ទី​ម័​រ​ខាងកើត​។ តាម​គម្រោងការ​វគ្គ​ជម្រុះ​តាម​ពូ​ល​នេះ​នឹង​ធ្វើ​ឡើ​ចាប់ពី​ថ្ងៃទី​៨ ខែវិច្ឆិកា ដល់​ថ្ងៃទី​១៥​ខែធ្នូ ឆ្នាំ​២០១៨​។



កីឡាករ Keisuke Honda បាន​ចុះ​កិច្ចសន្យា​រយៈពេល​១​ឆ្នាំ​ជាមួយ​ក្លិប​ថ្មី​នៅ​ប្រទេស​អូស្ត្រាលី នៅ​ដែល​កន្លងទៅ​គឺ​ក្លិប​Melbourne Victoty ខណៈ​រូបគេ​ធ្លាប់បាន​រក​៣៧​គ្រាប់ និង​លេង​បាន​៩៨​ប្រកួត​ឲ្យ​ជម្រើសជាតិ​ជប៉ុន​។ រូបគេ​បាន​ចូលនិវត្តន៍​ពី​បាល់ទាត់​ជម្រើសជាតិ​ក្រោយ 2018 FIFA World Cup នៅ​ប្រទេស​រុស្ស៊ី ចប់​នៅពេល​ក្រុម​ជម្រើសជាតិ​ជប៉ុន​ធ្លា​ក់នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។​

កីឡាករ Keisuke Honda បាន​ចាប់​អាជីព​បាល់ទាត់​ដំបូង​នៅក្នុង​ក្លិប Nagoya Grampus ក្នុងប្រទេស​កំណើត​រប​ស់​ខ្លួន​ចាប់ពី​ឆ្នាំ ២០០៤ ដល់​២០០៧ ស្របពេល​នៅ​ឆ្នាំ​២០០៧ ដល់​២០០៩ ផ្លាស់​ទៅលេង​ក្នុង​ក្លិប VVV-Venlo ក្នុងប្រទេស​ហុ​ល្លង់ ហើយ នៅ​ឆ្នាំ ២០០៩ ដល់ ២០១៣ បាន​ផ្លាស់​ទៅកាន់​ក្លិប CSKA Moscow របស់​ប្រទេស​រុស្សី មុន​ផ្លាស់​ទៅកាន់ AC Milan របស់​អ៊ីតាលី នៅ​ចាប់ពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ​២០១៦ ខណៈ​រដូវ​កាល​២០១៧​នេះ​ប្តូរ​ទៅលេង​នៅ​ក្លិប Pachuca លី​គ​កំពូល​ប្រទេស​ម៉ិចស៊ីកូ​។

បើ​និយាយ​ពី​ក្នុង​ឈុត​ជម្រើសជាតិ​វិញ Honda បាន​ជាប់​ក្នុង​ឈុត​អាយុ​ក្រោម​២០ ឆ្នាំ (U-20) កាលពី​ឆ្នាំ​២០០៥ ហើយ​ចាប់ពី​ឆ្នាំ​២០០៦ ដល់​២០០៨ បាន​ចូលរួម​ជាមួយ​ក្រុម U-23 ជប៉ុន និង​ចាប់ពី​ឆ្នាំ ២០០៨ ដល់​បច្ចុប្បន្ន​ជាប់​ក្នុង​ជម្រើសជាតិ​ជប៉ុន​ឈុត​ធំ​។ ក្នុង​នោះ​គេ​ធ្លាប់​ទទួល​បាន​ពានរង្វាន់​ឯកត្តជន​ជា​ច្រើន​ទាំង​ក្នុង​ប្រទេស​ប្រចាំ​តំបន់​ទ្វីប​អាស៊ី​ និងកម្រិតពិភព​លោក​ផង​ដែរ៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu