ភ្នំពេញ ៖ តារាសម្តែងចាស់វស្សាកូន៣នៅតែរក្សាបានប្រជាប្រិយភាពអ្នកនាង ស៊ិន ឧត្តមផល្លា បានបង្ហាញពីអារម្មណ៍មិនសប្បាយនិងហាក់មានអារម្មណ៍អន់ចិត្តចំពោះខ្លួនឯងខ្លាំង ក្រោយពេលអំពើល្អរបស់នាងមិនត្រូវបានការឲ្យតម្លៃពីសំណាក់តារាសិល្បៈរៀមច្បងអ្នកនាង ឌៀប ស្រីរ័ត្ន ជុំវិញការទម្លាយពីប្រវត្តិខ្លះៗរបស់អ្នកនាង ឌៀប ស្រីរ័ត្ន។
អ្នកនាង ស៊ិន ឧត្តមផល្លា បាននិយាយថា សារនេះនាងខ្ញុំសូមផ្ញើជូនទៅអ្នកបងឌៀប ស្រីរ័ត្ន មុនដំបូងខ្ញុំមិនចង់និយាយទេ ប៉ុន្តែក្រោយមកខ្ញុំគិតថាបើខ្ញុំមិននិយាយវាអាចធ្វើឲ្យអ្នកផងគេយល់ច្រឡំមកលើខ្ញុំ តាមរយៈសារដ៏វែងអន្លាយរបស់អ្នកបងតាំងពីដើមឡើយអ្នកបងគឺជា idolរបស់ខ្ញុំហើយខ្ញុំគឺជាមនុស្សម្នាក់ដែលតែងតែឈឺឆ្អាលដល់សិល្បករសិល្បការិនីខ្មែរ ជាពិសេសគឺតារាជើងចាស់។
តារាជើងចាស់អ្នកនាង ស៊ិន ឧត្តមផល្លា បន្តថាកន្លងមកនេះមានគេប្រាប់ខ្ញុំថាអ្នកបងកំពុងតែរស់នៅក្នុងស្ថានភាពលំបាក ថែមទាំងមានជំងឺបេះដូងនិងជំងឺសន្លាក់ឆ្អឹងថែមទាំងការងារសិល្បៈត្រូវស្ងប់ស្ងាត់ទៀត ហើយគេថែមទាំងផ្តាំខ្ញុំទៀតថា បើទំនេរអោយខ្ញុំទៅមើលនិងសួរសុខទុក្ខអ្នកបងផង បន្ទាប់ពីនោះ ខ្ញុំតែងតាមដានការផុសរបស់អ្នកបងគឺអ្នកបងតែងតែផុសរៀបរាប់ពីបញ្ហាជីវិតដូច្នេះធ្វើឲ្យខ្ញុំយល់ថាប្រហែលជាអ្វីៗគ្រប់យ៉ាងពិតប្រាកដដូចជាគេនិយាយមែនហើយ។
តារាសម្តែងនិងចម្រៀងអ្នកនាង ស៊ិន ឧត្តមផល្លា រៀបរាប់ទៀតថា ខ្ញុំក៏បានទូរស័ព្ទទៅអ្នកបងជាច្រើនដង តាមរយៈលេខទូរស័ព្ទអ្នកបងប្រព័ន្ធ០១៦ ប៉ុន្តែអ្នកបងអត់ទទួលហើយខ្ញុំឆាតទៅក៏អ្នកបងអត់ចូលមើល ខ្ញុំថែមទាំងខលទៅលេខ០១២អ្នកបងទៀតប៉ុន្តែអ្នកបងនៅតែមិនទទួល។ កន្លងមកខ្ញុំបានផុសរូបអ្នកបងហើយខ្ញុំបាននិយាយពីសមត្ថភាពរបស់អ្នកបងថា ខ្ញុំស្តាយណាស់ហេតុអីមនុស្សដែលមានសមត្ថភាពដូចជាអ្នកបងម៉េចបានជាគេមើលរំលងអ្នកបងអាចច្រៀងក៏បានសម្តែងក៏បាន នេះគឺជាអារម្មណ៍ខ្ញុំដែលទទួលស្គាល់ពីសមត្ថភាពរបស់អ្នកបង។
