ភ្នំពេញ​ ៖ ការស្ទង់មតិ​របស់​វិទ្យុ​អាស៊ីសេរី ដែលមាន​រយៈពេល​៧​ថ្ងៃ ត្រូវបាន​បិទ​បញ្ចប់​ទាំងស្រុង​ហើយ នៅវេលា​ម​ម៉ោង​២៣ និង​៤៥ នាទី​យប់​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ ហើយ​លទ្ធផល​បានបង្ហាញ​យ៉ាង​ច្បាស់​ក្រឡែត​ថា ប្រជាពលរដ្ឋ​ខ្មែរ​រហូត​ទៅដល់​៩១ ភាគរយ បាន​បោះឆ្នោត​គាំទ្រ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​មានមតិ​៩ ភាគរយ​ប៉ុណ្ណោះ ដែល​មិន​គាំទ្រ​។

បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​អាសនៈ​ទាំងអស់​នៅក្នុង​រដ្ឋសភា និង​ដឹកនាំ​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ថ្មី​នោះ វិទ្យុ​អាស៊ីសេរី (RFA) បានរៀបចំ​ការស្ទង់មតិ​មួយ នៅលើ​ទំព័រ Facebook ផ្លូវការ​របស់ខ្លួន រយៈពេល​១​សប្តាហ៍ ដើម្បី​ចង់ដឹង​អំពី​ចំណាប់អារម្មណ៍​របស់​ប្រជាជន​ខ្មែរ​ទៅលើ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ ការស្ទង់មតិ​របស់​វិទ្យុ​អាស៊ីសេរី ដែលជា​វិទ្យុ​ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ពី​សហរដ្ឋអាមេរិក​នេះ បាន​បញ្ចប់​នៅវេលា​ម៉ោង​២៣ និង​៤៥​នាទី​យប់ ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ ដោយមាន​អ្នកចូលរួម​បោះឆ្នោត​ចំនួន​ជាង​៨​ម៉ឺន​៧​ពាន់​នាក់ (87.2K) ក្នុងនោះ អ្នក​ដែល​បាន​បោះឆ្នោត​គាំទ្រ មាន​ចំនួន 79K ទទួលស្គាល់​ស្មើនឹង​៩១​ភាគរយ និង​អ្នក​ដែល​មិនបាន​បោះឆ្នោត​គាំទ្រ មាន​ត្រឹមតែ 8K ស្មើនឹង​៩​ភាគរយ​ប៉ុណ្ណោះ​។ ដូច្នេះ​តាមរយៈ​ការស្ទង់មតិ​រយៈពេល​៧​ថ្ងៃនេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រជាពលរដ្ឋ​ភាគច្រើន​លើសលប់​បាន​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​ថ្មី ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។

ទោះជា​យ៉ាង មជ្ឈដ្ឋាន​ជាច្រើន​បាន​លើកឡើងថា ការរៀបចំ​ការស្ទង់មតិ​របស់​វិទ្យុ​អាស៊ីសេរី​នាពេលនេះ គ្រាន់តែ​ជាការ​ចង់​ផ្ចាញ់ផ្ចាល​មក​លើ​រាជរដ្ឋាភិបាល​ស្របច្បាប់​របស់​កម្ពុជា​តែប៉ុណ្ណោះ ហើយ​ទោះជា​គ្មាន​លទ្ធផល​ការស្ទង់មតិ​នេះ ក៏​រាជរដ្ឋាភិបាល​ថ្មី ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​ស្វាគមន៍ និង​ទទួលស្គាល់​រួចទៅហើយ ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំងប្រទេស និង​សហគមន៍​អន្តរជាតិ ជាពិសេស​បណ្តា​ប្រទេស​សំខាន់​ធំៗ​ដូចជា ចិន រុស្ស៊ី ជប៉ុន អាល្លឺម៉ង់ កូរ៉េ អាស៊ាន បណ្តា​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់ និង​អឺរ៉ុប​៕

Source: Kampuchea Thmey Daily