ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា កម្ពុជាជាប្រទេសមានសក្តានុពលខ្ពស់ក្នុងការចាប់យកនូវប្រយោជន៍ដែលកើតចេញពីបដិវត្តន៍ឧស្សាហកម្មទី ៤ ដោយមូលហេតុសំខាន់ចំនួន ៤។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះទៅកាន់អ្នកចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានលើកទី២៧ ដែលបានលើកយកប្រធានបទដ៏សំខាន់មួយគឺ“សគ្រិនភាព និង បដិវត្តន៍ឧស្សាហកម្មលើកទី ៤ សំរាប់អាស៊ានទាំងមូល” ដែលបានប្រារព្ធបើកនាព្រឹកថ្ងៃទី ១២ ខែកញ្ញានេះនៅទីក្រុង ហាណូយ ប្រទេសវៀតណាម។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ជាមួយនឹងការគិតដោយសង្ឃឹមថា បដិវត្តន៍ឧស្សាហកម្ម ៤.០ នឹងនាំមកនូវការអភិវឌ្ឍជាវិជ្ជាមានសម្រាប់ប្រជាជាតិទាំងមូល។ បដិវត្តន៍នេះក៏នាំមកនូវការប្រឈមជាច្រើនដូចជាការបាត់បង់ការងារការទាមទារឲ្យមនុស្សមានចំណេះដឹងអប់រំខ្ពស់ ការទទួលបានផលប្រយោជន៍កាន់តែមិនស្មើគ្នាដោយសារតែភាពមិនស្មើគ្នានៃឱកាសទទួលបាននូវចំណេះដឹង និង បច្ចេកវិទ្យា។ ឧក្រិដ្ឋកម្ម និង បទល្មើសពាក់ព័ន្ធបច្ចេកវិជ្ជាព័ត៌មានអាចបង្កឲ្យមានផលប៉ះពាល់ដល់សន្តិសុខជាតិនិងសន្តិសុខតំបន់ទាំងមូល។ កង្វះខាតនូវក្របខ័ណ្ឌគតិយុត្តិនិង បទបញ្ញត្តិការសម្រាប់គ្រប់គ្រងលើសុវត្ថិភាពទិន្នន័យនិងសិទ្ធិឯកជននៃទិន្នន័យនិងសន្តិសុខតាមប្រព័ន្ធ internet ។ល។
ទោះបីថា បដិវត្តន៍ឧស្សាហកម្មទី៤បានផ្តល់នូវបញ្ហាកង្វល់និងប្រឈមជាច្រើនក៏ដោយតែសម្តេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជាជាប្រទេសមានសក្តានុពលខ្ពស់ក្នុងការចាប់យកនូវប្រយោជន៍ដែលកើតចេញពីបដិវត្តន៍ឧស្សាហកម្មទី ៤ ដោយមូលហេតុដូចតទៅ៖១.ភាគលាភប្រជាសាស្ត្រដោយសារការកើនឡើងនូវចំនួនយុវជនមានចំណេះដឹងនិងជំនាញ និង និន្នាការចាប់យកបច្ចេកវិទ្យាឌីជីថល។ ២.ការកើនឡើងនៃការប្រើប្រាស់ទូរស័ព្ទចល័តនិងទូរស័ព្ទវៃឆ្លាតជាមួយនឹងអត្រាប្រើប្រាស់ទូរស័ព្ទដៃខ្ពស់។ ៣.លំហូរនៃការវិនិយោគក្រៅប្រទេសដែលនាំមកនូវបច្ចេកវិទ្យា និង៤.ឌីជីថលរូបនីយកម្មបានកំពុងរីកចម្រើនស្ទើរគ្រប់វិស័យសេដ្ឋកិច្ចសំខាន់ៗ។
ម្យ៉ាងទៀតក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនិងពាណិជ្ជកម្មអេឡិចត្រូនិកស្របពេលដែលអតិថិជនកំពុងសម្របខ្លួនជាបណ្តើរៗក្នុងការប្រើប្រាស់បច្ចេកវិទ្យានានា។