អ្នកនាង ស៊ិន ឧត្តមផល្លា លើកឡើងទៀតថា ប៉ុន្តែខ្ញុំពិតជាសោកស្ដាយណាស់ ដែលបំណងល្អរបស់ខ្ញុំធ្វើឲ្យអ្នកបងគិតមកលើខ្ញុំ ក្នុងផ្លូវអវិជ្ជមាន ។ចំណែកឯព័ត៌មានដែលខ្ញុំសរសេររៀបរាប់ពីជីវិតរបស់អ្នកបងខ្ញុំក៏មិនទាន់បានចុះផ្សាយអោយអ្នកណាបានឃើញដែរហើយខ្ញុំក៏បាននិយាយជាមួយបងស្រី ឌៀប បុទុម ត្រូវជាបងស្រីបង្កើតរបស់អ្នកបងនិងសួរគាត់ថាតើព័ត៌មានដែលគេនិយាយទាំងអស់ហ្នឹងជាការពិតដែរឬទេ ? បង បុទុម ប្រាប់ខ្ញុំថារឿងហ្នឹងអត់ពិតដូចគេនិយាយទេអូន។
ខ្ញុំក៏បានសូមទោសគាត់រួចហើយដែរថាបើរឿងហ្នឹងអត់ពិតដូចគេនិយាយគឺខ្ញុំត្រេកអរណាស់ ហើយខ្ញុំក៏សូមទោសជំនួសអ្នកដែលប្រាប់ខ្ញុំផង !ក្រោយមកខ្ញុំគិតថារឿងហ្នឹងវាចប់ហើយ ប៉ុន្តែអ្នកបង ឌៀប ស្រីរ័ត្ន អត់បញ្ចប់ទេ អ្នកបងបានផុសរៀបរាប់យ៉ាងវែងអន្លាយហើយខ្ញុំចង់ប្រាប់អ្នកបងថាខ្ញុំunfriendអ្នកបង ហើយបិទឆាតចោលព្រោះខ្ញុំយល់ថាប្រហែលជាខ្ញុំមិនដល់អ្នកបងហើយទើបបានជាខ្ញុំខលទៅមិនលើកឆាតទៅក៏មិនចូលមើលដូច្នេះហើយបានជាខ្ញុំធ្វើអញ្ចឹងហើយម្យ៉ាងទៀតខ្ញុំបានទទួលព័ត៌មានច្បាស់ពីអ្នកបង ឌៀប បុទុមរួចហើយ។ អ្នកនាង ស៊ិន ឧត្តមផល្លា ថ្លែងបន្ត។
តារាចម្រៀងអ្នកនាង ស៊ិន ឧត្តមផល្លា រឿងមួយទៀតពេលខ្លះខ្ញុំមិនបានរស់នៅជាមួយជីវិតរបស់អ្នកបងទេខ្ញុំឃើញការបង្ហោះរៀបរាប់របស់អ្នកបងរួមទាំងគេប្រាប់ខ្លះៗទៀតវាធ្វើឲ្យខ្ញុំមានអារម្មណ៍ក្តុកក្តួលកើតមានការអាណិតអាសូរក្នុងនាមជាអ្នកសិល្បៈដូចគ្នា។ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនដែលមានគំនិតមិនល្អឬវាយប្រហារទៅលើអ្នកបងក្នុងផ្លូវអាក្រក់ណាមួយឡើយ បើមិនមានគេប្រាប់ខ្ញុំ ខ្ញុំក៏អត់មានរឿងអីដែលត្រូវខ្វល់ខ្វាយដែរព្រោះខ្ញុំមិនដែលបានទទួលផលប្រយោជន៍អីពីការចុះផ្សាយហ្នឹងសូម្បីមួយរយលុយខ្មែរ ចំណែករឿងអ្នកបងកែសម្ផស្ស ឬ មិនកែ ដូចជាអត់មានអ្នកណាសួរអ្នកបងទេ ដូច្នេះខ្ញុំសូមបញ្ចប់តែត្រឹមហ្នឹងចុះ៕
Source: Kampuchea Thmey Daily
0 Comments