ភ្នំពេញ ៖ រថយន្ត Lexus RX 300 មួយគ្រឿងដែលបញ្ជាចង្កូតដោយអ្នកស្រវឹងបានបើកបួងចង្កូតបត់មិនទាន់ ក៏ហោះទៅបុកឡើងលើខឿនរបងដែកចូលសំងំក្នុងសួនច្បារផ្កាវត្តភ្នំបង្កការខូចខាតកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះនរោត្តម សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Lexus RX-300 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-6863 បើកបរដោយនារីរូបស្រស់ មិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ ព្រះនរោត្តម ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចហោះ ប្រហែលទើបចេញពីផឹកស៊ីសង្ស័យស្រវឹងធ្លាក់ភ្នែកដោយបួងចង្កូតបត់មិនទាន់ក៏ហោះបុកឡើងលើខឿនបុករបងដែកដាក់ការពារសួនវត្តភ្នំជ្រុលទៅពួនសំងំក្នុងសួនច្បារផ្កាបណ្តាលឲ្យរងការខូចខាតអស់ផងដែរ។
ប្រភពព័ត៌មានបានបន្តទៀតថា ក្នុងហេតុការណ៍នោះ ក៏ចាត់ទុកជាសំណាងមួយហើយដែលមិនមានអ្នកគ្រោះថ្នាក់នោះទេ។ តែចំណែកស្រីស្អាតបង្កហេតុរូបនោះក្រោយពីបង្កបញ្ហាដូច្នេះហើយក៏ប្រញាប់ចេញពីក្នុងរថយន្តដែលសំណាងបានពោងសុវត្ថិភាពផ្ទុះជួយការពារគ្រោះថ្នាក់បាននោះក៏បានដោះស្លាកលេខចេញពីរថយន្តហើយរត់គេចខ្លួនបាត់ស្រមោល បន្សល់តែរថយន្តនៅកន្លែងកើតហេតុ ដើម្បីឲ្យសមត្ថកិច្ចជំនាញចុះមកវាស់វែងនឹងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយទៅតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments