ភ្នំពេញ ៖ ក្រសួងសុខាភិបាលគ្រោងនឹងបណ្តុះបណ្តាលគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែមឲ្យបានជាង១ពាន់នាក់ នៅទូទាំងប្រទេស ខណៈបច្ចុប្បន្ននៅកម្ពុជាទើប តែមានគ្រូពេទ្យដែលមានឯកទេសជំងឺនេះត្រឹមតែ៣០នាក់ប៉ុណ្ណោះ។
លោកសាស្ត្រាចារ្យធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រសួងសុខាភិបាលបានសហការជាមួយក្រុមហ៊ុនសានណូហ្វីកម្ពុជាគ្រោង បណ្តុះបណ្តាលក្រុមគ្រូពេទ្យជាង១២០០នាក់ ឲ្យមានឯកទេសកាន់តែច្បាស់លាស់លើ ជំនាញជំងឺទឹកនោមផ្អែមដើម្បីឆ្លើយតបទៅនឹងការកើនឡើ ងនៃជំងឺនេះនៅក្នុងប្រទេសកម្ពុជា។
ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលពិសេស ដល់ក្រុមគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែកកាលពីចុងសប្តាហ៍នេះ លោកសាស្ត្រាចារ្យបានបន្តថា ការបណ្តុះបណ្តាលជំនាញឯកទេសទឹកនោមផ្អែមដល់ក្រុមគ្រូពេទ្យនៅទូទាំងប្រទេសនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ ពិសេសសម្រួលការលំបាកដល់អ្នកកើតជំងឺទឹកនោមផ្អែមដោយពុំចាំបាច់រត់មករកសេវាព្យាបាល ឬ ថែទាំសុខភាពនៅរាជធានីភ្នំពេញទៀតឡើយ។
ចំណែកប្រធានសមាគមទឹកនោមផ្អែមបានឲ្យដឹងថា គម្រោងបណ្តុះបណ្តាក្រុមគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែមនៅទូទាំងប្រទេសនេះ ក្រោមជំនួយរបស់មូលនិធិអាល្លឺម៉ង់ ក្នុងទំហំទឹកប្រាក់ជាង១លានដុល្លា។
លោកបានបញ្ជាក់ថា គម្រោងរយៈពេល៣ឆ្នាំនេះនឹងធ្វើ ឲ្យប្រសើរឡើងនៃសមត្ថភាពក្រុមគ្រូពេទ្យអាចការពារអ្នកជំងឺទឹកនោមផ្អែមជាង២៥ម៉ឺននាក់ នៅទូទាំងប្រទេស រួមទាំងអាចស្វែងរកអ្នកកើតជំទឹកនោមផ្អែមថ្មីប្រមាណ៣ម៉ឺននាក់ ជារៀលរាល់ឆ្នាំ។
បើតាមអ្នកជំនាញបានឲ្យដឹងថា ការកើនឡើងនៃអ្នកកើតជំងឺទឹកនោមផ្អែមអាចប្រឈមមុខទៅកើតជំងឺផ្សេងៗទៀត ដូចជាជំងឺលើសឈាម និងការងងឹតភ្នែក ដោយកំពុងមានអត្រាខ្ពស់។ មូលហេតុចម្បងដែលនាំឲ្យមានការកើនឡើងនៃអត្រាកើតជំងឺទឹកនោមផ្អែមដោយសារ ប្រជាពលរដ្ឋមិនទាន់យល់ពីសារៈសំខាន់នៃការត្រួតពិនិត្យសុខភាពឲ្យបានទៀតទាត់មុន ពេលកើតជំងឺ និងកំពុងកើតមានជម្ងឺ។ បន្ថែមពីនេះទៀត របបអាហារបច្ចុប្បន្នក៏សំបូរទៅដោយសារធាតុគីមីច្រើនដែលធ្វើឲ្យអ្នកបរិភោគប្រឈមនៃការកើតជំងឺ រួមទាំងការបរិភោគអាហារដែលមាន ជាតិខ្លាញ់ ជាតិប្រៃ និងពុំបានហាត់ប្រាណក៏ងាយកើតជម្ងឺទឹកនោមផ្អែមនេះផងដែរ។
យោងតាមការប៉ាន់ស្មាននៅកម្ពុជា មានប្រជាពលរដ្ឋចាប់ពីអាយុ៤៥ឆ្នាំឡើងទៅ បានកើតមានជំងឺទឹកនោមផ្អែមខ្ពស់ រហូតដល់ជាង១២ភាគរយនៃចំនួនប្រជាពលរដ្ឋសរុប ក្នុងចំណោមនេះមានតែជាង២៣ភាគរយប៉ុណ្ណោះ ដែលទទួលបានសេវាព្យាបាលត្រឹមត្រូវ៕
Source: Kampuchea Thmey Daily
0 Comments