ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជននិងកីឡាបានក្រើនរំលឹកដល់បេក្ខជនទាំងអស់ត្រូវថែរក្សាសុខភាពឲ្យបានល្អដើម្បីត្រៀមខ្លួនចូលរួមប្រឡងបាក់ឌុបឲ្យបានគ្រប់ៗគ្នា ខណៈការប្រឡងនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។
លោករស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានធ្វើការណែនាំដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប ត្រូវទទួលទានម្ហូបអាហារនិងសម្រាកឲ្យបានគ្រប់គ្រាន់ និង ត្រូវប្រុងប្រយ័ត្នពេលធ្វើដំណើរដើម្បីត្រៀមខ្លួនចូលរួមប្រឡងដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២០និង២១ ខែសីហា ឆ្នាំ២០១៨ខាងមុខ។
ថ្លែងកាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ អ្នកនាំពាក្យរូបនោះក៏បានណែនាំដល់បេក្ខជនទាំងអស់ ត្រូវរំលឹកមេរៀន និង ធ្វើលំហាត់គន្លឹះសំខាន់ៗ លំហាត់គំរូ រូបមន្តនានាឡើងវិញឲ្យបានស្ទាត់ ដើម្បីធ្វើកិច្ចការប្រឡងប្រើពេលបានលឿននិងទាន់ពេលវេលា។
ជាមួយគ្នានេះដែរ លោក រស់ សាលីន ក៏បានធ្វើការណែនាំដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡង ដើម្បីរក្សានូវសណ្ដាប់ធ្នាប់របៀបរៀបរយវិន័យក្នុងការប្រឡងឲ្យបានល្អ។
បទប្បញ្ញត្តិ ដែលបេក្ខជនប្រលងត្រូវអនុវត្តរួមមាន ត្រូវមកដល់មណ្ឌលប្រឡងឲ្យបានមុនដំណើរការនៃការប្រឡង។ ត្រូវស្លៀកពាក់ឯកសណ្ឋានសិស្ស ដោយប្រើអាវពណ៌ស និងខោ ឬសំពត់ពណ៌ខៀវ ដាក់ក្នុងខោ ឬសំពត់ឲ្យបានត្រឹមត្រូវ។ ត្រូវយកមកនូវអត្តសញ្ញាណប័ណ្ណ ឬលិខិតសម្គាល់ខ្លួនមានបិទរូបថតថ្មី និងមានចុះហត្ថលេខានាយកសាលាត្រឹមត្រូវច្បាស់លាស់។ ហើយបេក្ខជនស្វ័យរិនវិញ ត្រូវយកមកនូវសលាកបត្រឯកត្តជន ដែលមានចុះហត្ថលេខារបស់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត។
ត្រូវយកចូលក្នុងបន្ទប់ប្រឡងនូវសម្ភារៈប្រើប្រាស់ ដែលក្រសួងអប់រំ យុវជន និងកីឡាអនុញ្ញាតឲ្យប្រើរួមមាន ប៊ិកពណ៌ខៀវ ខ្មៅដៃ បន្ទាត់ ដែកឈាន រ៉ាបព័រទ័រ។
ត្រូវអនុវត្តតាមការណែនាំរបស់គណៈមេប្រយោគ និងអ្នកមានសមត្ថកិច្ចថែរក្សាសណ្ដាប់ធ្នាប់ ក្នុងការដកហូតសំណៅឯកសារ សម្ភារៈផ្សេងៗ ដែលក្រសួងមិនអនុញ្ញាតឲ្យយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡង ត្រូវគោរពតាមការណែនាំរបស់អនុរក្ស ដូចជាអង្គុយចំតាមលេខតុ ដែលអនុរក្សបានបង្ហាញ បំពេញលើក្បាលសន្លឹកកិច្ចការ ដែលអនុរក្សបានចែកឲ្យ ប្រគល់សន្លឹកកិច្ចការជូនអនុរក្សវិញ នៅពេលដល់ម៉ោង ទោះបីកិច្ចការនោះបានធ្វើ ឬពុំបានធ្វើក៏ដោយនិងនិង ត្រូវរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយនៃការប្រឡង និងត្រូវគោរពឲ្យបានត្រឹមត្រូវនូវបទប្បញ្ញត្តិនៃការប្រឡង។
លោករស់ សាលីន បានបន្ថែមថា ចំពោះវិធានការសម្រាប់បេក្ខជនប្រឡងវិញរួមមានក្នុងករណីបេក្ខជនយកសំណៅឯកសារប្រឡង សៀវភៅសរសេរ ទូរស័ព្ទដៃចូលមណ្ឌលប្រឡងឬមានអាកប្បកិរិយាមិនសមរម្យ ឬ បង្កជំលោះនៅក្នុងមណ្ឌលប្រឡង លួចចម្លង ឬ យកសំណៅឯកសារពីអ្នកដទៃយកមកដាក់នៅលើតុរបស់ខ្លួន អើតមើលពេលប្រឡង ប្រើប្រាស់ទូរស័ព្ទដៃ និងឧបករណ៍អេឡេចត្រូនិចគ្រប់ប្រភេទ អង្គុយខុសលេខតុ ឬ រំកិលតុជាប់គ្នាដូរកិច្ចការប្រឡងគ្នានឹងទទួលបានពិន្ទុសូន្យ ឬ ធ្លាក់ជាស្វ័យប្រវត្តិ។
ក្នុងករណីបេក្ខជនប្រឡងដើរចុះដើរឡើងដោយមិនមានការអនុញ្ញាត ហែកក្រដាសកិច្ចការប្រឡងមិនឲ្យមេប្រយោគ ផ្លាស់ប្តូរកន្លែងអង្គុយដោយខ្លួនឯង ឲ្យក្រដាសកិច្ចការរបស់ខ្លួនឲ្យអ្នកដទៃចំលង ឬ សរសេរចំណាំនៅលើក្រដាសកិច្ចការប្រឡង ឬ បង្កជំលោះជាដើមនឹងត្រូវប្រឈមនឹងការធ្លាក់ហើយហាមមិនឲ្យចូលរួមប្រឡង១ឆ្នាំទៀតផង។
លោកបានបញ្ជាក់ថា ធ្ងន់ធ្ងរជាងនេះទៀតក្នុងករណីបេក្ខជនយកអាវុធជាតិ ផ្ទុះចូលមណ្ឌលប្រឡង ឬ ឲ្យអ្នកដទៃប្រឡងជំនួសខ្លួនត្រូវធ្លាក់ដោយស្វ័យប្រវត្តិ និង ហាមមិនឲ្យប្រឡង២ឆ្នាំ។
ចំណែកអ្នកប្រឡងជំនួសគេ ត្រូវប្រឈមនឹងតុលាការក្នុងបទក្លែងឯកសារសាធារណៈ។ ពិន្ទុដែលបេក្ខជនប្រឡងជាប់មានចំនួន២៣៧ពិន្ទុ។ ពិន្ទុចាប់ពី២៣៧ដល់២៨៥ទទួលបាន និទ្ទេសE ពិន្ទុចន្លោះពី២៨៥ដល់៣៣៣ទទួលបាន Dពិន្ទុចន្លោះពី៣៣៣ដល់៣៨០ទទួលបាន Cពិន្ទុចន្លោះពី៣៨០ដល់៤២៧ទទួលបាន Bនិងពិន្ទុចន្លោះពី៤២៧ដល់៥០០ទទួលបាននិទ្ទេសA។
គួររំលឹកថា កាលពីឆ្នាំមុនការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ បានធ្វើឡើង នៅថ្ងៃទី២១-២២ ខែសីហា ដោយមានសិស្សប្រឡង ជាប់ជាង៦ម៉ឺន ៣ពាន់នាក់ ស្មើនឹង ៦៣.៨៤% នៃបេក្ខជនវត្តមានសរុបចំនួន ៩៩,៧២៨នាក់ ហើយក្នុងចំណោមសិស្សប្រឡងជាប់ទាំងនោះ ទទួលនិទ្ទេស A៖ ចំនួន ៤២៤នាក់, និទ្ទេស B៖ ចំនួន ២,៤៦៤នាក់, និទ្ទេស C៖ ចំនួន ៥ ០០០នាក់, និទ្ទេស D៖ ចំនួន ៩,១២៣នាក់ និងនិទ្ទេស E៖ ចំនួន ៤៦,៦៥៧នាក់។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២០និង២១ខែសីហា ឆ្នាំ២០១៨ខាងមុខ ដោយមានបេក្ខជនចូលរួមប្រឡងចំនួន១១៧ ០៦១នាក់កើនឡើងជាងឆ្នាំមុនជិត១៤០០០នាក់ និង មាន១៩៥មណ្ឌលចែកជា៤៧១៦បន្ទប់ នៅតាមរាជធានីខេត្តទូទាំងប្រទេស។
ចំពោះលទ្ធផលនៃការប្រឡងវិញ ក្រសួងនឹងធ្វើការប្រកាសនៅតាមមណ្ឌលប្រឡងនីមួយៗនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ សម្រាប់មណ្ឌលប្រឡងរាជធានីភ្នំពេញ និង ខេត្តកណ្តាលនិងនៅថ្ងៃទី១២កញ្ញា ឆ្នាំ២០១៨ នៅតាមមណ្ឌលផ្សេងៗទៀត៕
Source: Kampuchea Thmey Daily
0 Comments