ក្នុងន័យនេះ រាជរដ្ឋាភិបាលបានកំពុងរៀបចំនិងកែសម្រួលគោលនយោបាយឲ្យស្របទៅនិន្នាការនេះក្នុងចាប់យកឱកាសជំរុញការរីកចម្រើននៃទីផ្សារធុរកិច្ចបច្ចេកវិទ្យា គ្រប់គ្រងបរិស្ថានធុរកិច្ច ក៏ដូចកាត់បន្ថយនូវហានិភ័យដែលអាចកើតឡើងជាយថាហេតុ ដោយបច្ចេកវិទ្យាទំនើប ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ច ឌីជីថល និងការឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី ៤ បានក្លាយទៅជាអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិថ្មីនេះ ដោយផ្ដោតសំខាន់ទៅលើការពង្រឹងនិងពង្រីកមូលដ្ឋានសេដ្ឋកិច្ចឌីជីថល ព្រមទាំងផ្នែកទន់និងផ្នែករឹង។ ការរៀបចំអភិវឌ្ឍន៍ធនធានមនុស្ស និង ជំនាញ ស្របតាមបរិបថថ្មី ការបង្កើតក្របខ័ណ្ឌគតិយុត្តិ និង បទបញ្ញត្ដិគាំទ្រដែលពាក់ព័ន្ធ និង លើកកំពស់ការស្រាវជ្រាវ និង នវានុវត្តន៍។ កម្ពុជាកំពុងយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សហគ្រិនភាព និង អភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យម នៅក្នុងការបង្កើតការងារសមរម្យថ្មី និង តម្រង់ទិសថ្មី ជាពិសេសលើ ១.កម្មវិធី ពង្រឹងសមត្ថភាព ដែលផ្តោតលើការបណ្តុះបណ្តាលបំណិនសហគ្រិនភាព និង ជំនាញគ្រប់គ្រងអាជីវកម្ម រួមទាំងការបណ្តុះបណ្តាលនិងឥរិយាបថសហគ្រិនភាពតាមរយៈវេទិកាឌីជីថល និង ទី២.កម្មវិធីគាំទ្រ ធុរកិច្ច ដោយផ្តោតលើការប្រឹក្សា និង បច្ចេកវិទ្យាព័ត៌មាន រួមមានការរៀបចំមជ្ឈមណ្ឌលស្រាវជ្រាវ និង អភិវឌ្ឍន៍។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ចរន្តនៃការរីកចម្រើនវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដែលហៅថាបដិវត្តន៍ឧស្សាហកម្មទី៤ បានក្លាយទៅគន្លឹះមួយកំណត់នូវនិន្នាការវិវត្តន៍នៃសេដ្ឋកិច្ចសង្គមក្នុងគ្រប់ទិដ្ឋភាពជាមួយការបង្កើតឡើងទាំងកាលានុភាពនិងបញ្ហាប្រឈមសម្រាប់សកលលោកទាំងមូល។
ជាការពិតបដិវត្តន៍ឧស្សាហកម្មទី ៤ កំពុងបង្ហាញពីការរីកចម្រើននៃបច្ចេកវិទ្យានៅក្នុងពិភពលោកដែលជះឥទ្ធិពលយ៉ាងខ្លាំងលើការកំណត់ឡើងវិញអំពីកត្តាផលិតកម្មទំនាក់ទំនងផលិតកម្ម ឥរិយាបថ ការប្រើប្រាស់និងរចនាសម្ព័ន្ធសេដ្ឋកិច្ចដូចជាការប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិមិត្ត ការប្រើប្រាស់មនុស្សយន្តក្នុងចង្វាក់ផលិតកម្ម និង សេវាចែកចាយការបោះពុម្ព និង ការប្រើប្រាស់បច្ចេកវិជ្ជាជីវវិទ្យា ។ល។ ដែលបច្ចេកវិទ្យាទាំងអស់នេះបានធ្វើឲ្យមានការផ្លាស់ប្ដូរយ៉ាងលឿននៅក្នុងល្បឿនមួយដែលមិនធ្លាប់មាននៅក្នុងវិស័យផលិតកម្ម អប់រំ សុខាភិបាល ទីផ្សារការងារ ពាណិជ្ជកម្ម ធុរកិច្ច រដ្ឋបាលសាធារណៈ និង បច្ចេកវិទ្យា ។ល។
ក្នុងពេលបច្ចុប្បន្ននេះ digital រូបនីយកម្មបានក្លាយទៅជាទឡ្ហីករណ៍កំណើនថ្មីមួយតាមរយៈការបង្កើនផលិតភាពនិងប្រសិទ្ធភាពការងារ និងអនុញ្ញាតឲ្យសហគ្រាសធុនតូចនិងមធ្យមមានលទ្ធភាពផ្សាភ្ជាប់ទៅនឹងចង្វាក់ផលិតកម្មតំបន់និងពិភពលោក និង ស្វែងរកនវានុវត្តន៍នៅក្នុងទំនិញនិងសេវាថ្មីៗនិងអនុញ្ញាតឲ្យប្រទេសអភិវឌ្ឍតិចតួច ឬ មានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍អាចចាប់យកនូវបច្ចេកវិជ្ជាថ្មីៗមានឱកាសអាចហក់ឡើងរំលងឧស្សាហកម្មបែបប្រពៃណី ចូលក្នុងឧស្សាហកម្មបែបទំនើប។
ជាមួយនឹងការរំពឹងថា បដិវត្តន៍ឧស្សាហ៍កម្ម ៤.០ នឹងនាំមកនូវការអភិវឌ្ឍជាវិជ្ជាមានសម្រាប់ ប្រជាជាតិទាំងមូល បដិវត្តន៍នេះក៏នាំមកនូវការប្រឈមជាច្រើនដូចជាការបាត់បង់ការងារការទាមទារឲ្យមនុស្សមានចំណេះដឹងអប់រំខ្ពស់ ការទទួលបានផលប្រយោជន៍កាន់តែមិនស្មើគ្នាដោយសារតែភាពមិនស្មើគ្នានៃឱកាសទទួលបាននូវចំណេះដឹង និង បច្ចេកវិទ្យា ,ឧក្រិដ្ឋកម្ម និង បទល្មើសពាក់ព័ន្ធបច្ចេកវិជ្ជាព័ត៌មាន អាចបង្កឲ្យមានផលប៉ះពាល់ដល់សន្តិសុខជាតិ និងសន្តិសុខតំបន់ទាំងមូល។ កង្វះខាតនូវក្របខ័ណ្ឌគតិយុត្តិ និង បទបញ្ញត្តិការសម្រាប់គ្រប់គ្រងលើសុវត្ថិភាពទិន្នន័យនិងសិទ្ធិឯកជននៃទិន្នន័យ និង សន្តិសុខតាមប្រព័ន្ធ internet ។ល។
ក្នុងស្មារតីនេះ ដើម្បីចាប់យកនូវការអភិវឌ្ឍជាវិជ្ជមាននិងកាត់បន្ថយកង្វល់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាយល់ថា អាស៊ានគួរតែអនុវត្តនូវវិធានការមួយចំនួនដើម្បីឈានទៅបង្កើតនូវចក្ខុវិស័យអាស៊ានមួយរួមមានឧស្សាហកម្ម ៤ .០ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងបរិយាប័ន្នដោយផ្អែកលើគំនិតផ្ដួចផ្ដើមរបស់អាស៊ានដែលមានស្រាប់ព្រមទាំងបញ្ចូលកម្មវិធីអភិវឌ្ឍន៍សំខាន់ៗ លើផ្នែកបច្ចេកវិទ្យា ការអភិវឌ្ឍធនធានមនុស្ស ក្របខ័ណ្ឌគតិយុត្តិ ហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់និងរឹង របស់ព័ត៌មាននិង កម្មវិធីកែទម្រង់របស់អាស៊ាននិងប្រទេសជាសមាជិកមួយចំនួនផងដែរ។ រៀបចំកម្មវិធីរួមពង្រឹងសមត្ថភាពមនុស្សតាមរយៈការលើកកម្ពស់គុណភាពនៃការអប់រំការបណ្ដុះបណ្ដាលជំនាញការដោះស្រាយបញ្ហាបាត់បង់ការងារការរៀបចំប្រពន្ធគាំពារសង្គម និង ការដោះស្រាយបញ្ហាវិសមភាពសេដ្ឋកិច្ចនិងសង្គម។ លើកកម្ពស់ការរៀបចំជាប្រព័ន្ធអេកូឡូស៊ីដែលគាំទ្រការស្រាវជ្រាវនិងនវានុវត្តន៍ក្នុងតំបន់ពង្រឹងសមត្ថភាពសហគ្រិនភាពក្នុងការរៀបចំម៉ូដែលធុរកិច្ច បង្កើតការងារថ្មីនិងតម្រង់ទិសថ្មី របស់សេដ្ឋកិច្ចនាពេលអនាគត ។ បន្តកែលំអហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកទន់និងផ្នែករឹងជាពិសេសបង្កើនការតភ្ជាប់ដែលមានស្រាប់ក៏ដូចជាការបន្តធ្វើសមាហរណកម្មទាំងក្នុងតំបន់និងអន្តរតំបន់ ដើម្បីបន្តកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ប្រជាជាតិអាស៊ានដើម្បីទាញយកប្រយោជន៍ពីស្ថានភាពកំណើនថ្មីនៅក្នុងពិភពលោកនេះ។
ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំកំពូលនៃវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានលើកទី២៧លោកសាស្ត្រាចារ្យក្លោស៍ស្វាប់ (Klaus Schwab) ស្ថាបនិកនិងជានាយកប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក បានចាត់ទុករួមគ្នាថា ការសហការគ្នារវាងវិស័យឯកជននិងរដ្ឋាភិបាលគឺជារឿងចាំបាច់ដើម្បីធ្វើឲ្យមានការរីកចម្រើននិងដើម្បីធ្វើឲ្យបានជោគជ័យបន្តទៀតនោះ យើងត្រូវការរដ្ឋាភិបាលដែលអាចផ្តល់នូវលក្ខខណ្ឌចាំបាច់ក្នុងការលើកកំពស់សហគ្រាសធនតូចនិងមធ្យមហើយក៏ជាផ្នែកមួយផ្តល់ឱកាសការងារ។
លោកស្វាគមន៍ចំពោះភ្ញៀវទាំងអស់ដែលបានចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ បង្ហាញជាទស្សនទានមួយចំនួនដើម្បីអាស៊ានដូចជាទី១.បង្កើតនូវបរិបទថ្មីមួយអំពីការផលិតនូវបច្ចេកវិទ្យាឧស្ម័នជាដើម។ ទី២.ជំរុញកំណើនបរិយាប័ន្នដើម្បីបង្កើតការតភ្ជាប់និងចែករំលែកគំនិតថ្មីៗអំពីតម្លៃ។ ទី៣ត្រូវពង្រីកធុរកិច្ចនិងសហគ្រាសនតូចនិងមធ្យមដើម្បីជាវិស័យជាតិដ៏សំខាន់របស់អាស៊ាននិងទី៤ការរីកចម្រើនទៅលើបច្ចេកវិទ្យាក៏ជាហានិភ័យមួយដែរនៅពេលដែលមានការរីកចំរើនខ្លាំងក៏បាត់បង់ឱកាសការងារដោយប្រើឧបករណ៍ជំនួយមនុស្ស៕
Source: Kampuchea Thmey Daily
0 Comments